ព័ត៌មាន

OPCW បញ្ចប់​ការ​ស៊ើប​អង្កេតលើ​គ្រាប់​បែក​របស់​អាមេរិក

ភ្នំពេញៈ អង្គការ​ហាម​ប្រាម​​អាវុធ​គីមី​ (OPCW)​​ កាល​ពី​ចុង​សប្តាហ៍​​កន្លង​មក​នេះ​ បាន​បញ្ចប់​​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​​ចំពោះ​សារធាតុ​គីមី​​​ ដែល​បន្សល់​ទុក​បន្ទាប់​ពី​​ការ​វាយ​ប្រហារ​របស់​អាមេរិក​​ ក្នុង​អំឡុង​សង្គ្រាម​វៀតណាម​​។

​បើ​តាម​​ការ​ចេញ​ផ្សាយ​​របស់​​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​កម្ពុជា​ (AKP) ​បាន​ឲ្យ​ដឹង​ថា​៖ «​​ក្រុម​បច្ចេក​ទេស​​របស់ ​[OPCW]​បាន​ បញ្ចប់​ការ​ស៊ើប​អង្កេត​របស់​ខ្លួន ​​​​​ទៅ​លើ​អាវុធ​គី​មី ​​​ក្នុង​ខេត្ត​ចំនួន​បី​​របស់​កម្ពុជា​»។

រាជ​រដ្ឋា​ភិបាល​កម្ពុជា​​ បាន​អំពាវ​នាវ​ទៅ​​ស្ថាប័ន​អន្តរជាតិ​នេះ​ កាល​ពី​ខែ​តុលា​​ ក្នុង​អំឡុង​​​ពេល​មាន​ភាព​​តាន​តឹង​កាន់​តែ​ខ្លាំង​ឡើង​​​ជា​មួយ​អាមេរិក​។ ​កម្ពុជា​បាន​ចោទ​ប្រកាន់​អាមេរិក​​ថា​ មិន​ទទួល​ខុស​ត្រូវ​​​ ចំពោះកេរ​ដំណែល​​សង្គ្រាម​របស់​ខ្លួន ខណៈ​ស្ថាន​ទូត​អាមេរិក ​​បាន​ចោទ​ប្រកាន់​​កម្ពុជា​ថា​​ យក​បញ្ហា​​នេះ​​​ទៅ​ជា​រឿង​នយោបាយ​។​

​លោក ស៊ុន ជ័យ​ អគ្គ​លេខា​ធិការ​​នៃ​​អាជ្ញា​ធរ​ជាតិ​​អាវុធ​គីមី​ បាន​ថ្លែង​ថា អង្គការ​ហាម​ប្រាម​​អាវុធ​គីមី (OPCW)​​​ នឹង​ធ្វើ​តេស្ត​សារ​ធាតុ​​នោះ​ នៅ​ប្រទេស​​ហូ​ឡង់​ ​ប៉ុន្តែ​លោក​មិន​បាន​ដឹង​ថា​​ តើ​នឹង​ចេញ​លទ្ធ​ផល​នៅ​ពេល​ណា​នោះ​ទេ​។

​លោក​​បន្ត​ថា​៖ «​​​កម្ពុជា​មិន​មែន​ជា​មេ​ពួក​គេ​ទេ​។ ​យើង​កំពុង​ស្នើ​សុំ​ការ​ជួយ​ពី​ពួក​គេ​​ ​មិន​អាច​បញ្ជា​ពួក​គេ​ឲ្យ​​ផ្ញើរបាយ ការណ៍​​ថ្ងៃ​នេះ​​ថ្ងៃ​នោះ​បាន​ទេ​»។

លោក ជ័យ​ ​ក៏​បាន​បដិសេធ​​​ធ្វើ​អត្ថា​ធិប្បាយ​ផង​ដែរ​ អំពី​ថា​តើ​សារ​ធាតុ​នោះ​ ជា​សារធាតុ​អ្វី​​​រហូត​ទាល់​តែ​លទ្ធ​ផល​ត្រូវ​បាន​ផ្ញើ​មក​​រដ្ឋា​ភិបាល​កម្ពុជា។​

អង្គការ​ហាម​ប្រាម​​អាវុធ​គីមី​ បាន​បដិ​សេធ​​ជា​ដដែល​ៗ​ មិន​ធ្វើ​អត្ថា​ធិប្បាយ​​ ​​ដោយ​លើក​ហេតុ​ផល​ថា​​«​​រក្សា​ភាព​សម្ងាត់​»​។

កាល​ពី​ថ្ងៃ​ទី ២០ ខែ​ធ្នូ​ឆ្នាំ ២០១៧​ ពួក​គេ​បាន​និយាយ​ថា លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​នេះ​​ នឹង​មិន​បង្ហាញ​ជា​សាធារណៈ​ទេ​​។​

អត្ថបទ​ចុះ​ផ្សាយ​របស់​ AKP ​បាន​​និយាយ​​ថា​៖ «​​មាន​កន្លែង​សង្ស័យ​​ថា​ មាន​អាវុធ​គីមី​​ចំនួន​ ២៩​ កន្លែង​​ត្រូវ​បាន​រកឃើញ​ នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង​ ​ពីរ​កន្លែង​​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ ​និង​ដប់​កន្លែង​នៅ​​ខេត្ត​មណ្ឌល​គិរី​»។

​ទោះ​យ៉ាង​ណា​ក្តី លោក ជ័យ បាន​ថ្លែង​ថា ​វា​ទំនង​ជា​មាន​កន្លែង​ដទៃ​ៗ​ទៀត ​នៅ​ក្នុង​​ខេត្ត​ផ្សេង​ៗ​ទៀត​​ដែល​មិន​​​ត្រូវ​បាន​ស៊ើប​អង្កេត៕ PS