ស្វាយរៀងៈ ប្រជាពលរដ្ឋជាង ៨០០ នាក់នៅក្នុងឃុំគគីរត្រូវបានជម្លៀសចេញពីផ្ទះសំបែងប្រមាណ ១ គីឡូម៉ែត្រដើម្បីការពារឲ្យផុតពីគ្រោះថ្នាក់ ខណៈដែលក្រុមការងារអង្គការស៊ីម៉ាក់ និងអាវុធគីមីកំពុងចាប់ផ្តើមកាយកន្លែងគ្រាប់បែកគីមីទាំង ២ គ្រាប់កាលពីម្សិលមិញ។
ប្រជាពលរដ្ឋក្នុងភូមិគគីរ ភូមិត្រពាំងស្គុន ក្នុងឃុំគគីរ ស្រុករមាសហែកចំនួន ២១៤ គ្រួសារស្នើនឹង ៨៥៦ នាក់ត្រូវបានជម្លៀសចេញពីលំនៅឋានកាលពីម្សិលមិញនៅមុនពេលដែលក្រុមអ្នកជំនាញរបស់អង្គការស៊ីម៉ាក់ និងអាជ្ញាធរអាវុធគីមីរបស់ក្រសួងការពារជាតិធ្វើការជីកដោះគ្រាប់បែកគីមីទាំង ២ គ្រាប់ ដែលស្ថិតនៅក្នុងវត្ត និងសាលាបឋមសិក្សាគគីរ។ នេះបើយោងតាមលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការសហការដោះស្រាយក្នុងការរំដោះគ្រាប់បែកគីមីដែលទើបនឹងបង្កើតកាលពីថ្ងៃម្សិលមិញ។
លោក ប៉ូលីវ៉ា មានប្រសាសន៍ថា៖ «ពួកគាត់ត្រូវជម្លៀសចេញចម្ងាយ ១៥០០ ម៉ែត្រពីទីតាំងប្រតិបត្តិការរំដោះគ្រាប់បែក។ តាមក្រុមបច្ចេកទេសអាវុធគីមីគឺអត់មានបញ្ហានេះនៅចម្ងាយហ្នឹង។ សម្ភារមិនចាំបាច់ គាត់ទុកនៅផ្ទះបាន»។
លោក ប៉ូលីវ៉ា បានបន្ថែមថាកន្លែងពលរដ្ឋជម្លៀសទៅនោះគឺស្ថិតនៅលើដីក្រុមហ៊ុនឯកជនមួយកន្លែង ហើយអាជ្ញាធរក៏បានរៀបចំជារោងសម្រាប់ពលរដ្ឋជ្រកបណ្ដោះអាសន្នដោយបានរៀបចំ បង្គន់អនាម័យ ផ្តល់អាហារថ្ងៃត្រង់ និងទឹកស្អាតជាដើម។
លោក ប៉ូលីវ៉ា ក៏បានឲ្យដឹងផងដែរថាប្រតិបត្តិការនេះនឹងត្រូវចំណាយពេលយ៉ាងតិចរយៈពេល ៣ ថ្ងៃ ហើយបើយូរវិញគឺចាប់ពីមួយសប្តាហ៍ទៅ ១០ ថ្ងៃទៅតាមស្ថានភាពជាក់ស្តែង។
គ្រាប់បែកទាំង ២ គ្រាប់ត្រូវបានក្រុមមន្ត្រីជំនាញរបស់អង្គភាពស៊ីម៉ាក់ និងអង្គភាពអាវុធជាតិគីមី រកឃើញកាលពីខែមករាឆ្នាំ ២០១៧ នៅក្នុងបរិវេណសាលាបឋមសិក្សា និងវត្តគគីរនៅក្នុងភូមិគគីរ ឃុំគគីរ ស្រុករមាសហែក។ គ្រាប់បែកដែលមានផ្ទុកសារធាតុ CS នេះគឺជាផ្នែកមួយនៃកាកសំណល់សង្គ្រាមវៀតណាមដែលអាមេរិកបានបន្សល់ទុក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈឲ្យអាមេរិកយកគ្រាប់នេះទៅវិញ។ ប៉ុន្តែដោយគ្មានសង្ឃឹមថារដ្ឋាភិបាលអាមេរិកនឹងមកយកនោះទើបកម្ពុជាចាប់ផ្តើមដោះគ្រាប់នោះដោយខ្លួនឯង។
កាលពីថ្ងៃម្សិលមិញផងដែរអាជ្ញាធរខេត្តស្វាយរៀងបានចេញសេចក្តីសម្រេចមួយដើម្បីបង្កើតគណៈកម្មការសហការដោះស្រាយក្នុងការរំដោះគ្រាប់បែកគីមីនៅក្នុងភូមិគគីរនោះ។
គណៈកម្មការនេះមានភារៈសម្របសម្រួល និងសហការជាមួយនឹងអាជ្ញាធរជាតិអាវុធគីមី និងអង្គការស៊ីម៉ាក់ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយស្តីពីប្រតិបត្តិការរំដោះគ្រាប់បែកគីមីដល់ពលរដ្ឋ ដើម្បីកាត់បន្ថយភាពភ័យខ្លាច និងក្តីបារម្ភ។
ក្រៅពីនោះគណៈកម្មការនេះក៏ការពារនៅទីតាំងត្រូវរំដោះគ្រាប់ និងផ្តល់ព័ត៌មានដល់ពលរដ្ឋ ព្រះសង្ឃ និងសិស្សានុសិស្សកុំឲ្យមានការភ័យខ្លាចពីផលប៉ះពាល់នានាក្នុងអំឡុងពេលប្រតិបត្តិការរំដោះគ្រាប់ចេញ។
ពលរដ្ឋឈ្មោះ ស្រី ហួន អាយុ ៦៥ ឆ្នាំបានឲ្យដឹងថាពួកលោកបានចាកចេញពីផ្ទះសំបែងព្រោះខ្លាចមានផលប៉ះពាល់ចំពោះសុខភាពក្រែងលោមានការផ្ទុះធ្លាយពេលប្រតិបត្តិការជីកយកគ្រាប់នោះ។
លោកនិយាយថា៖ «ខ្ញុំចាស់ហើយ។ អ៊ីចឹងចេះតែព្រួយបារម្ភខ្លាចប៉ះពាល់ដល់សុខភាពព្រោះខ្លាចវាផ្ទុះហុយម្សៅចេញមក បើមានការបែកធ្លាយគ្រាប់បែកនោះនឹងបង្កផលប៉ះពាល់ដល់រាងកាយដូចជារោគស្បែក ផ្លូវដង្ហើម និងភ្នែកជាដើម»។
ទោះយ៉ាងណាក៏ដោយលោក Richard Guthrie អ្នកជំនាញផ្នែកអាវុធគីមីបានអះអាងថាអាវុធប្រភេទ CS នេះមិនមែនជាអាវុធប្រល័យលោកពិតប្រាកដនោះទេ ហើយក៏គ្មានភ័ស្តុតាងណាមួយដែលបង្ហាញថាវាបង្កឲ្យមានជំងឺមហារីកនោះដែរ។
លើសពីនោះលោក Dan Kaszeta ដែលជាអ្នកជំនាញសន្តិសុខផ្នែកអាវុធគីមី, ជីវសាស្ត្រ, វិទ្យុសកម្ម និងនុយក្លែអ៊ែរក៏បានលើកឡើងផងដែរថាផលប៉ះពាល់រយៈពេលយូរនៃ CS នេះគឺវាទាល់តែមានការប៉ះពាល់ផ្ទាល់ក្នុងបរិមាណដ៏ច្រើនក្នុងរយៈពេលយូរនឹងសារធាតុនេះ ហើយវាមិនមែនជាប្រភេទសារធាតុដែលស្រូបនោះទេ។
លោក កេ ដា អគ្គលេខាធិការរងអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមីនៃក្រសួងការពារជាតិបានមានប្រសាសន៍ថាកន្លងមកលោកគ្រាន់តែដឹងថាគ្រាប់បែកនោះមានផ្ទុះសារធាតុគីមីប៉ុណ្ណោះ។ ប៉ុន្តែមិនដែលនិយាយថាវាជាប្រភេទអ្វីនោះទេ ព្រោះមិនទាន់កាយរកឃើញ។
លោកបានថ្លែងបញ្ជាក់ថា៖ «ខ្ញុំមិនដែលនិយាយថាវាម៉ាកអី ប្រភេទអាវុធគីមីស្អីដែរ។ ប្រសិនបើយកមកបានថាបាន។ ក្រៅពីហ្នឹងខ្ញុំអត់ទាន់ហ៊ានថាអីនៅឡើយទេ»។
លោកបានបន្ថែមថាប្រតិបត្តិការជីករកយកគ្រាប់កំពុងតែបន្តធ្វើជាមួយនឹងអង្គការស៊ីម៉ាក់។
លោក ហេង រតនា អគ្គនាយកអង្គការស៊ីម៉ាក់ជាប់រវល់ប្រជុំមិនអាចធ្វើអត្ថាធិប្បាយបានទេរហូតមកដល់ល្ងាចម្សិលមិញតែហ្វេសប៊ុករបស់អង្គការស៊ីម៉ាក់បានសរសរថាចាប់ពីព្រឹកថ្ងៃទី ៣ ខែតុលានេះកម្លាំងជំនាញស៊ីម៉ាក់បានចាប់ផ្តើមចូលប្រតិបត្តិការនៅលើចំណុចទីតាំងគ្រាប់បែកគីមីដែលបានកប់ក្នុងរណ្តៅហើយ៕