(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការអនុវត្តន៍នៃវិធានការកសាងទំនុកចិត្ត (Confidence-Building Measure CBMs) របស់អនុសញ្ញាអាវុធជីវសាស្រ្ត (BWC) ព្រមទាំងមានការអញ្ជើញចូលរួមជាគណៈអធិបតីពី លោក Alex Lampalzer អនុប្រធានអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអាវុធជីវសាស្រ្ត នៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការកាត់បន្ថយអាវុធ ដែលមានសាខានៅទីក្រុងហ្សឺណែវ (UNODA)និងជាមន្ត្រីតំណាងគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា(TBC) ព្រមទាំងមន្ត្រីនៃអាជ្ញាធរជាតិអាវុធគីមី មន្ត្រីជំនាញមកពីការិយាល័យទទួលបន្ទុកកិច្ចការកាត់បន្ថយសព្វាវុធ នៃអង្គការសហប្រជាជាតិដែលហៅកាត់ថា(UNODA) និងមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធផងដែរ។
សិក្ខាសាលានេះបានប្រព្រឹត្តរយ:ពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមករាឆ្នាំ២០២៤ ដោយទទួលបានភាពជោគជ័យយ៉ាងរលូន និងគួរជាទីគាប់ចិត្ត សិក្ខាសាលាបានជួយផ្សព្វផ្សាយពីសារៈសំខាន់នៃអនុសញ្ញាអាវុធជីវសាស្ត្រទៅកាន់អ្នកចូលរួមពាក់ព័ន្ធជាពិសេសផ្ដល់នូវការយល់ដឹងឲ្យកាន់តែស៊ីជម្រៅអំពីការរៀបចំរបាយការណ៍វិធានការនៃការកសាងទំនុកចិត្តដែលហៅកាត់ថា CBM ហើយព្រមទាំងជួយសម្រួលឲ្យកាន់តែមានភាពងាយស្រួលដល់ការបញ្ជូនរបាយការណ៍ CBM របស់កម្ពុជានាពេលអនាគត។ ជាទីបញ្ចប់ ឯកឧត្តម បណ្ឌិត ក៏បានជូនលិខិតថ្លែងអំណរគុណដល់លោក Alex Lampalzer និងក្រុមការងារ ព្រមទាំងជូនលិខិតបញ្ជាក់ពីការចូលសិក្ខាសាលាទៅដល់អង្គសិក្ខាកាមទាំងមូលផងដែរ។
ពិធីប្រកាសបិទបញ្ចប់សិក្ខាសាលាបានប្រព្រឹត្តទៅនៅ ថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី២៤ ខែ មករា ឆ្នាំ២០២៤ នៅសណ្ឋាគារ Hyatt Regency Phnom Penh៕