ព័ត៌មាន

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម (អ.ជ.អ.គ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បិទសិក្ខាសាលាថ្នាក់ជាតិស្តីពីអនុសញ្ញាអាវុធជីវសាស្ត្រ(BWC)

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម (...) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បិទសិក្ខាសាលាថ្នាក់ជាតិស្តីពីអនុសញ្ញាអាវុធជីវសាស្ត្រ(BWC) ដោយមានការចូលរួមជាគណៈអធិបតីពី:

លោក Alex Lampalzer – អង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអាវុធជីវសាស្រ្ត (BWC-ISU) របស់ការិយាល័យទទួលបន្ទុកកិច្ចការកាត់បន្ថយសព្វាវុធនៃអង្គការសហប្រជាជាតិ (UNODA), 

លោក Tihamer Czika – តំណាងសហភាពអុឺរ៉ុបប្រចាំកម្ពុជា 

ព្រមទាំងមន្ត្រីជំនាញជាតិ និងអន្តរជាតិ នៃក្រសួង ស្ថាប័នពាក់ព័ន្ធជាង២៥ ស្ថាប័នផងដែរ ។

គូសបញ្ជាក់ផងដែរថាប្រទេសកម្ពុជា ជារដ្ឋភាគីមួយក្នុងចំណោម ១៨៥ប្រទេស នៃអនុសញ្ញាអាវុធជីវសាស្ត្រ តាំងពីឆ្នាំ១៩៨៣ មកម្លេះ អស់រយៈកាល ០៤ ទស្សវត្តរ៍ ទើបប្រទេសកម្ពុជាយើង បានទទួលធ្វើជាម្ចាស់ផ្ទះលើកទី១ ក្នុងការរៀបចំពិធីសិក្ខាសាលាថ្នាក់ជាតិ ស្តីពីអនុសញ្ញាអាវុធជីវសាស្ត្រ (National Workshop on the Biological Weapons Convention – BWC) ក្រោមការរៀបចំពីក្រុមការងារអគ្គលេខាធិការដ្ឋាន (...) ក្រសួងការពារជាតិ ដោយសហការជាមួយការិយាល័យទទួលបន្ទុកកិច្ចការកាត់បន្ថយសព្វាវុធ នៃអង្គការសហប្រជាជាតិ (UNODA) ដែលបានប្រព្រឹត្តទៅ អស់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៤០៦ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ Hyatt Regency Phnom Penh

ក្នុងអង្គសិក្ខាសិលា ឯកឧត្តម បណ្ឌិត បានបញ្ជាក់ថាអាវុធជីវសាស្ត្រគឺជាប្រភេទអាវុធមួយដ៏កាចសាហាវ ហើយវាក៏ស្ថិតក្នុងចង្កោមប្រភេទអាវុធមហាប្រល័យផងដែរ (Weapons of Mass Destruction-WMD) ដែលមានសមត្ថភាពអាច បំផ្លាញ សម្លាប់ និងបង្កគ្រោះថ្នាក់ យ៉ាងច្រើន ក្នុងពេលតែមួយ។ អាវុធជីវសាស្ត្រ គឺជាប្រភេទអាវុធមេរោគដែលអាចសម្លាប់ មនុស្ស សត្វ រុក្ខជាតិ ជាច្រើន ឬអាចបំផ្លាញធម្មជាតិ បរិស្ថាន សេដ្ឋកិច្ច ក្នុងរយៈពេលខ្លី ឬក្នុងរយៈពេលវែងក៍បាន។ ទោះបីជា ប្រទេសកម្ពុជា មិនមែនជាប្រទេសមុខសញ្ញាសម្រាប់អំពើភេរវកម្ម ឬភេរវករធ្វើសកម្មភាព ឬវាយប្រហារក៏ដោយ ប៉ុន្តែកម្ពុជានៅតែត្រូវការសុខសន្តិភាព មិនត្រឹមតែក្នុងប្រទេសខ្លួនឯងនោះទេ តែត្រូវការឲ្យប្រទេសក្នុងតំបន់ និងសកលលោកទាំងមូល រស់នៅប្រកបដោយសុខសន្តិភាព យ៉ាងប្រសើរ ដោយគ្មានការគំរាមគំហែងពីអាវុធមហាប្រល័យ ជាពិសេសអាវុធជីវសាស្ត្រនេះឡើយ ។ 

ឯកឧត្តម បណ្ឌិត ក៏បានបញ្ជាក់បន្ថែមទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងអាណត្តិទី៧នៃរដ្ឋសភា សូមប្តេជ្ញាបន្តការគាំទ្រអនុសញ្ញាអាវុធជីវសាស្ត្រ (Biological Weapons Convention-BWC) ឲ្យបានជោគជ័យបន្ថែមទៀត ដើម្បីធានាសន្តិសុខ សុវត្ថិភាពទាំងប្រទេសក្នុងតំបន និងពិភពលោកទាំងមូល រស់នៅដោយមានសេចក្តីសុខយ៉ាងប្រសើរ ដោយមិនមានការគំរាមកំហែងពីអាវុធមហាប្រល័យ (WMD) ជាពិសេស អាវុធជីវសាស្ត្រ។ កម្ពុជាត្រូវការបន្តនូវការអនុវត្តឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ចំពោះបទបញ្ញតិទាំងឡាយដែលបានចែងក្នុងអនុសញ្ញាអាវុធជីវសាស្ត្រ(BWC) ចំពោះកិច្ចការនេះ មិនមែនស្ថាប័នណាមួយទទួលខុសត្រូវតែឯកឯងនោះទេ។ ទោះបីអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី ដែលជាស្ថាប័នតែមួយថ្នាក់ជាតិ សម្រាប់តភ្ជាប់រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយស្ថាប័នអន្តរជាតិដែលពាក់ព័ន្ធ ក៏មិនអាចធ្វើតែម្នាក់ឯងបានជោគជ័យនោះឡើយ ប្រសិនជាគ្មានការចូលរួមសហការយ៉ាងជិតស្និទ ពីបណ្តាអន្តរក្រសួង ស្ថាប័នជាតិដែលពាក់ព័ន្ធទាំងអស់ ។ ជាមួយគ្នានេះដែរ ឯកឧត្តម បណ្ឌិត សូមស្នើឲ្យអ្នកជំនាញការ អាវុធជីវសាស្ត្រ(BWC) នៃការិយាល័យទទួលបន្ទុកកិច្ចការកាត់បន្ថយសព្វាវុធនៃអង្គការសហប្រជាជាតិ (UNODA) បន្តជួយកម្ពុជាទាំងការកសាងពង្រឹងសមត្ថភាព និងការឧបត្ថម្ភគាំទ្រទាំងសម្ភារ: និងថវិកា ដើម្បីឲ្យកម្ពុជាអាចបន្តអនុវត្តអនុសញ្ញាអាវុធជីវសាស្ត្រ(BWC) ឲ្យកាន់តែទទួលបានជោគជ័យថែមទៀត។ ជាងនេះទៅទៀត ឯកឧត្តម បណ្ឌិត សំណូមពរឲ្យតំណាងសហភាពអ៊ឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បន្តជួយដល់កម្ពុជា មិនត្រឹមតែក្នុងគម្រោងអនុសញ្ញាអាវុធជីវសាស្ត្រ(BWC) ប៉ុណ្ណោះទេ ប៉ុន្តែសូមជួយកម្ពុជាក្នុងគម្រោងផ្សេងៗទៀត ដែលពាក់ព័ន្ធនិងអាវុធមហាប្រល័យ (WMD) ផងដែរ។

ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណ ដល់មន្ត្រីជំនាញជាតិ និងអន្តរជាតិ នៃក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានមកចូលរួម និងជួយឧបត្ថម ដល់សិក្ខាសាលានេះ ឲ្យទទួលនូវផ្លែផ្កាល្អ មានភាពរលូន ប្រកបដោយភាពជោគជ័យ ជាស្ថាពរ ហើយក៏សូមជូនពរដល់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ សូមអោយមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងទទួលបានជោគជ័យគ្រប់កិច្ចការទាំងអស់។