(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ថ្លែងសន្ទរកថាបិទសិក្ខាសាលា ស្តីពី”CBRN Table top and field Exercises, Simulation, Training (TEST) to mitigate risks” នៃគម្រោងលេខ ១០៦ជំហានទី២ ព្រមទាំងមានការចូលរួមជាគណៈអធិបតីពី លោក John Jones ប្រធានដឹកនាំគម្រោងលេខ១០៦ មន្ត្រីជំនាញISEMI មន្រ្តីអាជ្ញាធរជាតិអាវុធគីមី និងមន្រ្តីនៃអន្តរស្ថាប័នពាក់ព័ន្ធផងដែរ។
សិក្ខាសាលារយៈពេលចំនួន៩ថ្ងៃ ពីថ្ងៃទី២ ខែធ្នូ ឆ្នំា២០២៤ ដល់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ និងពីថ្ងៃទី៩ ខែធ្នូ ឆ្នំា២០២៤ ដល់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ទទួលបានភាពជោគជ័យយ៉ាងរលូន និងគួរជាទីគាប់ចិត្ត ដោយមានការចូលរួមសហការអនុវត្តពីមន្រ្តីសិក្ខាកាមតំណាងឱ្យស្ថាប័នពាក់ព័ន្ធរួមមាន មន្រ្តីសម្របសម្រួល និងកម្លាំងឆ្លើយតប CBRN នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី មន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងពន្លត់អគ្គីភ័យ ង៧០ (RRC711) និងមន្រ្តីមន្ទីរពេទ្យព្រះកេតុមាលា ។ សិក្ខាសាលានេះ បានបង្កើនសមត្ថភាពទៅដល់កម្លាំងឆ្លើយតប CBRN របស់អាជ្ញាធរជាតិអាវុធគីមី និងការសហការជាមួយស្ថាប័នពាក់ព័ន្ធឱ្យកាន់តែមានសមត្ថភាពបន្ថែម ក្នុងការត្រៀមខ្លួនប្រតិបត្តិការយកសំណាកភ្នាក់ងារគីមីនៅក្នុងប្រទេសកម្ពុជា។ សិក្ខាសាលាបាន ធ្វើការបណ្តុះបណ្តាល ចែករំលែកចំណេះដឹងបទពិសោធន៍ពីមន្រ្តីជំនាញអន្តរជាតិទៅលើកិច្ចការពាក់ព័ន្ធសំខាន់ៗមានដូចជា ការចុះរាវរកសំណាកគីមី ការវេចខ្ចប់សំណាក ការលាងសម្អាត ការជួយសង្គ្រោះ ការដឹកសំណាក និងការងារសហការអនុវត្តការងារជាមួយស្ថាប័នពាក់ព័ន្ធ។
ថ្លែងក្នុងឱកាសនៃការបិទសិក្ខាសាលានេៈដែរ តាងនាមតំណាងឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រី្តក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិអាវុធគីមី
ឯកឧត្តម បណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាផ្លែផ្កា ទៅកាន់លោក John Jones ប្រធានដឹកនាំគម្រោង ១០៦ ថ្មី លោកបណ្ឌិត Marian Kolencik អ្នកជំនាញ ក្នុងគម្រោង ១០៦ នៃវិទ្យាស្ថាន ISEMI លោក Lubos Trudic អ្នកជំនាញ ក្នុងគម្រោង ១០៦ នៃវិទ្យាស្ថាន ISEMI លោក Stanley Cheong ជំនួយការអនុវត្តលំហាត់ជាក់ស្តែងលើទីលាន និងជាលេខាធិការ EU CBRN ប្រចាំនៅអាស៊ីអាគ្នេយ៍ និងក្រុមអ្នកជំនាញ ISEMI ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី តំណាងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសិក្ខា បណ្តុះបណ្តាល អស់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
ឯកឧត្តមបានបន្តលើកទ្បើងថាឆ្លងកាត់រយៈពេល ០៩ កន្លងថ្ងៃមកនេះ យើងពិតជាអាចមើលឃើញ និងយល់កាន់តែច្បាស់អំពីទិសដៅ ដែលបានតម្រង់ សម្រាប់សិក្ខាសាលាបណ្តុះបណ្តាលស្តីពី “CBRN Table Top and Field Exercises, Simulations, Training (TEST) to Mitigate Risks” ដោយផ្តល់នូវបទពិសោធន៍ថ្មីៗល្អៗ ដើម្បីបំពេញការងារឱ្យកាន់តែល្អប្រសើរឡើង ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយសុវត្ថិភាព និងវិជ្ជាជីវៈ។ លទ្ធផលដែលទទួលបានពីអង្គសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់អនុវត្តតាមបណ្តាអង្គភាពពាក់ព័ន្ធនូវសន្តិសុខ CBRN ឱ្យកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងឆ្លើយតបទៅនឹងគោលការណ៍ក្នុងការទប់ស្កាត់ការរីកសាយភាយគ្រោះថ្នាក់ CBRN ដែលអាចនឹងបង្កផលវិបាកកម្រិតខ្ពស់នៅកម្ពុជា។
ឯកឧត្តម បានគូសបញ្ចាក់ថា បើទោះបីព្រះរាជាណាចក្រកម្ពុជាមិនមែនជាប្រទេសមុខសញ្ញាសម្រាប់ភេវកម្មរឺភេរវករធ្វើសកម្មភាពវាយប្រហារក៏ដោយក៏ប្រទេសកម្ពុជាត្រូវការសន្តិភាពសន្តិសុខមិនត្រឹមតែក្នុងប្រទេសរបស់ខ្លូននោះទេក៏ប៉ុន្តែសម្រាប់ប្រទេសក្នុងតំបន់ និងសកលលោកទាំងមូលឱ្យជៀសផុតពីការគំរាមកំហែងពីភាពអសន្តិសុខបង្កទ្បើងដោយអាវុធរឺបច្ចេកវិទ្យាសម្ភារៈឧបករណ៍គីមី ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរផងដែរ។
ជាទីបញ្ចប់ ឯកឧត្តម បណ្ឌិត បានជូនលិខិតថ្លែងអំណរគុណនិងវត្ថុអនុស្សាវរីយ៍ទៅដល់លោក លោក John Jones, ប្រធានដឹកនាំគម្រោងលេខ១០៦ លោក Dr. Marian Kolencik, មន្រ្តីជំនាញISEMI លោក Lubos Trudic, មន្រ្តីជំនាញ ISEMI លោក Stanley Cheong ជំនួយការអនុវត្តលំហាត់ជាក់ស្តែងលើទីលាន មន្រ្តីជំនាញអន្តរជាតិមកពីបណ្តាប្រទេសផ្សេងៗ មន្រ្តីតំណាងស្ថាប័ន ព្រមទាំងបានជូនលិខិតបញ្ជាក់ពីការចូលរួមសិក្ខាសាលាទៅដល់មន្ត្រីសិក្ខាកាមទាំងមូលផងដែរ។
ពិធីប្រកាសបិទបញ្ចប់សិក្ខាសាលាបានប្រព្រឹត្តទៅនៅ ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសយងការពារជាតិ៕
























