(ព្រះរាជាណាចក្រថៃឡង់)÷ឧត្តមសេនីយ៍ទោ នឿន វិទ្យា អគ្គលេខាធិការរង អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម រួមទាំងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន អ.ជ.អ.គ ៥រូបទៀតបានអញ្ជើញចូលរួមកម្មវិធី លំហាត់ហ្វឹកហ្វឺនទីវាលរួមគ្នា និងការចូលរួមព្រឹត្តិការណ៍កម្លាំងឆ្លើយតបឧប្បត្តិហេតុ បង្ករដោយសារធាតុគីមី ជីវសាស្ត្រ នុយក្លេអ៊ែរ វិទ្យុសកម្ម និងជាតិផ្ទុះ CBRNe (NCT PRO Challenge 2024 ) បានប្រព្រឹត្តទៅនៅខេត្តហូហ៊ីន នៃព្រះរាជណាចក្រថៃឡង់ ព្រមទាំងមានសមាសភាពចូលរួមបណ្តុះបណ្តាលសរុបចំនួន ១៥៦នាក់ មកពីបណ្តាប្រទេសចំនួន ០៨ ប្រទេស។
កម្មវិធី លំហាត់ហ្វឹកហ្វឺនទីវាលរួមគ្នា និង ចូលរួមព្រឹត្តិការណ៍កម្លាំងឆ្លើយតបឧប្បត្តិហេតុ បង្ករដោយសារធាតុគីមី ជីវសាស្ត្រ នុយក្លេអ៊ែរ វិទ្យុសកម្ម និងសារធាតុផ្ទុះ (CBRNe) គឺដើម្បីផ្តល់នូវការបណ្តុះបណ្តាលជាក់ស្តែងសម្រាប់ក្រុមឆ្លើយតប CBRNe និង ការពង្រឹងជំនាញរបស់ក្រុមអ្នកឆ្លើយតបបឋម (First Responder) អង្គភាពយោធា និងស្ថាប័នពាក់ព័ន្ធ តាមរយៈលំហាត់លើសេណារីយ៉ូទីវាលរួមគ្នាដែលមានខ្លឹមសារដូចខាងក្រោម÷
ក. ការបណ្ដុះបណ្ដាល
– ការធ្វើបទបង្ហាញដោយតំណាងប្រទេសបានចូលរួម ដែលរួមមានវេទិកាសន្និសីទ។
– ការតាំងពិពណ៍នូវសម្ភារៈ ឧបករណ៍ ទំនើបៗ សម្រាប់ប្រើ ប្រាស់កម្លាំងឆ្លើយតប ឧប្បត្តិហេតុ CBRNe ។
– ការបែងចែកក្រុមចំនួន ២៤ តាមប្រទេសនីមួយៗ ដើម្បីចូលរួមលំហាត់រួមគ្នាទីវាលជាក់ស្តែង។
– ការបណ្តុះបណ្តាលជាក់ស្តែងលើទីវាលអំពីប្រើម៉ាស៊ីនលាងសម្អាតកំរិតខ្ពស់។
– ការបណ្តុះបណ្តាលអំពីរបៀបបាញ់
ស៊ីប(MP5) លើទីវាលដោយពាក់ម៉ាសការពារគីមី។
– ការបណ្តុះបណ្តាល របៀបចូលរួមប្រតិបត្តិការក្រុមលើ ឧប្បត្តិហេតុប្រើប្រាស់សារធាតុគីមីពុល(ផ្ទុះ) តាមរយះយន្តហោះគ្មានមនុស្សបើក(Drone)
– ការបណ្តុះបណ្តាល របៀបប្រើប្រាស់
ម៉ាស៊ីនរាវរក ករណីឧប្បត្តិហេតុដោយប្រើសារធាតុគីមីពុល រឺ ឧស្ម័នពុលសម្លាប់មនុស្ស។
ខ. ការចូលរួមព្រឹត្តិការណ៍ការប្រកួតប្រជេងសមត្ថភាព និងដកស្រង់បទពិសោធន៍ (NCT PRO Challenge 2024):
– ការចូលរួមលើកម្មវិធី ប្រើប្រាស់ម៉ាស៊ីនរាវរកគីមីពុល ឧស្ម័នពុល និង វិទ្យុសកម្ម (ប្រភេទម៉ាស៊ីន GDA4 Raman និង Polimaster PM1401K-3)។
– ការចូលរួម វិធីសាស្ត្រ សង្គ្រោះបឋម ក្នុងសមរភូមិប្រយុទ្ធ និងរបៀបទំនាក់ទំនងជំនួយ។
– ការចូលរួមលើកម្មវិធី វិភាគម៉ាស៊ីន X-Ray នូវការសម្ភារៈ សារធាតុផ្សុំ ដើម្បីផលិតជាគ្រឿងផ្ទុះ
– ការចូលរួមលើកម្មវិធី វិធីសាស្ត្រយកសារធាតុសង្ស័យជាសារធាតុផ្ទុះចេញពីទីតាំងដោយប្រើប្រាស់ខ្សែរ៉តទាញ លើកដាក់ឲ្យមានសុវត្ថភាព ។
កម្មវិធីនេះ គឺដើម្បីផ្តល់នូវការបណ្តុះបណ្តាលជាក់ស្តែងសម្រាប់ក្រុមឆ្លើយតប CBRNe និង ការពង្រឹងជំនាញរបស់ក្រុមអ្នកឆ្លើយតបបឋម អង្គភាពយោធា និងស្ថាប័នពាក់ព័ន្ធ លើការពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងការគំរាមកំហែង CBRNe ជំរុញកិច្ចសហប្រតិបត្តិការរវាង ថ្នាក់ជាតិ-អន្តរជាតិ និង ធ្វើឱ្យប្រសើរឡើងនូវការសម្រេចចិត្តរបស់ក្រុមប្រតិបត្តិការក្នុងពេលមានឧប្បត្តិហេតុ CBRNe។
កម្មវិធីបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ ១៨ ខែតុលា ឆ្នាំ២០២៤ នៅមូលដ្ឋាននគរបាលល្បាតព្រំដែន និងនៅសណ្ឋាគា សេរ៉ាតុន ខេត្តហូហ៊ីន នៃព្រះរាជាណាចក្រថៃឡង់៕








