នៅព្រឹកថ្ងៃអង្គារ ៨រោច ខែ ជេស្ធ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនិងថ្ងៃទី ២៥ខែ មិថុនា ឆ្នាំ២០១៩ នៅអាគារប្រជុំរបស់ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានរៀបចំប្រជុំទ្វេភាគី ជាមួយ គណៈប្រតិភូយោធាជាន់ខ្ពស់មេបញ្ជាការទ័ពជំនាញគីមីនៃបញ្ជាការដ្ឋានគីមីសាស្រ្តកងទ័ពប្រជាជនវៀតណាម បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជារយះពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៩។
ក្នុងជំនួបពិភាក្សាការងារ ផ្លាស់ប្តូរបទពិសោធន៍លើមុខជំនាញគីមីសាស្ត្រជាមួយប្រតិភូវៀតណាម ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានចាត់ទុកដំណើទស្សនកិច្ចរបស់គណៈប្រតិភូនៅកម្ពុជាលើកនេះនឹងនាំមកនូវការពង្រឹកពង្រីកចំណងទាក់ទងសាមគ្គីភាព មិត្តភាពកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរកម្ពុជានិងវៀតណាម ឲ្យកាន់តែមានភាពជិតស្និតថែមទៀត។ លោក ឧត្តមសេនីយ៍ត្រី ហា វ៉ាន់គឺ (HA VAN CU) មេបញ្ជាការ បញ្ជាការដ្ឋានគីមីសាស្ត្រ នៃកងទ័ពប្រជាជនវៀតណាម បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម ដែលបានទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅបំផុតចំពោះគណៈប្រតិភូបញ្ជាការដ្ឋានគីមីសាស្ត្រ នៃកងទ័ពប្រជាជនវៀតណាមរបស់លោក មកកាន់កម្ពុជាលើនេះ។លោក ឧត្តមសេនីយ៍ត្រី ហា វ៉ាន់គឺ ក៏បានបញ្ជាក់ថាៈ នៅអំឡុងខែ ១០ ឬខែ១១ខាងមុខនេះ កងទ័ពប្រទេសយើងទាំងពីរ នឹងធ្វើលំហាត់រួមគ្នាមួយ លើការងារសង្រ្គោះគ្រោះមហន្តរាយ នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ វៀតណាមនិងកម្ពុជាក្នុងភូមិសាស្ត្រខេត្ត ឡុងអាង របស់ប្រទេសវៀតណាម ដែលជាប់និងខេត្តស្វាយរៀងប្រទេសកម្ពុជា ដែលក្នុងសមយុទ្ធនោះ នឹងមានកំលាំងទ័ពជំនាញគីមីសាស្ត្រ អាវុធនុយក្លេរអ៊ែរ និងវិទ្យុសកម្ម កងទ័ពទាំងពីរចូលរួមក្នុងសកម្មភាពនេះផងដែរ។
អនុវត្តតាមពិធីសារ កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិ ប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម កម្ពុជា និងបញ្ជាការដ្ឋានគីមីសាស្ត្រ នៃកងទ័ពប្រជាជនវៀតណាម បានបង្កើតនូវទំនាក់ទំនងផ្លាស់ប្តូរបទពិសោធន៍ជំនាញគីមី និងផ្លាស់ប្តូរទស្សនកិច្ចជាផ្លូវការទៅវិញ ទៅមកលើជំនាញគីមី។ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន នារ៉ា បានស្នើឲ្យភាគីវៀតណាម បន្តជួយដល់ទ័ពជំនាញការពារគីមីសាស្ត្រ កម្ពុជាបន្តទៀត ពិសេសទ័ពជំនាញការពារគីមីសាស្ត្រដែលប្រតិបត្តិការផ្តាល់ របស់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ លើការជួយបណ្តុះបណ្តាល ជំនាញសិក្សាស្រាវជ្រាវ រុករក និងការពារគីមីសាស្ត្រ អាវុធគីមី ទាំងផ្នែកបច្ចេកទេស ឧបករណ៍ សម្ភារៈការពារគីមីសាស្ត្រ ព្រមទាំងសំណង់អាគារ វិទ្យាស្ថានស្រាវជ្រាវ និងពិសោធន៍ សារធាតុអាវុធគីមី នៅខេត្តកំពង់ឆ្នាំង(លង្វែក)។
ជាទីបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ បានប្រគល់ជូនការដូរ អនុស្សាវរីយ៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហា វ៉ាន់គឺ និងសមាជិក គណៈប្រតិភូរួមដំណើរទាំងអស់ សូមមានសុខភាពល្អ និងសូមឲ្យការបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាព និងទទួលជោគជ័យគ្រប់ភារកិច្ចទាំងអស់៕
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម និងលោក ឧត្តមសេនីយ៍ត្រី ហា វ៉ាន់គឺ (HA WAN CU) មេបញ្ជាការ បញ្ជាការដ្ឋានគីមីសាស្ត្រ នៃកងទ័ពប្រជាជនវៀតណាម