(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ ដោយបានការរអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម ឧត្តមសេនីយ៍ទោ វ៉ាន សំរេច នាយករងនាយកដ្ឋានហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលជំនាញ រួមទាំងក្រុមការងារបានអញ្ជើញចូលរួមសិក្ខាសាលាតាមប្រព័ន្ធនិម្មិត (Zoom)ស្តីពីឧបករណ៍សម្រាប់ការអនុវត្តត្រួតពិនិត្យ ពាណិជ្ជកម្មគីមីជាយុទ្ធសាស្ត្រ (Virtual Workshop on Tools for Strategic Chemical Trade Control Enforcement) ដែលបានរៀបចំដោយមជ្ឈមណ្ឌលស្ទីមសុន (STIMSON CENTER) ក្រោមជំនួយរបស់នាយកដ្ឋានកិច្ចការសកលនៃប្រទេសកាណាដា(Global Affairs Canada) ព្រមទាំងមានសមាសភាពចូលរួមពីមន្ត្រីនៃបណ្តាប្រទេសនានាជាច្រើនរូប ហើយក្នុងនេះដែរ ក៏មានវត្តមានមន្រ្តីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាផងដែរ។
សិក្ខាសាលានេះផ្តោតលើភាពងាយរងគ្រោះនៅក្នុងការពង្រឹងការគ្រប់គ្រងយុទ្ធសាស្រ្តពាណិជ្ជកម្ម ដែលគាំទ្ររបបមិនរីកសាយភាយអាវុធគីមី។ ព្រមទាំងបានធ្វើបទបង្ហាញអំពីកម្មវិធីកុំព្យូទ័រ ដែលជាឧបករណ៍សម្រាប់ដោះស្រាយលើភាពងាយរងគ្រោះដែលបានបង្កើតឡើងដោយស្ថាប័នឯកជន និងស្ថាប័នរដ្ឋ។ ជាចុងក្រោយក៏មានកិច្ចពិភាក្សាអំពីគុណវិបត្តិ ក៏ដូចជាផលវិបាកក្នុងការប្រើប្រាស់កម្មវិធីកុំព្យូទ័រ ដែលជាឧបករណ៍ស្រាយនូវបញ្ហាប្រឈមដែលអ្នកចូលរួមសិក្ខាសាលាបានជួបប្រទះកន្លងមកក្នុងការកំណត់សារធាតុគីមី ដែលត្រូវបាននាំចេញ-នាំចូលផងដែរ។
សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០២:៣០នាទីរសៀលនៅសាលប្រជុំចាស់ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី៕