ភ្នំពេញៈ លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិបានថ្លែងឲ្យដឹងកាលពីម្សិលមិញថានៅថ្ងៃអង្គារនេះ ក្រុមបច្ចេកទេសរបស់អង្គការហាមឃាត់អាវុធគីមីនៃអង្គការសហប្រជាជាតិហៅកាត់ថា OPCW បានមកដល់ទីក្រុងភ្នំពេញដើម្បីសហការជាមួយមន្ត្រីអាជ្ញាធរជាតិអាវុធគីមីក្នុងស្រុកធ្វើការស៊ើបអង្កេតស្រាវជ្រាវទៅលើគ្រាប់បែកគីមីដែលបានទម្លាក់ទៅលើតំបន់មួយចំនួននៅខេត្តមណ្ឌលគិរី ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀងក្នុងសម័យសង្គ្រាមវៀតណាមកាលពីទសវត្សរ៍ ១៩៧០ ។
ក្រុមបច្ចេកទេសរបស់អង្គការហាមឃាត់អាវុធគីមីនៃអង្គការសហប្រជាជាតិបានមកដល់កម្ពុជានាពេលនេះគឺកើតឡើងក្រោយរាជរដ្ឋាភិលកម្ពុជាដាក់លិខិតផ្លូវការស្នើឲ្យអង្គការមួយនេះដើម្បីបញ្ជូនក្រុមបច្ចេកទេសខាងអាវុធគីមីមកពិនិត្យវាយតម្លៃ និងចូលរួមបោសសម្អាតគ្រាប់បែកគីមីដែលរកឃើញនៅលើទឹកដីខេត្តមណ្ឌលគិរី ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង។
លោក ទៀ បាញ់ បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយផែនការ សកម្មភាពជាតិគីមី ជីវសាស្ត្រ វិទ្យុសកម្ម នុយក្លេអ៊ែរ ដែលធ្វើឡើងនៅព្រឹកថ្ងៃចន្ទនៅសណ្ឋាគារភ្នំពេញថា៖ «អង្គការ OPCW បានបញ្ជូនមនុស្សមកដល់កម្ពុជាហើយថាពួកគេនឹងចាប់ធ្វើការសិក្សាស្រាវជ្រាវ និងដោះស្រាយបញ្ហាគ្រាប់បែកគីមីនៅថ្ងៃស្អែក (ថ្ងៃនេះ) នៅខេត្តមណ្ឌលគិរីហើយថាវាគឺជាជោគជ័យជំហានដំបូងដែលកម្ពុជាត្រូវបានអង្គការមួយនេះយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវ ខណៈពេលអាមេរិកបានធ្វើព្រងើយកន្តើយ និងមិនបានគិតគូរពីសុខទុក្ខរបស់កម្ពុជាដោយតែសារធាតុគីមីដែលកម្ពុជាបានរកឃើញគឺមានអត្តសញ្ញាណជាក់លាក់ដែលបានផលិត និងប្រើប្រាស់នាំមកទម្លាក់នៅក្នុងសម័យសង្គ្រាមពីកងទ័ពសហរដ្ឋអាមេរិក»។
លោក ទៀ បាញ់ បានថ្លែងថា៖ «យើងមានអង្គការនេះហាក់មានការចាប់អារម្មណ៍ហើយបានមកគិតគូរហើយជួយរកវិធីដើម្បីនឹងបន្សាប ឬដោះស្រាយបញ្ហាដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងនេះ។ យើងគ្រោងចុះទៅខេត្តមណ្ឌលគិរី ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀងហើយស្វាយរៀងគឺជាកន្លែងក្តៅបំផុតដែលយើងបានរកឃើញកាន់តែច្រើនចំណុច។ ពួកយើងនឹងចុះទៅធ្វើសហប្រតិបត្តិការនៅកន្លែងនោះហើយវាទៅតាមសភាពការណ៍ជាក់ស្តែងដែលគេនឹងចាប់ផ្តើមដំណើរការហើយយើងក៏មានក្រុមការងាររបស់យើងអម និងធ្វើការជាមួយគ្នា»។
ទោះជាយ៉ាងណាក៏ដោយលោក ទៀ បាញ់ បានអះអាងសាជាថ្មីថា សហរដ្ឋអាមេរិកមិនបានគិតគូរមកជួយដោះស្រាយបញ្ហាដែលបានទម្លាក់គ្រាប់បែកនៅកម្ពុជាទេ ប៉ុន្តែនៅតែបន្តបង្ខំឲ្យកម្ពុជាសងបំណុលហើយនៅចុងក្រោយនេះបានដាក់ទណ្ឌកម្មទិដ្ឋាការមកលើកម្ពុជាដោយចោទថាបានរំលោភសិទ្ធិមនុស្ស និងថាបានធ្វើឲ្យប្រជាធិបតេយ្យធ្លាក់ចុះនៅពេលកម្ពុជាគ្រាន់តែធ្វើកិច្ចការដើម្បីពង្រឹងសន្តិភាព និងលទ្ធិប្រជាធិបតេយ្យឲ្យកាន់តែរឹងមាំ ហើយថារដ្ឋាភិបាលកម្ពុជានៅស្ងប់ស្ងៀមបន្ទាប់ពីសហរដ្ឋអាមេរិចដាក់កម្រិត។
លោកបានថ្លែងថា៖ «ប្រសិនបើយើងនិយាយតែឯងពេកគេអាចចោទយើងថា យើងមានចេតនាអាក្រក់ណាមួយចំពោះសហរដ្ឋអាមេរិកហើយអ្វីដែលយើងបាននិយាយក្នុងរយៈពេលកន្លងមក វាអាចនឹងទទួលបានផលច្រើនដូចដែលយើងបាននិយាយថាទម្លាក់គ្រាប់បែកមកលើយើងហើយនៅតែបង្ខំឲ្យយើងសងបំណុលបន្តបន្ទាប់។ ហើយមិនត្រឹមតែប៉ុណ្ណឹងទេបន្ទាប់មកទៀតមានការកម្រិត (ទិដ្ឋាការ) ថ្មីដែលយើងបានឃើញហើយ និងទណ្ឌកម្មដូច្នេះបើសិនជាយើងនិយាយខ្លាំងពេកគឺក្រែងលោគេថាយើងអីក៏ចេះដឹងម្ល៉េះ។ ដូច្នេះយើងឲ្យមិត្តភក្តិដែលមានការគិតគូរជាពិសេសអ្នកដែលស្រឡាញ់សន្តិភាព និងយុត្តិធម៌ទាំងឡាយជួយមើលផងដែលរងផលប៉ះពាល់នាពេលកន្លងមកនេះ»។
លោកបានបន្តថា៖ «គេបានចោទអ៊ីចេះ ចោទអ៊ីចុះហើយរំលោភសិទ្ធិមនុស្ស និងធ្វើឲ្យប្រជាធិបតេយ្យធ្លាក់ចុះ ឬដល់ថ្ងៃអវសាន ឬដល់ថ្លៃស្លាប់ ឫមិនគោរពសិទិ្ធមនុស្សតែតាមការពិតជាក់ស្តែងមិនធ្វើបានទាល់តែសោះ តែយើងធ្វើកិច្ចការទាំងអស់នេះគឺយើងធ្វើដើម្បីពង្រឹងសន្តិភាព និងលទ្ធិប្រជាធិបតេយ្យឲ្យកាន់តែរឹងមាំ»។
លោកបានបន្តថា៖ «គោលបំណងសំខាន់របស់រាជរដ្ឋាភិបាលគឺខិតខំគ្រប់បែបយ៉ាងដើម្បីទាក់ទាញប្រទេស និងអង្គការជាមិត្ត និងអ្នកដែលមានសន្តានចិត្តដើម្បីជួយដោះស្រាយបញ្ហា»។
នៅពេលដែលសួរអំពីការពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកនៅក្នុងដំណើរការស៊ើបអង្កេតនេះលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់បានថ្លែងថា៖ «មានការពិភាក្សាខ្លះហើយ។ យើងនឹងបន្តកិច្ចសហប្រតិបតិ្តការទ្វេភាគីបន្តទៀត»៕