ព័ត៌មាន

ភាពជោគជ័យជាបន្តបន្ទាប់នៃដំណើរដ៏វែងឆ្ងាយ…!

(ទីក្រុងវៀងច័ន្ទ, ប្រទេសឡាវ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូតំណាងព្រះរាជាណាចក្រកម្ពុជា ចូលរួមសិក្ខាសាលាថ្នាក់ជាតិស្តីពី ការអនុវត្តប្រកបដោយប្រិសិទ្ធភាព នៃសេចក្តីសម្រេចចិត្តក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លេខ១៥៤០ (២០០៤) (National Workshop on Effective Implementation of the UNSCR 1540(2004)) ក្រោមកិច្ចសម្របសម្រួលដោយ ការិយាល័យទទួលបន្ទុកកិច្ចការកាត់បន្ថយសព្វាវុធ នៃអង្គការសហប្រជាជាតិ (UNODA) និងឧបត្ថម្ភដោយ គណៈកម្មការ១៥៤០ នៃប្រទេសជប៉ុន និងប្រទេសកូរ៉េ។ សិក្ខាសាលានេះមានការចូលរួមពីបណ្តាក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធនៃប្រទេសឡាវជាច្រើន ទន្ទឹមនឹងនេះក៏មានការចូលរួមពីបណ្តាប្រទេសផ្សេងៗដូចជា÷ កម្ពុជា ម៉ាឡេស៊ី វៀតណាម សិង្ហបុរី ព្រមទាំងបណ្តាស្ថាប័ន UN និងអង្គការអន្តជាតិពាក់ព័ន្ធមួយចំនួនផ្សេងទៀតផងដែរ។

សិក្ខាសាលានេះបានបង្កើនការយល់ដឹង និងចែករំលែកបទពិសោធន៍ នៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លេខ១៥៤០ ជូនដល់តំណាង ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធនៃប្រទេសឡាវ ដើម្បីកសាងផែនការសកម្មភាពជាតិនៃការអនុវត្តសេចក្តីសម្រេចចិត្ត លេខ១៥៤០។ ជាលទ្ធផល នៃសិក្ខាសាលានេៈ គឺទទួលបានការយកចិត្តទុកដាក់ និងបានពិភាក្សាយ៉ាងផុសផុល ក៏ដូចជាចែករំលែកនូវបទពិសោធន៍ បញ្ហាប្រឈម ពាក់ព័ន្ធជាមួយនឹងការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃសេចក្តីសម្រេចចិត្តក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លេខ១៥៤០ នេះផងដែរ។

អង្គសិក្ខាសាលានេះបានប្រព្រឹត្តទៅយ៉ាងរលូន ប្រកបដោយជោគជ័យតាមផែនការ និងតាមកម្មវិធីដែលបានគ្រោងទុក ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ៕