(ក្រសួងការពារជាតិ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអែ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយមន្ត្រីជំនាញ០៣រូប មកពីការិយាល័យទទួលបន្ទុកផ្នែករាវរក និងបង្រ្កាបការរត់ពន្ធនុយក្លេអ៊ែរ (NSDD) នៃក្រសួងថាមពល របស់សហរដ្ឋអាមេរិក ដែលមានលោក Benjamin Lee លោកJason Brock និងលោក Greg Orlicz ក្នុងការរៀបចំផែនការ កិច្ចសហប្រតិបត្តិការ លើការងារជំនាញនាពេលអនាគតជាមួយអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី និងស្ថាប័នពាក់ព័ន្ធផ្សេងៗ។ កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅយ៉ាងរលូន និងប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងស្និតស្នាលបំផុត។
ពិធីសំណេះសំណាលនេះបានប្រព្រឹត្តទៅនៅថ្ងៃចន្ទ ៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៩:០០នាទីព្រឹក នៅបន្ទប់ចំប៉ា ទីស្តីការក្រសួងការពារជាតិ។





