ព័ត៌មាន

ពិធីបិទវគ្គហ្វឹកហ្វឺនកម្លាំងឆ្លើយតប!

(កំពង់ឆ្នាំង)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺន កម្លាំងឆ្លើយតបឧប្បត្តិហេតុ ដែលបង្កឡើងដោយ សារធាតុគីមី អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្មជំនាន់ទី៤ វគ្គបំប៉នមូលដ្ឋានគ្រឹះសារធាតុគីមី និងច្បាប់ជំនាន់ទី៣ វគ្គមូលដ្ឋានគ្រឹះនុយក្លេអ៊ែរ និងវិទ្យុសកម្មជំនាន់ទី២ វគ្គមូលដ្ឋានគ្រឹះអាវុធជីវសាស្ត្រជំនាន់ទី១ រួមទាំងវគ្គជំនាញម៉ាស៊ីនវិភាគ និងឧបករណ៍ការពារសារធាតុគីមី និងវិទ្យុសកម្មជំនាន់ទី១។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម បណ្ឌិត អគ្គលេខាធិការ បានធ្វើការកោតសរសើរនិងអបអរសាទរដល់ក្រុមកម្លាំងឆ្លើយតបរបស់យើងដែលទទួលបានការបង្ហាត់បង្រៀនផ្ទាល់ពីគ្រូជំនាញរបស់កងកម្លាំង NATO ហើយក៏សូមឲ្យកងកម្លាំងទាំងអស់ត្រូវត្រៀមខ្លួនជានិច្ច ក្នុងការចុះបំពេញបេសកកម្មក្នុងករណីចាំបាច់ និងបន្តបណ្ដុះបណ្ដាលកងកម្លាំងឆ្លើយតបថ្មីៗបន្ថែមទៀតដើម្បីបំពេញតម្រូវការនាពេលខាងមុខ។ ជាពិសេសរាល់បណ្តានាយកដ្ឋានទាំងអស់ត្រូវធ្វើការរៀបចំមន្ត្រីរបស់ខ្លួនឲ្យបានត្រឹមត្រូវចំជំនាញ ព្រមទាំងខិតខំធ្វើការទំនាក់ទំនងជាមួយដៃគូជំនាញទាំងក្នុងនិងក្រៅប្រទេសដើម្បីជួយបណ្ដុះបណ្ដាលសមត្ថភាពដល់មន្រ្តីរបស់យើងបន្ថែមទៀត។ ឯកឧត្តម បណ្ឌិត ក៏បានធ្វើការផ្ដាំផ្ញើបន្ថែមដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៅក្នុង អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី ត្រូវគោរព ស្មោះត្រង់ នឹងជាតិ សាសនា ព្រះមហាក្សត្រ គោរពបទបញ្ជារបស់រាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតស្របច្បាប់ គោរពបទបញ្ជាថ្នាក់ដឹកនាំ និងគោរពវិន័យក្នុងជួរកងទ័ព តាមឋានានុក្រមអោយបានខ្ជាប់ខ្ជួន ជាពិសេសហាមដាច់ខាត កងកម្លាំងទាំងអស់មិនអោយមានការពាក់ព័ន្ធនឹងគ្រឿងញៀន ទន្ទឹមនឹងនោះ ឯកឧត្តម បណ្ឌិត ក៏បានកើនរំលឹកអំពីការងារមូលដ្ឋានដែលអង្គភាពយើងត្រូវ ទទួលខុសត្រូវទាំងអស់គ្នានោះ សូមបន្តពង្រឹងកិច្ចការនេះឲ្យបានល្អជាទីបំផុត ។

ពិធីបិទវគ្គនេះបានប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៧:០០នាទីព្រឹក នៅវិទ្យាស្ថានស្រាវជ្រាវ និងពិសោធន៍សារធាតុគីមី(លង្វែក)៕