ថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១
(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញចូលរួម កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៣ ដែលប្រព្រឹត្តទៅនៅទីក្រុងឡាអេ ប្រទេសហូឡង់តាមប្រព័ន្ធនិម្មិត KODO ដែលមានកាលបរិច្ឆេទចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កិច្ចប្រជុំនៃវគ្គទី១ចាប់ពីម៉ោង១៣ៈ៣០ ដល់ម៉ោង១៥ៈ០០នាទីរសៀល ម៉ោងនៅប្រទេសហូឡង់ ដោយមានការចូលរួមជាតំណាងអាជ្ញាធរជាតិប្រមាណជា២៥០រូប មកពីប្រទេសជារដ្ឋភាគីប្រមាណជា ១៣០ ប្រទេស។
សុន្ទរកថានៃកិច្ចប្រជុំត្រូវបានបើកដោយអគ្គនាយកនៃលេខាធិការដ្ឋានបច្ចេកទេសនៃអង្គការហាមឃាត់អាវុធគីមីហៅកាត់ថា (OPCW)
គោលបំណងសំខាន់នៃកិច្ចប្រជុំ៖
ផ្តល់ឱកាសមួយសម្រាប់អាជ្ញាធរជាតិដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹង ដើម្បីបង្កើនសមត្ថភាពនៃសមាជិករដ្ឋភាគីក្នុងការអនុវត្តតាមកាតព្វកិច្ចរបស់ពួកគេក្រោមអនុសញ្ញា។ ផ្តល់ឱកាសមួយសម្រាប់លេខាធិការដ្ឋាន និងរដ្ឋភាគីដើម្បីធ្វើអន្តរកម្ម និងពិភាក្សាអំពីវិធីផ្តល់ប្រសិទ្ធភាពនៃការគាំទ្រការកសាងសមត្ថភាពក្នុងលក្ខណៈរួមបញ្ចូលគ្នា និងទូលំទូលាយ។ ជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមអាជ្ញាធរជាតិ ដើម្បីបន្តការអនុវត្តអនុសញ្ញា។ និងផ្តល់ឱកាសសម្រាប់អន្តរកម្មរវាងរដ្ឋភាគី និងលេខាធិការដ្ឋាន ដើម្បីដោះស្រាយបញ្ហា និងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនការអនុវត្តអនុសញ្ញា។
កិច្ចប្រជុំថ្ងៃទី១ (ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១) បានផ្តោតទៅលើខ្លឹមសារមួយចំនួនដូចតទៅ៖
-តាមដានលើបញ្ហាដែលបានលើកឡើងក្នុងកិច្ចប្រជុំថ្នាក់តំបន់ និងប្រចាំឆ្នាំកន្លងមក
-ធ្វើបច្ចុប្បន្នភាពពីលេខាធិការដ្ឋានបច្ចេកទេសស្តីពីកម្មវិធី និងសកម្មភាពនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជំនួយ ផ្ទៀងផ្ទាត់ និងផ្នែកអធិការកិច្ច
-បទបង្ហាញថ្នាក់ជាតិស្តីពីបទពិសោធន៍ ការអនុវត្តល្អ និងបញ្ហាប្រឈមក្នុងការអនុវត្តអនុសញ្ញាអាវុធគីមី
-សេចក្តីផ្តើមនៃការពិភាក្សាប្រធានបទ “ការពង្រឹងសន្តិសុខគីមីនៃរដ្ឋភាគីនៃអនុសញ្ញាអាវុធគីមី តាមរយៈការគាំទ្រការកសាងសមត្ថភាព”
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ
ព័ត៌មាន