ព័ត៌មាន

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម វ៉ង វិនធាន (Wang Wertian ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បា្ររព្ធខួបអនុស្សាវរីយ៍លើកទី៩៤ ថ្ងៃបង្កើតកងទ័ពរំដោះប្រជាជនចិន តាមប្រព័ន្ធអនឡាញ ( Zoom )

ថ្ងៃអង្គារ ៣ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១
ការិយាល័យអនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា បានបា្ររព្ធខួបអនុស្សាវរីយ៍លើកទី៩៤ ថ្ងៃបង្កើតកងទ័ពរំដោះប្រជាជនចិន តាមប្រព័ន្ធអនឡាញ ( Zoom ) ដែលពិធីនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម វ៉ង វិនធាន (Wang Wertian ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
វររសេនីយ៍ឯកពិសេស លី ជីងហ្វេង( Li Jinggfeng ) នាយការិយាល័យអនុព័ន្ធយោធា អមស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ៖ ឆ្នាំនេះជាឆ្នាំប្រវត្តិសាស្ត្រដែលកងទ័ពចិនឈរនៅចំនុចប្រសព្វនៃគោលដៅ១០០ឆ្នាំ ទាំងពីររបស់ចិន។ កងទ័ពរំដោះប្រជាជនចិនត្រូវបានបង្កើតឡើងដោយគណបក្សកុម្មុយនីស្ត ហើយការរីកចម្រើន និងថ្នាលបណ្តុះ បណ្តាលរបស់ទ័ពដ៏ខ្លាំងក្លានេះក៏ដោយសារគណបក្ស ។
វររសេនីយ៍ឯកពិសេស លី ជីងហ្វេង បានបញ្ជាក់ទៀតថា៖ ប្រទេសចិនបានផ្តល់វ៉ាក់សាំងការពារជម្ងឺកូដ-១៩ មួយចំនួនធំ និងជំនួយដល់កងទ័ពប្រទេសជាមិត្តមានដូចជា ប្រទេសកម្ពុជា និងប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួននៅទ្វីបអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន ត្រូវបានទទួល ស្គាល់និងស្វាគមន៍យ៉ាងខ្លាំងក្រៃពីសំណាក់សហគមន៍អន្តរជាតិ ដោយបង្ហាញពីកិត្យានុភាពកងទ័ពចិនក្នុងសករាជថ្មី ជាទំនួលខុសត្រូវរបស់ប្រទេសមហាអំណាចមួយនេះ។ ជំហានបន្ទាប់កងទ័ពចិន និងរួមដៃជាមួយកងទ័ពបរទេសក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺរាតត្បាត ដើម្បីឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅប្រកប ដោយ ប្រសិទ្ធភាពនៅក្នុងវិស័យសន្តិសុខមិនមែនប្រពៃណី និងចូលរួមជាក់ស្ដែងដើម្បីទទួលបានជ័យជំនះឱ្យកាន់តែ ឆាប់លើជំងឺរាតត្បាតនេះ និងជំរុញការកសាងសហគមន៍ជោគវាសនារួមដើម្បីមនុស្ស ជាតិ។ វររសេនីយ៍ឯកពិសេស លី ជីងហ្វេង បានសង្កត់ធ្ងន់ថា៖ ឆ្នាំនេះជាឆ្នាំដែលប្រទេស កម្ពុជា-ចិន ជំនះភាពលំបាកចាប់ ដៃគ្នាដើម្បីចូលទៅកាន់ឆ្នាំថ្មីមួយទៀត។ ទោះបីដឹងថាផ្លូវមានការលំបាកយ៉ាងណាក៏ ដោយក៏ត្រូវជំនះទៅមុខកាន់តែលំបាកកាន់ តែត្រូវបន្តដំណើរទៅមុខ។ ប្រឈមមុខនឹងជំងឺឆ្លងដ៏កាចសាហាវនេះ កងទ័ពប្រទេសទាំងពីរបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ស្ថិតលើទូកតែមួយ ជួយគ្នាទៅវិញទៅមក។ ចាប់តាំងពីដើមឆ្នាំនេះកងទ័ពចិនបានជំនួយវ៉ាក់សាំងការពារជំងឺកូដ-១៩ ជូនកង ទ័ពកម្ពុជាចំនួន២ លើក ហើយជំនួយលើកទី៣ កំពុងដំណើរការ តម្រូវការបន្ទាន់របស់កងទ័ពកម្ពុជា កងទ័ពចិន បានយល់អំពីតម្រូវការនេះ ហើយកងទ័ពចិនក៏ខិតខំជួយផងដែរ។
នៅក្នុងឱកាសបា្ររព្ធខួបអនុស្សាវរីយ៍លើកទី៩៤ ថ្ងៃបង្កើតកងទ័ពរំដោះប្រជាជនចិន នេះដែរ ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដ៏ត្រចះ ត្រចង់ដែលកងទ័ព និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន សម្រេចបានក្នុងរយៈកាល ៩៤ ឆ្នាំកន្លងមកនេះ ។ ទាំងនេះគឺជាសមិទ្ធផលដ៏ធំធេង ដែលផុសចេញពីការតស៊ូយ៉ាងអង់អាចក្លាហានពុះ ពាររាល់ឧបសគ្គរបស់ វិរៈកងទ័ព និងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងកិច្ចការពារបូរណភាពដែនដី ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍទំនើបកម្មកងទ័ព និងប្រទេសជាតិរបស់ខ្លួន។ ឯកឧត្តម ផាត វិបុលសុភ័ក្រ្ត បានលើក ឡើងពីកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ ដែលបច្ចុប្បន្ននេះបានស្ថិតក្នុងកម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយកម្ពុជាបានគាំទ្រយ៉ាងពេញទំហឹងដល់គោលយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិនក៏ដូចជាការវិនិយោគ និងការកសាងហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដើម្បីឈានទៅតភ្ជាប់បណ្តាប្រទេសក្នុងតំបន់អាស៊ានទាំងមូល ។ ដោយឡែកនៅក្នុងវិស័យការពារជាតិ រវាងកងយោធពលខេមរភូមិន្ទ ជាមួយនឹងកងទ័ពរំដោះប្រជាជនចិន ដូចជា បានធ្វើការផ្លាស់ប្តូរគណៈប្រតិភូ ចាប់ពីថ្នាក់ដឹកនាំយោធាជាន់ខ្ពស់រហូត ដល់ថ្នាក់ជំនាញគ្រប់កម្រិត ដើម្បីសិក្សាផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក និង បានហ្វឹកហ្វឺនរួមគ្នាជារៀងរាល់ឆ្នាំ សំដៅបង្កើនទំនុកចិត្ត ក្នុងស្មារតីបុព្វហេតុកសាងសហគមន៍ វាសនាតែមួយដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍរួមគ្នា។ ឯកឧត្តម ក៏បានថ្លែងអំណរអរគុណយ៉ាង ជ្រាលជ្រៅចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន ជាបងប្អូន ដែលជានិច្ចកាលតែងជួយឧបត្ថម្ភគាំទ្រយ៉ាងធំធេងដល់កម្ពុជា និយាយរួម និងដោយឡែកចំពោះកងយោធពលខេមរភូមិន្ទ ដើម្បីឈានឡើងជាបណ្តើរៗក្លាយជាទំនើប កម្មយោធា ។