ថ្ងៃអង្គារ ១៣ កើត ខែស្រាពណ៍ ឆ្នាំថោះ
បញ្ជស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២៣
(សៀមរាប)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំអាជ្ញាធរជាតិលើកទី២១ នៃរដ្ឋភាគីរបស់អនុសញ្ញាអាវុធគីមី (CWC) នៅក្នុងតំបន់អាស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៩:៣០ នាទីព្រឹក នៅសណ្ឋាគារអង្គរមីរ៉ាខល (Angkor Miracle) ក្នុងទីរួមខេត្តសៀមរាប។
គួជម្រាបផងដែរថាកិច្ចប្រជុំអាជ្ញាធរជាតិលើកទី២១ នៃរដ្ឋភាគីរបស់អនុសញ្ញាអាវុធគីមី (CWC) នៅក្នុងតំបន់អាស៊ី ខាងលើ មានការចូលរួមជាអធិបតីពី លោកស្រី បេត្រិច ឡាហ៊ូប (BEATRIX LAHOUPE) ប្រធានផ្នែកគាំទ្រការអនុវត្ត នៃអង្គការហាមឃាត់អាវុធគីមី (OPCW) ព្រមទាំងបានចូលរួមពីបណ្តាប្រទេសដែលជារដ្ឋភាគីចំនួន ៣៣ប្រទេសផងដែរ។
កិច្ចប្រជុំដ៏មានសារសំខាន់ខាងលើនឹងប្រព្រឹត្តទ្បើងរយៈពេលចំនួន០៣ថ្ងៃ ពីថ្ងៃទី២៩ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគាអង្គរមីរ៉ាខល (Angkor Miracle) ក្នុងទីរួមខេត្តសៀមរាប។
ក្នុងឳកាសដ៏មានសារៈសំខាន់នេះដែរ នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា រ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្មបានសម្តែង ការស្វាគមន៍ យ៉ាងកក់ក្តៅបំផុតចំពោះប្រធានប្រតិភូ និងគណប្រតិភូអាជ្ញាធរជាតិនៃរដ្ឋភាគីរបស់អនុសញ្ញាអាវុធគីមី (CWC) នៅក្នុងតំបន់អាស៊ី សហការី និងភ្ញៀវកិត្តិយសទាំងអស់ដែលបានមកចូលរួម។ ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមផងថា វត្តមាននៃអាវុធគីមីគឺជាការគំរាមកំហែងដ៏ធំមួយដល់សន្តិសុខ និងសុវត្ថិភាព នៅក្នុងតំបន់ ក៏ដូចជាសាកលលោកផងដែរ។
ដូចច្នេះគ្រប់បណ្តាប្រទេសទាំងអស់ក្នុងសាកលលោកគួរតែចូលរួមលុបបំបាត់អាវុធគីមីឱ្យអស់ តាមរយៈកិច្ចសហប្រតិបត្តិការគ្នាយ៉ាងជិតស្និតទាំងទ្វេភាគី និងពហុភាគី ក្រោមការដឹកនាំ និងសម្របសម្រួលដោយអង្គការហាមឃាត់អាវុធគីមី ហៅកាត់ថា OPCW។
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ