ព័ត៌មាន

សិក្ខាសាលាស្ដីពីគំនិតផ្ដួចផ្ដើមលើកិច្ចពិភាក្សាពីអាវុធមីស៊ីល របស់វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ(The IISS Missile Dialogue initiative Workshop)!

(ប្រទេសជប៉ុន)÷ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត  ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម និង វរសេនីយ៍ទោ ដេត ណាឫទ្ធី ជំនួយការ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត អគ្គលេខាធិការ បានអញ្ជើញចូលរួម សិក្ខាសាលាស្ដីពីគំនិតផ្ដួចផ្ដើមលើកិច្ចពិភាក្សាពីអាវុធមីស៊ីលរបស់វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ(The IISS Missile Dialogue initiative Workshop) ក្រោមការរៀបចំដោយ វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្រ្ត (International Institute for Strategic Studies, IISS ) ដែលមានសមាសភាពចូលរួមចំនួន៤៦នាក់ មកពីបណ្តាស្ថាប័នពាក់ព័ន្ធរដ្ឋ និងឯកជនផងដែរ។

សិក្ខាសាលានេះផ្តោតលើការគ្រប់គ្រងអាវុធបច្ចេកវិទ្យាកាំជ្រួចមីស៊ីល និងថាមវន្តសន្តិសុខក្នុងតំបន់ ជាពិសេសលើទិដ្ឋភាពនៃការអភិវឌ្ឍនូវសមត្ថភាពអាវុធនុយក្លេអ៊ែរ និងកាំជ្រួចមីសុីលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្នុងនោះដែរអង្គសិក្ខាសាលាក៏បានលើកការពិភាក្សាអំពី ការកាត់បន្ថយហានិភ័យជាយុទ្ធសាស្ត្រ និងការមិនរីកសាយភាយក្នុងតំបន់ និងរបបគ្រប់គ្រងនៃការនាំចេញបច្ចេកវិទ្យានុយក្លេអ៊ែរ និងបច្ចេកវិទ្យាកាំជ្រួចមីសុីលផងដែរ។

សិក្ខាសាលាខាងលើបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន៕