(ទីស្ដីការក្រសួងការពារជាតិ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយនីតិវិធីក្នុងការបំពេញរបាយការណ៍ថ្នាក់ជាតិ នៃវិធានការកសាងទំនុកចិត្ត CBM ក្នុងក្របខណ្ឌអនុសញ្ញាអាវុធជីវសាស្រ្ត (BWC)។ កិច្ចប្រជុំខាងលើមានការអញ្ចើញចូលរួមពីមន្រ្តីអាជ្ញាធរជាតិអាវុធគីមី ព្រមទាំងមន្ត្រីជំនាញអន្តរក្រសួង មានដូចជា ក្រសួងការពារជាតិ ក្រសួងយុត្តិធម៌ ក្រសួងសុខាភិបាល ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ ក្រសួងអប់រំយុវជននិងកីឡា
វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អគ្គនាយកដ្ឋានគយនិងរដ្ឋាករ។
គោលបំណងនៃកិច្ចប្រជុំគឺផ្តល់បទបង្ហាញអំពីនីតិវិធីសម្រាប់ការអនុវត្តវិធានការកសាងទំនុកចិត្ត និងការចូលរួមក្នុងការបំពេញរបាយការណ៍ជាតិប្រចាំឆ្នាំ ព្រមទាំងបើកឱ្យមានកិច្ចពិភាក្សាទាក់ទងទៅនឹងការងារខាងលើនេះផងដែរ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៤:០០នាទីរសៀល នៅទីស្ដីការក្រសួងការពារជាតិ។








