(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការអនុវត្តន៍នៃវិធានការកសាងទំនុកចិត្ត (Confidence-Building Measure CBMs)របស់អនុសញ្ញាអាវុធជីវសាស្រ្ត (BWC) ព្រមទាំងមានការចូលរួមជាគណៈអធិបតីពី លោក Alex Lampalzer អនុប្រធានអង្គភាពគាំទ្រការអនុវត្តន៍អនុសញ្ញាអាវុធជីវសាស្រ្ត នៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការកាត់បន្ថយអាវុធជីវសាស្ត្រ ដែលមានសាខានៅទីក្រុងហ្សឺណែវ (UNODA) និងជាមន្ត្រីតំណាងគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា(TBC) ព្រមទាំងមន្រ្តីនៃអាជ្ញាធរជាតិអាវុធគីមី មន្រ្តីជំនាញមកពីការិយាល័យទទួលបន្ទុកកិច្ចការកាត់បន្ថយសព្វាវុធ នៃអង្គការសហប្រជាជាតិដែលហៅកាត់ថា (UNODA) និងមន្រ្តីនៃស្ថាប័នពាក់ព័ន្ធផងដែរ។
គោលបំណងចម្បងនៃការរៀបចំសិក្ខាសាលានេះទ្បើង គឺដើម្បីផ្សព្វផ្សាយពីសារៈសំខាន់នៃអនុសញ្ញាអាវុធជីវសាស្រ្តទៅកាន់អ្នកចូលរួមពាក់ព័ន្ធ ជាពិសេសផ្តល់នូវការយល់ដឹងឲ្យកាន់តែស៊ីជម្រៅអំពីការរៀបចំរបាយការណ៍ វិធានការនៃការកសាងទំនុកចិត្ត ដែលហៅកាត់ថា CBM ហើយព្រមទាំងជួយសម្រួលឲ្យកាន់តែមានភាពងាយស្រួលដល់ការបញ្ជូនរបាយការណ៍ CBM របស់ប្រទេសកម្ពុជានាពេលអនាគត។
ពិធីប្រកាសបើកអង្គសិក្ខាសាលានេះ បានប្រព្រឹត្តទៅនៅ ថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារ Hyatt Regency Phnom Penh៕