(ប្រទេសកូរ៉េ)÷ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា បានអញ្ជើញចូលរួមសិក្ខាសាលាថ្នាក់អនុតំបន់ ស្តីពី “ការផ្លាស់ប្តូរបទពិសោធន៍លើការដោះស្រាយនូវភាពខុសគ្នានៃការផ្ទេរបញ្ជូនសារធាតុគីមី និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀត” (Sub-Regional Workshop on Sharing Best Practices in Resolving Transfer Discrepancies) ដែលមានសមាសភាពចូលរួមសរុប ចំនួន ២៧រូប មកពី១១ប្រទេស និងមន្ត្រីជាន់ខ្ពស់នៃអង្គការហាមឃាត់អាវុធគីមី (OPCW) ។
សិក្ខាសាលាខាងលើនេះមានគោលបំណងប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិមកពីអនុតំបន់អាស៊ី ដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈលើការដោះស្រាយនូវភាពខុសគ្នានៃការផ្ទេរបញ្ជូនសារធាតុគីមី និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀត ហើយក៏ជាវេទិកាសម្រាប់រដ្ឋភាគីដើម្បីចែករំលែកបទពិសោធន៍នៃការអនុវត្តន៍ល្អៗ និងបញ្ហាប្រឈមផ្សេងៗផងដែរ។ ក្នុងរយៈពេល០២ថ្ងៃនៃអង្គសិក្ខាសាលានេះមានការធ្វើបទបង្ហាញនិងកិច្ចពិភាក្សាសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១. អ្នកជំនាញនៃ OPCW បានធ្វើបទបង្ហាញចំនួន២ ជូនតំណាងរដ្ឋភាគីដែលបានចូលរួម៖
– ការទប់ស្កាត់ការកើតឡើងវិញនៃអាវុធគីមី និងកាតព្វកិច្ចអនុលោមតាមមាត្រា VI
– ការណែនាំអំពីមាត្រា VI ស្តីពីសេចក្តីប្រកាសពាណិជ្ជកម្ម និងភាពខុសគ្នានៃការផ្ទេរសារធាតុគីមី
២. ព្រះរាជាណាចក្រកម្ពុជា សាធារណៈរដ្ឋកូរ៉េ ប្រទេសហ្វីលីពីន និងប្រទេសអូស្ត្រាលី បានចូលរួមចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមស្តីពីការកំណត់នៅក្នុងការចងក្រងទិន្នន័យពាណិជ្ជកម្មលើសារធាតុគីមី ក្នុងតារាង Schedule១, Schedule២ និង Schedule៣ អនុលោមតាមមាត្រា៦ នៃអនុសញ្ញាអាវុធគីមី។
៣. ប្រទេសមីយ៉ាន់ម៉ា ប្រទេសឥណ្ឌូនេស៊ី ប្រទេសវៀតណាម និងប្រទេសចិន បានចូលរួមកិច្ចពិភាក្សាលើមូលហេតុទូទៅនៃភាពខុសគ្នាក្នុងការផ្ទេរសារធាតុគីមី។
៤. ប្រទេសអូស្ត្រាលី ប្រទេសជប៉ុន ប្រទេសថៃ និងប្រទេសម៉ាឡេស៊ី បានចូលរួមកិច្ចពិភាក្សាស្តីពីការអនុវត្តល្អៗសម្រាប់ការដោះស្រាយបញ្ហាភាពខុសគ្នាក្នុងការផ្ទេរសារធាតុគីមី។
ជាចុងក្រោយតំណាងប្រទេសទាំងអស់រួមគ្នាក្នុងការធ្វើលំហាត់លើតុស្តីពីការផ្ទេរសារធាតុគីមីមិនស្របគ្នា និងការណែនាំក្នុងការកែសម្រួល។
សិក្ខាសាលាខាងលើបានប្រព្រឹត្តទៅអស់រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់
ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ៕









