ព័ត៌មាន

ពិធីបិទ និងចែកវិញ្ញាបនបត្រជូនដល់សិក្ខាកាមដែលបានចូលរួមសិក្ខាសាលាថ្នាក់តំបន់!

(រាជធានីភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិអាវុធគីមី
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបិទ និងចែកវិញ្ញាបនបត្រជូនដល់សិក្ខាកាមដែលបានចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពី “ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលបានរៀបចំទុក និងការចរាចរដោយខុសច្បាប់ពាក់ព័ន្ធសារធាតុរ៉ែគ្រោះថ្នាក់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍” (Regional Expert-Level Workshop on “Combatting Organized Crime and Illicit Trafficking Related to Critical Minerals in Southeast Asia” ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ Sunway។
សិក្ខាសាលាថ្នាក់តំបន់នេះ ត្រូវបានអនុវត្តដោយកិច្ចសហការរវាងអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយវិទ្យាស្ថានស្រាវជ្រាវយុត្តិធម៌ និងបទឧក្រិដ្ឋអន្តរតំបន់ នៃអង្គការសហប្រជាជាតិ (UNICRI) ដែលមានសមាសភាពចូលរួមសរុប ជាង៤០រូប មកពី១២ប្រទេសនៃតំបន់អាស៊ី អឺរ៉ុប និងអាហ្រ្វិក មានដូចជា: កម្ពុជា, ឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ប្រុយណេ, ប៉ាគីស្ថាន, ប្រទេសអុីតាលី, បែលហ្ស៊ិក និងអាហ្រ្វិកខាងត្បូង។ ព្រះរាជាណាចក្រកម្ពុជា មាន៧ក្រសួង-ស្ថាប័នចូលរួមមានដូចជា: អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងបរិស្ថាន, ក្រសួងរ៉ែ និងថាមពល, អគ្គស្នងការនគរបាលជាតិ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Marco Musumeci មន្រ្តីទទួលបន្ទុកកម្មវិធីនៃវិទ្យាស្ថានស្រាវជ្រាវយុត្តិធម៌ និងបទឧក្រិដ្ឋអន្តរតំបន់ នៃអង្គការសហប្រជាជាតិ (UNICRI) និងសហការីដែលបានជួយគាំទ្រក្នុងការរៀបចំសិក្ខាសាលាថ្នាក់តំបន់នេះឡើង ដើម្បីបណ្តុះបណ្តាលសមត្ថភាពបន្ថែមដល់មន្រ្តីជំនាញរបស់ព្រះរាជាណាចក្រកម្ពុជាក៏ដូចមន្រ្តីដែលមកពីប្រទេសទាំងអស់ក្នុងតំបន់ផងដែរ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះអ្នកចូលរួមទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ថ្មីៗពីវិស័យរ៉ែគ្រោះថ្នាក់ និងបញ្ហាប្រឈមទៅនឹងផលប៉ះពាល់នៃការចរាចរដោយខុសច្បាប់នូវសារធាតុរ៉ែគ្រោះថ្នាក់ទាំងអស់នេះ។
អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម និងបន្តសហការនឹងគាំទ្រចំពោះវិទ្យាស្ថានជ្រាវជ្រាវយុត្តិធម៌ និងបទឧក្រិដ្ឋអន្តរតំបន់នៃអង្គការសហប្រជាជាតិ (UNICRI) ក្នុងការរៀបចំសិក្ខាសាលាក្នុងគោលដៅបង្កើនសមត្ថភាពនាពេលខាងមុខបន្តទៀត។