ព័ត៌មាន

សិក្ខាសាលាថ្នាក់តំបន់ស្តីពីការអនុវត្តអនុសញ្ញាអាវុធជីវសាស្រ្ត ការលើកកម្ពស់សុវត្ថិភាពជីវសាស្រ្ត និងសន្តិសុខជីវសាស្រ្តអាស៊ីអាគ្នេយ៍!

(សាធារណ:រដ្ឋប្រជាមានិតចិន)÷ ឧត្តមសេនីយ៍ទោ នឿន ប្រាជ្ញា នាយក នាយកដ្ឋានគ្រប់គ្រងសារធាតុគីមី នៃអគ្គលេខាដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម រួមជាមួយ ឧត្តមសេនីយ៍ត្រី កេន កិត្យារដ្ឋ បានអញ្ជើញចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពីការអនុវត្តអនុសញ្ញាអាវុធជីវសាស្រ្ត ការលើកកម្ពស់សុវត្ថិភាពជីវសាស្រ្ត និងសន្តិសុខជីវសាស្រ្តអាស៊ីអាគ្នេយ៍ (Regional Workshop on Implementing the Biological Weapons Convention and Promoting Biosafety and Biosecurity in Southeast Asia) ដែលមានសមាសភាពចូលរួមសរុបចំនួន ៧១រូប មកពីបណ្ដាប្រទេសចំនួន១២ និងស្ថាប័នជំនាញចំនួន០៦។
សិក្ខាសាលានេះរៀបចំឡើងដោយរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន និងប្រទេសឡាវ សម្រាប់មន្ត្រីនៃអាស៊ីអាគ្នេយ៍ដែលពាក់ព័ន្ធនឹងការអនុវត្ត BWC ក្នុងគោលបំណងចម្បង គឺដើម្បីផ្លាស់ប្តូរព័ត៌មាន និងចែករំលែកការអនុវត្តល្អក្នុងចំណោមរដ្ឋភាគីនៅក្នុងតំបន់ អំពីវិធីសាស្រ្តដែលត្រូវបានអនុម័ត សម្រាប់ការអនុវត្ត BWC ។ សិក្ខាសាលានេះក៏បានលើកកម្ពស់វិធានការកសាងទំនុកចិត្ត (CBMs) និងដោះស្រាយការអនុវត្តវិធីសាស្រ្តទូលំទូលាយឆ្ពោះទៅរកការពង្រឹងសុវត្ថិភាព ជីវសាស្ត្រ និង សន្ដិសុខ ជីវសាស្ត្រ។ លើសពីនេះសិក្ខាសាលានឹងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងកំណត់ការរួមផ្សំដ៏មានសក្តានុពលជាមួយនឹងគំនិតផ្តួចផ្តើមថ្នាក់ជាតិ និងអន្តរជាតិ។
សិក្ខាសាលាខាងលើបានប្រព្រឹត្តទៅមានរយៈពេលចំនួន០៣ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងShenzhen សាធារណ:រដ្ឋប្រជាមានិតចិន៕