(ក្រសួងការពារជាតិ)÷ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិអាវុធគីមី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំ អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម នៃរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដែលមានការអញ្ជើញចូលរួមពីអនុប្រធាន និងសមាជិកចំនួន២២រូបមកពីអន្តរស្ថាប័ន។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បីប្រកាសសមាភាព និងធ្វើការផ្សព្វផ្សាយតួនាទីភារកិច្ចរបស់អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម ស្វែងយល់ពីច្បាប់គោលនៃព្រះរាជាណាចក្រកម្ពុជាស្តីពីអាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម និងរបាយការណ៍សង្ខេប និងវឌ្ឍនភាពការងាររបស់អាជ្ញាធរជាតិអាវុធគីមី នៃរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០នាទីព្រឹក នៅអគារ A ជាន់ផ្ទាល់ដី បន្ទប់នាគព័ន្ធ ទីស្តីការក្រសួងការពារជាតិ ៕























