ព័ត៌មាន

កិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយនីតិវិធីក្នុងការបំពេញរបាយការណ៍ CWC!

(ទីស្ដីការក្រសួងការពារជាតិ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេរអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធាន អាជ្ញាធរជាតិអាវុធគីមី បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយនីតិវិធីក្នុងការបំពេញរបាយការណ៍ថ្នាក់ជាតិប្រចាំឆ្នាំអនុលោមតាមអនុសញ្ញាអាវុធគីមី (Chemical Weapons Convention-CWC)។
កិច្ចប្រជុំខាងលើមានសមាសភាពអញ្ជើញចូលរួមជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាញចំនួន៤១រូប មកពី១៧ក្រសួង-ស្ថាប័ន។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីផ្សព្វផ្សាយ
នីតិវិធីក្នុងការបំពេញរបាយការណ៍ថ្នាក់ជាតិប្រចាំឆ្នាំអនុលោមតាមមាត្រា៣ មាត្រា៦ មាត្រា៧ និងមាត្រា១០ នៃអនុសញ្ញាអាវុធគីមី (CWC) ដល់អន្តរក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ។
សូមបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រកម្ពុជា គឺជារដ្ឋភាគី នៃអនុសញ្ញាហាមឃាត់អាវុធគីមី(CWC) ដូចនេះកម្ពុជាមានកាតព្វកិច្ចក្នុងការផ្តល់របាយការណ៍ប្រចាំឆ្នាំជូនអង្គការហាមឃាត់អាវុធគីមី(OPCW) ដែលជាអង្គការអន្តរជាតិទទួលខុសត្រូវលើការអនុវត្តអនុសញ្ញាអាវុធគីមី(CWC)។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅថ្ងៃអង្គារ ៧ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៩:០០នាទីព្រឹក នៅសាលាប្រជុំអគារ A ទីស្ដីការក្រសួងការពារជាតិ។