១. អ្វីទៅជាអាវុធប្រល័យលោក
ពាក្យអាវុធប្រល័យលោក ត្រូវប្រើប្រាស់ដំបូងគេនៅក្នុងឆ្នាំ ១៩៣៧ និងគ្រាន់តែសំដៅការទម្លាក់គ្រាប់បែកតាមយន្តហោះ ដែលមានផ្ទុកសារធាតុគីមីតែប៉ុណ្ណោះ ដោយសារតែពេលនោះពុំមានប្រទេសណាអាចផលិតអាវុធនុយក្លេអ៊ែ នៅឡើយ។ ប៉ុន្តែ និយមន័យនៃពាក្យ អាវុធប្រល័យលោក ត្រូវបានកែប្រែបន្ទាប់ពីមានការទម្លាក់គ្រាប់បែកនុយក្លេអ៊ែនៅទីក្រុង ហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគិ ប្រទេសជប៉ុន ដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៤៥ កំឡុងសម័យសង្គ្រាមលោកលើកទី២។ ក្នុងឆ្នាំ ១៩៤៨ អង្គការសហប្រជាជាតិបានឲ្យនិយមន័យ អាវុធប្រល័យលោក (WMD) ជាប្រភេទអាវុធនុយក្លេអ៊ែរ វិទ្យុសកម្ម គីមី ជីវសាស្រ្ត ឬអាវុធណាដែលត្រូវបានអភិវឌ្ឍនាពេលអនាគតដែលមានលក្ខណៈនិងឥទ្ធិពលក្នុងការបំផ្លិចបំផ្លាញស្រដៀងគ្នាទៅនឹង គ្រាប់ បែកបរិមាណូឬប្រភេទអាវុធប្រល័យលោកផ្សេងៗទៀតដែលបានរៀបរាប់ខាងលើ។
២. ប្រភេទអាវុធប្រល័យលោក
អាវុធប្រល័យលោកត្រូវបានគេបែងចែកជាបីប្រភេទធំៗ រួមមាន អាវុធជីវសាស្រ្ត អាវុធគីមី និងអាវុធនុយក្លេអ៊ែ។