ព័ត៌មាន

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម ក្នុងកិច្ចប្រជុំទ្វេភាគីរវាង គណៈប្រតិភូយោធាជាន់ខ្ពស់មេបញ្ជាការទ័ពជំនាញគីមី​នៃ​បញ្ជាការដ្ឋានគីមីសាស្រ្តកងទ័ពប្រជាជនវៀតណាម​ ទស្សនកិច្ចផ្លូវការ​នៅកម្ពុជា

នៅព្រឹកថ្ងៃអង្គារ ៨រោច ខែ ជេស្ធ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនិងថ្ងៃទី ២៥ខែ មិថុនា ឆ្នាំ២០១៩ នៅអាគារប្រជុំរបស់ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានរៀបចំប្រជុំទ្វេភាគី ជាមួយ គណៈប្រតិភូយោធាជាន់ខ្ពស់មេបញ្ជាការទ័ពជំនាញគីមី​នៃ​បញ្ជាការដ្ឋានគីមីសាស្រ្តកងទ័ពប្រជាជនវៀតណាម​​ បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ​​និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា​រយះពេល៥ថ្ងៃ​គឺចាប់ពីថ្ងៃទី​២៤​ដល់ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៩។

ក្នុងជំនួបពិភាក្សាការងារ​​ ផ្លាស់ប្តូរបទពិសោធន៍លើមុខជំនាញគីមីសាស្ត្រជាមួយប្រតិភូវៀតណាម ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានចាត់ទុកដំណើទស្សនកិច្ចរបស់​គណៈប្រតិភូនៅកម្ពុជាលើកនេះ​នឹងនាំមកនូវការពង្រឹកពង្រីកចំណងទាក់ទងសាមគ្គីភាព​ មិត្តភាព​កិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរកម្ពុជា​និងវៀតណាម​ ឲ្យកាន់តែមានភាពជិតស្និតថែមទៀត។​ លោក ឧត្តមសេនីយ៍ត្រី ហា វ៉ាន់គឺ (HA VAN CU) មេបញ្ជាការ បញ្ជាការដ្ឋានគីមីសាស្ត្រ នៃកងទ័ពប្រជាជនវៀតណាម បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម ​ដែលបានទទួលស្វាគមន៍យ៉ាងរាក់​ទាក់កក់ក្តៅបំផុត​ចំពោះគណៈប្រតិភូបញ្ជាការដ្ឋានគីមីសាស្ត្រ នៃកងទ័ពប្រជាជនវៀតណាម​របស់លោក​ មកកាន់កម្ពុជាលើនេះ។លោក ឧត្តមសេនីយ៍ត្រី ហា វ៉ាន់គឺ​​ ក៏បានបញ្ជាក់ថាៈ​ នៅអំឡុងខែ ១០ ឬ​ខែ​១១​ខាងមុខនេះ កងទ័ពប្រទេសយើងទាំងពីរ នឹងធ្វើលំហាត់រួមគ្នាមួយ​ លើការងារសង្រ្គោះ​គ្រោះមហន្តរាយ នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ វៀតណាម​និងកម្ពុជា​ក្នុងភូមិសាស្ត្រខេត្ត ឡុងអាង របស់ប្រទេសវៀតណាម ដែលជាប់និងខេត្តស្វាយរៀងប្រទេសកម្ពុជា​​ ដែលក្នុងសមយុទ្ធនោះ​ នឹងមានកំលាំងទ័ពជំនាញគីមីសាស្ត្រ​ អាវុធនុយក្លេរអ៊ែរ​ និងវិទ្យុសកម្ម កងទ័ពទាំងពីរចូលរួមក្នុងសកម្មភាពនេះផងដែរ។

អនុវត្តតាមពិធីសារ កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិ ប្រទេសទាំងពីរ កម្ពុជា-វៀតណាម។​ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម កម្ពុជា និងបញ្ជាការដ្ឋានគីមីសាស្ត្រ នៃកងទ័ពប្រជាជនវៀតណាម បានបង្កើតនូវទំនាក់ទំនងផ្លាស់ប្តូរបទពិសោធន៍ជំនាញគីមី និងផ្លាស់ប្តូរទស្សនកិច្ចជាផ្លូវការទៅវិញ ទៅមកលើជំនាញគីមី។​​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ បណ្ឌិត​ ផន​ នារ៉ា​ បានស្នើឲ្យភាគីវៀតណាម បន្តជួយដល់ទ័ពជំនាញការពារគីមីសាស្ត្រ​ កម្ពុជាបន្តទៀត ពិសេសទ័ពជំនាញការពារគីមីសាស្ត្រ​ដែល​ប្រតិបត្តិការផ្តាល់​ របស់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ​ លើការជួយបណ្តុះបណ្តាល ជំនាញសិក្សាស្រាវជ្រាវ រុករក និងការពារគីមីសាស្ត្រ​ អាវុធគីមី ទាំងផ្នែកបច្ចេកទេស ឧបករណ៍ សម្ភារៈ​ការពារគីមីសាស្ត្រ ព្រមទាំងសំណង់អាគារ វិទ្យាស្ថានស្រាវជ្រាវ និងពិសោធន៍ សារធាតុអាវុធគី​មី​ នៅខេត្តកំពង់ឆ្នាំង(លង្វែក)។

ជាទីបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ  បានប្រគល់ជូនការដូរ អនុស្សាវរីយ៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហា​ វ៉ាន់គឺ និងសមាជិក គណៈប្រតិភូរួមដំណើរទាំងអស់ សូមមានសុខភាពល្អ និងសូមឲ្យការបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាព និងទទួលជោគជ័យគ្រប់ភារកិច្ចទាំងអស់៕

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន​ អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម និងលោក ឧត្តមសេនីយ៍ត្រី ហា វ៉ាន់គឺ (HA WAN CU) មេបញ្ជាការ បញ្ជាការដ្ឋានគីមីសាស្ត្រ នៃកងទ័ពប្រជាជនវៀតណាម