ព័ត៌មាន

កិច្ចប្រជុំអាជ្ញាធរជាតិអាវុធគីមី លើកទី២២ នៃរដ្ឋភាគីរបស់អនុសញ្ញាអាវុធគីមី ក្នុងតំបន់អាស៊ី!

(សាធារណរដ្ឋអ៊ូសបេគីស្ថាន)÷ ឧត្តមសេនីយ៍ទោ វ៉ាន សំរេច នាយករង នាយកដ្ឋានហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលជំនាញ នៃអគ្គលេខាដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំអាជ្ញាធរជាតិអាវុធគីមី លើកទី ២២ នៃរដ្ឋភាគីរបស់អនុសញ្ញាអាវុធគីមី ក្នុងតំបន់អាស៊ី (Twenty Second Regional Meeting of National Authorities of States Parties in Asia) ដែលមានសមាសភាពចូលរួមសរុបចំនួន ៥៦រូប មកពីបណ្ដាប្រទេសនៃតំបន់អាស៊ី ព្រមទាំងមានតំណាងនៃសហភាពអ៊ឺរ៉ុប តំណាងមកពី UNODA & UNRCPD និងតំណាងមកពី OPCW ផងដែរ។
កិច្ចប្រជុំពិភាក្សាខាងលើមានគោលបំណងផ្តល់ឱ្យរដ្ឋភាគីនូវព័ត៌មានថ្មីៗអំពីសកម្មភាព និងការកសាងសមត្ថភាពរបស់លេខាធិការដ្ឋានបច្ចេកទេស និងពិភាក្សាអំពីចំណុចអាទិភាព និងតម្រូវការគាំទ្រក្នុងតំបន់។ ព្រមទាំងបានធ្វើការពិភាក្សាអំពីការអនុវត្តថ្នាក់ជាតិនូវ មាត្រាVII នៃអនុសញ្ញា ជាពិសេសភាពជោគជ័យ បញ្ហាប្រឈម សិទ្ធិអាទិភាពទាក់ទងនឹងការអនុម័ត និងការអនុវត្តច្បាប់ថ្នាក់ជាតិ។ ការស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអនុតំបន់ដើម្បីជំរុញដល់ ការអនុវត្តអនុសញ្ញា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី និងពិភាក្សាអំពីការអនុវត្តទាក់ទងនឹងការប្រកាស និងកាតព្វកិច្ចពាក់ព័ន្ធនឹងអធិការកិច្ចរបស់រដ្ឋភាគីក្រោមមាត្រាVI នៃអនុសញ្ញាផងដែរ។ ធ្វើការចែករំលែកអំពីបទពិសោធន៍ថ្នាក់ជាតិទាក់ទងនឹងការធ្វើក្របខណ្ឌនីតិប្បញ្ញាត្តិ និងច្បាប់ស្តីពីសន្តិសុខគីមីតាមរយៈការប្រើប្រាស់ក្របខណ្ឌអនុវត្តថ្នាក់ជាតិ។
ក្នុងកិច្ចប្រជុំនេះដែរក៏មានមន្រ្តីជំនាញ នៃអង្គការហាមឃាត់អាវុធគីមី (OPCW) បានធ្វើបទបង្ហាញ ក៏ដូចជាធ្វើបច្ចុប្បន្នភាពការងារជូនអង្គប្រជុំ ព្រមទាំងបានបែងចែកជាក្រុមដើម្បីចូលរួមធ្វើបទបង្ហាញស្តីពីការអនុវត្តអនុសញ្ញាអាវុធគីមីថ្នាក់ជាតិ ហើយក៏បានចែករំលែកនូវបទពិសោធន៍ និងមតិកែលម្អលើការអនុវត្តនៃការបង្កើតបណ្តាញសម្រាប់ថ្នាក់តំបន់ផងដែរ។
កិច្ចប្រជុំពិភាក្សានេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩-៣១ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងតាស្កិន សាធារណរដ្ឋអ៊ូសបេគីស្ថាន៕