ព័ត៌មាន

វគ្គបណ្ដុះបណ្ដាលនៃវេទិកាតំបន់អាស៊ីស្ដីពី ការពង្រឹងក្របខណ្ឌច្បាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភារវកម្មដោយគីមីសាស្ត្រ ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ !

(ប្រទេសម៉ុងហ្គោលី)÷ឧត្តមសេនីយ៍ទោ វ៉ាន សំរេច នាយករង នាយកដ្ឋានហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលជំនាញ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរជីវសាស្ត្រ និងវិទ្យុសកម្ម រួមជាមួយមន្ត្រីអន្តរក្រសួងស្ថាប័នកម្ពុជាចំនួន ៣រូបផ្សេងទៀតបានអញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលនៃវេទិកាតំបន់អាស៊ីស្តីពី ការពង្រឹងក្របខណ្ឌច្បាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មដោយគីមីសាស្រ្ត ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ (Strengthening Legal Frameworks to Combat Chemical, Biological, Radiological, and Nuclear (CBRN) Terrorism ដែលបានរៀបចំដោយ ប្រទេសម៉ុងហ្គោលី ប្រទេសវៀតណាម និងសហរដ្ឋអាមេរិក ក្នុងក្របខ័ណ្ឌវេទិកាតំបន់អាស៊ាន ដោយមានជំនួយឧបត្ថម្ភពីការិយាល័យទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្មនៃអង្គការសហប្រជាជាតិ (UNODC) ការិយាល័យទទួលបន្ទុកការប្រឆាំងភេរវកម្មនៃអង្គការសហប្រជាជាតិ (UNOCT) និងសហភាពអឺរ៉ុប (European Union)។

វគ្គបណ្ដុះបណ្ដាលនេះបានធ្វើបទបង្ហាញពន្យល់ដោយមន្ត្រីជំនាញ UNODC, UNOCT និងមន្ត្រីជំនាញនៃសហរដ្ឋអាមេរិក អំពីក្របខ័ណ្ឌច្បាប់អន្តរជាតិសំខាន់ៗរួមមាន UNSCR1540, ICSANT, A/CPPNM, និង Beijing Convention ព្រមទាំងបានធ្វើលំហាត់លើតុដោយតម្រូវឲ្យអ្នកចូលរួមធ្វើការដោះស្រាយបញ្ហាភេរវកម្ម CBRN ដោយផ្ដើមពីក្នុងប្រទេស ថ្នាក់តំបន់ និងការប្រើប្រាស់ក្របខ័ណ្ឌច្បាប់អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិនេះ។ វគ្គបណ្តុះបណ្តាលនេះបាទប្រព្រឹត្តទៅយ៉ាងរលូនប្រកបដោយផ្លែផ្កា ដោយអ្នកចូលរួមទទួលបានចំណេះដឹងបន្ថែមអំពីក្របខណ្ឌច្បាប់អន្តរជាតិ និងការដោះស្រាយបញ្ហាប្រឈមផ្សេងៗដែលបង្កឡើងដោយភេរវករទាំងក្នុងប្រទេស  និងក្នុងតំបន់។ ក្រៅពីនេះមន្ត្រីជំនាញនៃ UNODC និង UNOCT បានជម្រុញ និងលើកទឹកចិត្តបណ្តាប្រទេសដែលបានចូលរួម គួរធ្វើការផ្តល់សច្ចាប័នលើ ICSANT និងA/ CPPNM។

វគ្គបណ្ដុះបណ្ដាលខាងលើបានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី៕