ព័ត៌មាន

កិច្ចប្រជុំប្រចាំឆ្នាំលើកទី២១ នៃអាជ្ញាធរជាតិរបស់រដ្ឋភាគីអង្គការហាមឃាត់អាវុធគីមី (OPCW)

ព្រឹកថ្ងៃអង្គារ៍ ០៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆកា ឆ្នាំ២០១៩ !

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ​ នៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម (អ.ជ.អ.គ) នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយឧត្តមសេនីយ៍ទោ អឿ ចាន់ណា អគ្គលេខាធិការរង នៃអ.ជ.អ.គ តំណាងអោយអាជ្ញាធរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី២១ នៃអាជ្ញាធរជាតិរបស់រដ្ឋភាគីនៃអង្គការហាមឃាត់អាវុធគីមី (OPCW) ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ។ កិច្ចប្រជុំនេះមានការចូលរួមពីបណ្ដាអាជ្ញាធរជាតិនៃរដ្ឋភាគីចំនួន ១១០ប្រទេស និងមានអ្នកចូលរួមប្រមាណជាជាង ១៦០រូប ដើម្បីជួបពិភាក្សាគ្នាក្នុងការអនុវត្តន៍អនុសញ្ញាស្ដីពីអាវុធគីមី (CWC)។ កិច្ចប្រជុំអាជ្ញាធរនេះក៏បានផ្ដល់នូវឱកាសក្នុងការពិនិត្យឡើងវិញនូវកត្តាជះឥទ្ធិពលនៃការគាំទ្រការអនុវត្តន៍ និងសកម្មភាពកសាងសមត្ថភាពរបស់អង្គការហាមឃាត់អាវុធគីមី។ អ្នកចូលរួមទាំងអស់ រួមទាំងមន្រ្តីប្រតិភូនៃព្រះរាជាណាចក្រកម្ពុជាទាំងពីររូប ក៏បានផ្ដល់នូវសេចក្ដីសង្ខេបស្ដីពីការអភិវឌ្ឍន៍នៅក្នុងមាត្រាទីVI ទីVII ទីX និងមាត្រាទីXI នៃអនុសញ្ញាស្ដីពីអាវុធគីមី។ នៅក្នុងវគ្គនៃការបែងចែកក្រុមពិភាក្សា អ្នកតំណាងអាជ្ញាធរជាតិទាំង៥តំបន់ទូទាំងសកលលោក មានឱកាសក្នុងការជួបដៃគូពិភាក្សា និងកំណត់រកតម្រូវការ និងយន្តការក្នុងការដោះស្រាយបញ្ហាប្រឈមទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។ បទពិសោធន៍ និងការអនុវត្តន៍ល្អថ្នាក់ជាតិ ត្រូវបានចែករំលែកនៅក្នុងក្រុម​ដោយបានផ្តោតទៅលើការគ្រប់គ្រងចំណេះដឹងក្នុងការគាំទ្រការកសាងសមត្ថភាព ការមានទំនាក់ទំនងជាមួយដៃគូពាក់ព័ន្ធ និងការផ្សព្វផ្សាយ។ ជាងនេះទៅទៀត ដើម្បីធ្វើការចែករំលែកនូវការអនុវត្តន៍ល្អៗ អ្នកតំណាងអាជ្ញាធរជាតិនីមួយៗ​ មានឱកាសពិគ្រោះយោបល់ទ្វេភាគីជាមួយមន្រ្តីជំនាញនៃអង្គការហាមឃាត់អាវុធគីមី (OPCW) ស្ដីពីកត្តាប្រឈមនានាដែលកំពុងកើតមាននៅក្នុងការអនុវត្តន៍អនុសញ្ញាស្ដីពីពីអាវុធគីមី និងស្វែងរកមធ្យោបាយល្អៗក្នុងការដោះស្រាយកត្តាប្រឈមនេះ៕

#ក្រុងឡាអេ ប្រទេសហូឡង់@NACW.KHNEWS