(សៀមរាប)៖ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំតុមូលនៃមន្ត្រីបង្គោលថ្នាក់ជាតិ របស់មជ្ឈមណ្ឌលឧត្តមភាពកាត់បន្ថយហានិភ័យដែលបង្កឡើងដោយ CBRN សហភាពអឺរ៉ុប (EU CBRN CoE) លើកទី២១ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ (EU CBRN Centre of Excellence 21st National Focal Points Round-Table Meeting for Southeast Asia) ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ អាជ្ញាធរជាតិអាវុធគីមី តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធាន អាជ្ញាធរជាតិអាវុធគីមី បានអញ្ជើញជាអធិបតីក្នុងពិធីបើក-បិទក្នុងកិច្ចប្រជុំខាងលើ ដោយមានការចូលរួមយ៉ាងផុសផុលពីមន្ត្រីជំនាញមកពី EU CBRN CoE , UNICRI និងមន្រ្តីបង្គោលថ្នាក់ជាតិនៃតំបន់អាស៊ីអាគ្នេយ៍ ដូចជាប្រទេសប្រ៊ុយណេ ឥណ្ឌូនេស៊ី ទ្បាវ ម៉ាទ្បេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងកម្ពុជា។
កិច្ចប្រជុំនេះមានគោលបំណង ផ្តល់ឱកាសដល់មន្ត្រីបង្គោលថ្នាក់ជាតិ(National Focal Points-NFPs) នៃបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងអស់ រួមគ្នាពិភាក្សាអំពីការអភិវឌ្ឍ និងការអនុវត្តដ៏ល្អៗ ពាក់ព័ន្ធជាមួយនឹងការកាត់បន្ថយហានិភ័យដែលបង្កឡើងដោយសារ សារធាតុគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ (CBRN) មានការផ្លាស់ប្តូរយោបល់ និងចែករំលែកនូវបទពិសោធន៍ក្នុងប្រទេសរបស់ខ្លួន ដើម្បីទទួលបានមតិកែលម្អក្នុងគម្រោងដែលកំពុងអនុវត្ត និងគំនិតផ្តួចផ្តើមការបង្កើតគម្រោងថ្មី ។ កិច្ចប្រជុំនេៈក៏បានអនុម័ត
គម្រោងថ្មីចំនួនពីរ បន្ថែមពីលើគម្រោងដែលកំពុងអនុវត្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺគម្រោងលេខ៩៤ និងលេខ៩៨ របស់ EU CBRN CoE ។
ជាទីបញ្ចប់ ឯកឧត្តម បណ្ឌិត បានថ្លែងសន្ទរកថាបិទក្នុងកិច្ចប្រជុំខាងលើថា៖ ជាមួយនឹងការរីកចម្រើនដ៏ឥតឈប់ឈរនៃបច្ចេកវិទ្យាទំនើបក្នុងសតវត្សទី ២១ ពិភពលោកបានឈានទៅដល់វឌ្ឍនភាព និងប្រឈមមុខជាមួយនឹងឧប្បត្តិវហេតុ ឬគ្រោះថ្នាក់ផ្សេងៗ ដែលបង្កឡើងដោយសារ សារធាតុគីមី ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរ (CBRN) ក្នុងរោងចក្រឧស្សាហកម្ម រោងចក្រថាមពលនុយក្លេអ៊ែរ ឬដោយការប្រើប្រាស់ប្រចាំថ្ងៃដូចជាក្នុងមន្ទីរពិសោធន៍ មន្ទីរពេទ្យ ជាពិសេសការកែច្នៃសារធាតុទាំងនេះទៅជាអាវុធមហាប្រល័យ (WMD) គ្រប់ប្រភេទ។ * ឯកឧត្តម បណ្ឌិត បានមានប្រសាសន៍បន្ថែមទៀតថា គ្មាននរណាម្នាក់អាចដោះស្រាយបញ្ហា ការរីករាលដាលនៃអាវុធមហាប្រល័យ (WMD) និងហានិភ័យដែលបង្កឡើងដោយ CBRN ដោយឯកឯងបានទេ * គឺទាមទារអោយមានការចូលរួមសហការពីបណ្តាប្រទេសទាំងក្នុងតំបន់ និងទូទាំងពិភពលោកក្នុងការចូលរួមទប់ស្កាត់ និងឈានដល់ការលុបបំបាត់ទាំងស្រុងនូវអាវុធមហាប្រល័យ (WMD) និងហានិភ័យដែលបង្កឡើងដោយ CBRN ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាព និងសន្តិភាព ក្នុងប្រទេស ក្នុងតំបន់ និងនៅទូទាំងសាកលលោក។ នាឳកាសបញ្ចប់កិច្ចប្រជុំតុមូលដោយយ៉ាងរលូននេះ ឯកឧត្តម បណ្ឌិត ក៏បានផ្តល់ជូននូវបណ្ណសរសើរដល់ មន្ត្រីជំនាញសហភាពអឺរ៉ុប និងមន្ត្រីជំនាញ UNICRI ផងដែរ ។ កិច្ចប្រជុំបានប្រព្រឹត្តទៅរយៈពេលចំនួន០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារអង្គរមិរ៉ាខល ខេត្តសៀមរាប។