(ប្រទេសជប៉ុន)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានដឹកនាំគណ:ប្រតិភូតំណាងព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើកទី១៨ សម្រាប់មន្ត្រីជាន់ខ្ពស់នៅក្នុងតំបន់អាស៊ីស្តីពី “ការមិនរីកសាយភាយអាវុធ” (The 18th Asia Senior-Level Talks on Non-Proliferation -ASTOP) ដែលមានសមាសភាពចូលរួមសរុប ចំនួន៣៣រូប មកពី២០ប្រទេស ក្រោមការរៀបចំ និងសម្របសម្រួលដោយ រដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលមានខ្លឹមសារដូចខាងក្រោម÷
១.ក្តីបារម្ភទៅលើសកម្មភាពនៃការរីកសាយអាវុធមហាប្រល័យនៅក្នុងតំបន់អាស៊ី (Proliferation Activities of Concern in the Asian Region) ដោយមានការពិភាក្សាអំពីប្រធានបទចំនួន៣រួមមាន÷
–ការប្រឆាំងហិរញ្ញប្បទាននៃការរីកសាយភាយអាវុធមហាប្រល័យ
–ការរីកសាយភាយនៃអាវុធមីស៊ីល និងបច្ចេកវិទ្យាពាក់ព័ន្ធនឹងអាវុធទាំងនោះ
–អំពីស្ថានភាពនៅអ៊ុយក្រែន និងកត្តាពាក់ព័ន្ធនានាទៅលើការមិនរីកសាយភាយអាវុធមហាប្រល័យ។
២.កិច្ចពិភាក្សាអំពីការគ្រប់គ្រងការនាំចេញ(Export Control) ដោយបានពិភាក្សាទៅលើប្រធានបទចំនួន៣ រួមមាន÷
–កិច្ចខិតខំប្រឹងប្រែងថ្មីៗ និងការអនុវត្តល្អៗក្នុងការពង្រឹងការគ្រប់គ្រងការនាំចេញ
–ការពង្រឹងសមត្ថភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការពង្រឹងការគ្រប់គ្រងការនាំចេញ
–ការអភិវឌ្ឍន៍ថ្មីៗនៅក្នុងការគ្រប់គ្រងការនាំចេញរបស់ចិន។
៣.កិច្ចពិភាក្សាអំពីវិធានការកសាងទំនុកចិត្ត(Confidence Building Measures) នៃក្រមប្រតិបត្តិទីក្រុងឡាអេប្រឆាំងនឹងការរីកសាយភាយមីស៊ីលបាលីស្ទិក (HCoC)។
៤.វិធានការការពារសុវត្ថិភាព(Safeguard Measures) ស្តីពីសកលភាវូបនីយកម្មនៃពិធីសារបន្ថែមរបស់ IAEA នៅតំបន់អាស៊ី។
៥.និងវិធានការប្រឆាំងការរីកសាយអាវុធមហាប្រល័យ(Counter Proliferation Measures) ដោយពិភាក្សាអំពីគំនិតផ្តួចផ្តើមក្នុងកិច្ចការពារការរីកសាយភាយ (Proliferation Security Initiative -PSI), ភាពជាដៃគូជាសកលរបស់ G7 (G7 Global Partnership) និងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លេខ១៥៤០(២០០៤)(UNSCR1540-2004) ដោយក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា តំណាងព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួមចែករំលែកបទពិសោធន៍ពាក់ព័ន្ធនិងវឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ១៥៤០(២០០៤)ផងដែរ។
កិច្ចប្រជុំខាងលើមានគោលបំណងចែករំលែកការព្រួយបារម្ភអំពីបញ្ហាការរីកសាយភាយអាវុធមហាប្រល័យ (Weapon of Mass Destruction – WMD)ក្នុងតំបន់ បង្កើនការយល់ដឹងឲ្យកាន់តែស៊ីជម្រៅអំពីវិធានការ នៃការកាត់បន្ថយការរីកសាយភាយ ព្រមទាំងពង្រឹងសមត្ថភាពរបស់ប្រទេសដែលចូលរួមតាមរយៈកិច្ចពិភាក្សា និងបញ្ហាប្រឈមនាពេលអនាគត។ កិច្ចប្រជុំពិភាក្សានេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន៕