ព័ត៌មាន

កិច្ចប្រជុំពិភាក្សាស្តីពីការផ្លាស់ប្តូរបទពិសោធន៍ក្នុងការការពារបរិស្ថាន និងការពារឧបទ្ទវហេតុបន្ទាន់ដែលគ្រោះថ្នាក់បណ្តាលមកពីសារធាតុគីមី!

(ទីក្រុងណាននីង)៖ គណៈប្រតិភូនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ បានអញ្ជើញចូលរួមប្រជុំពិភាក្សាស្តីពីការផ្លាស់ប្តូរបទពិសោធន៍ផ្នែកជំនាញ និងការពារឧបទ្ទវហេតុបន្ទាន់ដែលគ្រោះថ្នាក់បណ្តាលមកពីសារធាតុគីមី ជាមួយនិងអគ្គនាយកដ្ឋានអេកូឡូស៊ី និងបរិស្ថានតំបន់ស្វយ័តក្វាងស៊ី។
នាជំនួបពិភាក្សានេះ ឯកឧត្តម បណ្ឌិត បានធ្វើការថ្លៃងអំណរគុណដល់ភាគីមិត្តចិនដែលបានផ្តល់ឱកាសដល់ក្រុមការងារគណ:ប្រតិភូកម្ពុជាបានមកសិក្សាផ្លាស់ប្តូរបទពិសោធន៍ការងារ ព្រមទាំងបានសិក្សានូវបច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗនៅក្នុងខេត្តក្វាងស៊ីនេះតាមរយ:វិទ្យាស្ថានស្រាវជ្រាវល្បឿនចិន-អាស៊ាន។ ឯកឧត្តម ក៏បានធ្វើការបញ្ជាក់ថាតាមរយ:ទស្សនកិច្ចសិក្សានៅទីនេះ បានធ្វើឱ្យក្រុមការងារយើងបានយល់ដឹង និងស្គាល់នូវបច្ចេកវិទ្យាថ្មីក្នុងការគ្រប់គ្រងការងារឲ្យកាន់តែមានប្រសិទ្ធិភាព។ ឯកឧត្តម ក៏បានធ្វើការស្នើសុំដល់ភាគីចិនពិចារណាក្នុងការជួយបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា ដើម្បីជួយអភិវឌ្ឍន៍សមត្ថភាពដល់មន្ត្រីនៃអគ្គលេខាធិការដ្ឋានអ.ជ.អ.គ យើងបន្ថែមតាមរយ:ការបណ្តុះបណ្តាលហ្វឹកហាត់វគ្គជំនាញខ្លីៗជាដើម។
នាឱកាសនេះដែរលោក MENG MEIFU ប្រធានវិស្វករសុវត្ថិភាព នុយក្លេអ៊ែរ នៃអគ្គនាយកដ្ឋានអេកូឡូស៊ី និងបរិស្ថានតំបន់ក្វាងស៊ី បានធ្វើការចែករំលែកនូវបទពិសោធន៍ការងារ និងការទទួលខុសត្រូវរបស់មន្ត្រីជំនាញផ្នែកនីមួយៗ ដើម្បីធ្វើការការពារបរិស្ថានឲ្យបានល្អ។ លោក MENG MEIFU ក៏ធ្វើការបង្ហាញអំពីការការពារ និងទប់ស្កាត់ការបំភាយសារធាតុគីមី ជាតិវិទ្យុសកម្មផ្សេងៗ ព្រមទាំងបានធ្វើការបង្ហាញអំពីសកម្មភាពការការពារជីវៈចំរុះផ្សេងៗនៅក្នុងខេត្តក្វាងស៊ីទាំងមូលនាពេលកន្លងមកផងដែរ។
ពិធីទស្សនកិច្ចនេះបានប្រព្រឹត្តទៅនៅថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៨:៣០នាទីព្រឹក នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន៕