ថ្ងៃអង្គារ ៣ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតចូលរួមអបអរសាទរ និងគោរពជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសសម្តេចតេជោ ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» ពីលោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ី។
សូមជម្រាបថា លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ី បានផ្តល់គ្រឿង ឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការ ចូលរួមចំណែកដ៏សំខាន់ ក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនរុស្ស៉ី និងកម្ពុជា។ នេះបើយោងតាមការចេញផ្សាយលើ Facebook ស្ថានទូតរុស្ស៉ីប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។
គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» គឺជាគ្រឿង ឥស្សរិយយសរបស់រដ្ឋ នៃសហព័ន្ធរុស្ស៉ី ដែលត្រូវបានបង្កើតឡើងដោយ លោក Boris Yeltsin អតីតប្រធានាធិបតីរុស្ស៉ី តាមរយៈក្រឹត្យលេខ ៤៤២ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ១៩៩៤ ដើម្បីផ្តល់ឲ្យជនជាតិ
រុស្ស៉ី ឬជនជាតិដទៃទៀត ដែលខិតខំលើក ស្ទួយចំណងមិត្តភាព ជាមួយប្រជាជន និងប្រទេសរុស្ស៉ី។
ជាថ្មីនាឱកាសដ៏វិសេសវិសាលនេះ សម្តេចពិជ័យសេនា ទៀ បាញ់ សូមលើកហត្ថបួង សួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំសព្វសាធុការពរបវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរជូន សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅៗ ជាទី ស្រឡាញ់ទាំងអស់ ជួបតែសេចក្ដីសុខ សុភមង្គល ព្រមទាំងប្រកប ដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ព័ត៌មាន