ថ្ងៃអាទិត្យ ១ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣
(ទីក្រុងព្រុចសែល)៖ ក្រោយពីកិច្ចប្រជុំតុមូលថ្នាក់តំបន់លើកទី២០ នៃមន្ត្រីបង្គោលជាតិ ក្រោមកិច្ចផ្តួចផ្តើមរបស់មជ្ឈមណ្ឌលឧត្តមភាពកាត់បន្ថយហានិភ័យ ផ្នែកគីមីសាស្រ្ត ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរ នៃសហភាពអឺរ៉ុប EU CBRN Risk Mitigation CoE Initiative 20th National Focal Points (NFPs) Round Table Meeting (RTM) ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ត្រូវបានបញ្ចប់ប្រកបដោយជោគជ័យ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានដឹកនាំប្រតិភូតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា អញ្ជើញបន្តចូលរួមកិច្ចមួយផ្សេងទៀត ស្តីពី កិច្ចប្រជុំអន្តរជាតិលើកទី៩ នៃមន្ត្រីបង្គោលជាតិ ក្រោមកិច្ចផ្តួចផ្តើមរបស់មជ្ឈមណ្ឌលឧត្តមភាពកាត់បន្ថយហានិភ័យ ផ្នែកគីមីសាស្រ្ត ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរ នៃសហភាពអឺរ៉ុប EU CBRN Risk Mitigation CoE Initiative 9th International meeting of the National Focal Points(NFPs) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ក្រោមជំនួយឧបត្ថម្ភរបស់សហភាពអឺរ៉ុប (European Union) និងសម្របសម្រួលដោយវិទ្យាស្ថានស្រាវជ្រាវឧក្រិដ្ឋកម្ម និងយុត្តិធម៌អន្តរតំបន់នៃអង្គការសហប្រជាជាតិ(UNICRI)។
កិច្ចប្រជុំនេះក៏មានការចូលរួមពីមន្ត្រីបង្គោលថ្នាក់ជាតិ (National Focal Points)នៃបណ្តាប្រទេសទាំង៨តំបន់ ស្មើនឹង៦៤ប្រទេស ព្រមទាំងមានការចូលរួមពីមន្ត្រីគ្រប់គ្រងគម្រោងថ្នាក់តំបន់នៃសហភាពអឺរ៉ុបជាច្រើនបានចូលរួមផងដែរ។ ជាកិច្ចបញ្ចប់នៃកិច្ចប្រជុំ មានការបោះឆ្នោតដើម្បីជ្រើសរើសតំបន់ជ័យលាភីនៃការអនុវត្តគម្រោងនៃសហភាពអឺរ៉ុបកន្លងមក ដោយមានការយកចិត្តទុកដាក់អនុវត្ត និងសហការគ្នាបានយ៉ាងល្អក្នុងការអនុវត្តគម្រោងរបស់ក្រុមការងារនៃតំបន់អាស៊ីអាគ្នេយ៍ ធ្វើឱ្យតំបន់អាស៊ីអាគ្នេយ៍ទទួលបានជ័យលាភីលេខ១ទូទាំងតំបន់ទាំង៨។
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ
អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ ។






