(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ថ្លែងសន្ទរកថាបិទសិក្ខាសាលា ស្តីពីបញ្ជីសារពើភ័ណ្ឌជាតិនៃភ្នាក់ងារបង្ករោគដែលមានហានិភ័យខ្ពស់នៅព្រះរាជាណាចក្រកម្ពុជា គម្រោងលេខ៨១ BIOSEC ជំហាន៤ របស់មជ្ឈមណ្ឌលឧត្តមភាព CBRN សហភាពអឺរ៉ុប (EU CBRN CoE Project 81-BIOSEC) ព្រមទាំងមានការចូលរួមជាគណៈអធិបតីពីលោក Joris Sprokholt អ្នកជំនាញការគម្រោងលេខ៨១ មន្ត្រីនៃអាជ្ញាធរជាតិអាវុធគីមី និងមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធផងដែរ។
សិក្ខាសាលានេះមានរយ:ពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ទទួលបានភាពជោគជ័យយ៉ាងរលូន និងគួរជាទីគាប់ចិត្ត ។ សិក្ខាសាលានេះបានផ្តល់នូវចំណេះដឹងក្នុងការពិនិត្យមើលបញ្ជីសម្ភារៈជីវសាស្រ្តដែលមានហានិភ័យខ្ពស់ និងការអនុវត្តសារពើភ័ណ្ឌជាតិនាពេលបច្ចុប្បន្នរបស់កម្ពុជា។ ថ្លែងក្នុងឱកាសនៃការបិទសិក្ខាសាលានេះ ឯកឧត្តម បណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់ លោក Joris Sprokholt អ្នកជំនាញការគម្រោងលេខ៨១ ដែលបានបង្កើតនូវកម្មវិធីដ៏មានសារៈសំខាន់នេះ ព្រមទាំង ឯកឧត្តម លោក-លោកស្រី ជាតំណាងស្ថាប័នពាក់ព័ន្ធដែលបានអញ្ជើញចូលសិក្ខាសាលានេះផងដែរ។ ឯកឧត្តម បណ្ឌិត បានគូសបញ្ចាក់ថាបើទោះបីជាកន្លងមកមានប្រភពមួយចំនួនបានជួយក្នុងវិស័យសុខាភិបាល និងវិស័យសន្តិសុខ សុវត្ថិភាពជីវសាស្រ្តក៏ពិតមែន ប៉ុន្តែបច្ចុប្បន្ននេះយើងក៏ទទួលបានការជួយឧបត្ថម្ភគាំទ្រ និងសម្របសម្រួលពីសហភាពអឺរ៉ុបដែលជាស្តង់ដាមួយដែលពិភពលោកទទួលស្គាល់។ ឯកឧត្តម បណ្ឌិត បានបន្តទៀតថា កម្ពុជាបច្ចុប្បន្នកំពុងតែខិតខំប្រឹងប្រែងឈានទៅមុខក្នុងការសម្របសម្រួលគ្រប់លក្ខណៈតាមដែលអាចធ្វើទៅបាន ជាពិសេសការបង្កា និងការ ការពារសុវត្ថិភាព សន្តិសុខជីវសាស្រ្ត គឺជាកិច្ចការមួយក្នុងការរួមចំណែក នៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ ។
ជាទីបញ្ចប់ ឯកឧត្តម បណ្ឌិត បានជូនលិខិតថ្លែងអំណរគុណដល់លោក Joris Sprokholt មន្រ្តីជំនាញអន្តរជាតិ នៃមជ្ឈមណ្ឌលឧត្តមភាព CBRN សហភាពអឺរ៉ុប នៃគម្រោងលេខ៨១ និងក្រុមការងារ ព្រមទាំងប្រគល់លិខិតបញ្ជាក់ពីការចូលរួមដល់សិក្ខាកាមទាំងមូលផងដែរ។
ពិធីប្រកាសបិទបញ្ចប់សិក្ខាសាលាបានប្រព្រឹត្តទៅនៅ ថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី៦ ខែ មីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ Hyatt Regency Phnom Penh៕