ព័ត៌មាន

កិច្ចប្រជុំពិភាក្សាលើកទី១៨ ស្តីពី “ការមិនរីកសាយភាយអាវុធ” !

(ទីក្រុងតូក្យូ, ប្រទេសជប៉ុន) ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានដឹកនាំប្រតិភូតំណាងព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើកទី១៨ សម្រាប់មន្ត្រីជាន់ខ្ពស់នៅក្នុងតំបន់អាស៊ីស្តីពីការមិនរីកសាយភាយអាវុធ” (The 18th Asia Senior-Level Talks on Non-Proliferation -ASTOP) ដែលមានសមាសភាពចូលរួមសរុប ចំនួន៣៣រូប មកពី២០ប្រទេស ក្រោមការរៀបចំ និងសម្របសម្រួលដោយ រដ្ឋាភិបាលនៃប្រទេសជប៉ុន។

កិច្ចប្រជុំខាងលើមានគោលបំណងចែករំលែកការព្រួយបារម្ភអំពីបញ្ហាការរីកសាយភាយអាវុធមហាប្រល័យ (Weapon of Mass Destruction – WMD)ក្នុងតំបន់ បង្កើនការយល់ដឹងឲ្យកាន់តែស៊ីជម្រៅអំពីវិធានការ នៃការកាត់បន្ថយការរីកសាយភាយ ព្រមទាំងពង្រឹងសមត្ថភាពរបស់ប្រទេសដែលចូលរួមតាមរយៈកិច្ចពិភាក្សា និងបញ្ហាប្រឈមនាពេលអនាគត។ 

កិច្ចប្រជុំពិភាក្សានេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន៕