ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែស្រាពណ៍ ឆ្នាំថោះ
បញ្ជស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២៣
(សៀមរាប)៖ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ កិច្ចប្រជុំអាជ្ញាធរជាតិលើកទី២១ នៃរដ្ឋភាគីរបស់អនុសញ្ញាអាវុធគីមី (CWC) នៅក្នុងតំបន់អាស៊ីដែលរៀបចំឡើងនៅសណ្ឋាគារអង្គរមីរ៉ាខល (Angkor Miracle) ក្នុងទីរួមខេត្តសៀមរាប។ សូមជម្រាបផងដែរថា កិច្ចប្រជុំដ៏មានសារៈសំខាន់ខាងលើគឺទទួលបាននូវការសហការនិងឧបត្ថម្ភគាំទ្រដោយអង្គការការហាមឃាត់អាវុធគីមីដែលហៅកាត់ថា OPCW។
កិច្ចប្រជុំខាងលើប្រព្រឹត្តទ្បើងរយៈពេលចំនួន០៣ថ្ងៃ ពីថ្ងៃទី២៩ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារអង្គរមីរ៉ាខល(Angkor Miracle) ក្នុងទីរួមខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីបណ្តាសមាជិកនៃរដ្ឋភាគីពាក់ព័ន្ធចំនួន៣៣ប្រទេស។
នាឱកាសនៃកិច្ចប្រជុំថ្ងៃទី៣ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានផ្តោតទៅលើកិច្ចពិភាក្សាការងារមួយចំនួនដូចខាងក្រោម៖
ខ្លឹមសារនៃកិច្ចប្រជុំ
–សង្ខេបឡើងវិញអំពីកិច្ចប្រជុំនៅថ្ងៃទី២
–មន្រ្តីអង្គការ OPCW ណែនាំអំពីកម្មវិធីណែនាំ និងភាពជាដៃគូ (Mentorship Parthnership Program)
–មន្រ្តីតំណាងប្រទេសឥណ្ឌា ម៉ាឡេស៊ី និងអូស្ត្រាលី បានធ្វើកិច្ចពិភាក្សា (Panel Discussion) លើការគាំទ្រអភិវឌ្ឍន៍សមត្ថភាពតាមរយ:កម្មវិធីណែនាំ និងភាពជាដៃគូរ
–មន្ត្រីការិយាល័យកិច្ចការរំសាយអាវុធរបស់អង្គការសហប្រជាជាតិ (UNODA) ទទួលបន្ទុក UNSCR 1540 បានធ្វើបទបង្ហាញអំពីយន្តការ និងសកម្មភាពគាំទ្រការអនុវត្តអនុសញ្ញាអាវុធគីមី (CWC) ក្នុងតំបន់ និងអនុតំបន់
–បិទកិច្ចប្រជុំដោយឧត្តមសេនីយ៍ទោ នឿន វិទ្យា នាយក នាយកដ្ឋានគ្រប់គ្រងសារធាតុអាវុធគីមី តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ អាជ្ញាធរជាតិអាវុធគីមី។
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ