ព័ត៌មាន

អ្នក​ជំនាញ​អាវុធ​គីមី UN មក​ដល់​កម្ពុជា​តាម​សំណើ

ភ្នំពេញៈ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​នៅ​ថ្ងៃ​អង្គារ​នេះ ​ក្រុម​បច្ចេកទេស​របស់​​អង្គការ​ហាមឃាត់​អាវុធ​គីមី​នៃ​អង្គការ​សហប្រជាជាតិ​ហៅ​កាត់​ថា OPCW បាន​មក​ដល់​ទីក្រុង​ភ្នំពេញ​ដើម្បី​សហការ​ជាមួយ​មន្ត្រី​អាជ្ញាធរ​ជាតិ​អាវុធ​គីមី​ក្នុង​ស្រុក​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ទៅ​លើ​គ្រាប់បែក​គីមី​ដែល​បាន​ទម្លាក់​ទៅ​លើ​តំបន់​មួយ​ចំនួន​នៅ​ខេត្ត​មណ្ឌលគិរី ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​ស្វាយរៀង​ក្នុង​សម័យ​សង្គ្រាម​វៀតណាម​កាលពី​ទសវត្សរ៍​ ១៩៧០ ​។

ក្រុម​បច្ចេកទេស​របស់​អង្គការ​ហាមឃាត់​អាវុធ​​គីមី​នៃ​អង្គការ​សហប្រជាជាតិ​បាន​មក​ដល់​កម្ពុជា​នាពេល​នេះ​គឺ​កើតឡើង​ក្រោយ​រាជ​រដ្ឋាភិល​កម្ពុជា​ដាក់​លិខិត​ផ្លូវការ​ស្នើ​ឲ្យ​អង្គការ​មួយ​នេះ​ដើម្បី​​បញ្ជូន​ក្រុម​បច្ចេកទេស​ខាង​អាវុធ​គីមី​មក​ពិនិត្យ​វាយតម្លៃ និង​ចូលរួម​បោស​សម្អាត​គ្រាប់បែក​គីមី​ដែល​រកឃើញ​នៅ​លើ​ទឹកដី​ខេត្ត​មណ្ឌលគិរី ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​ស្វាយរៀង​។

លោក​ ទៀ បាញ់ ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ផែនការ សកម្មភាព​ជាតិ​គីមី ជីវសាស្ត្រ វិទ្យុសកម្ម នុយក្លេអ៊ែរ ដែល​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នៅ​សណ្ឋាគារ​ភ្នំពេញ​ថា​៖ «​អង្គការ​​ OPCW ​បាន​បញ្ជូន​មនុស្ស​មក​ដល់​កម្ពុជា​ហើយ​ថា​ពួកគេ​នឹង​ចាប់​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​ដោះស្រាយ​បញ្ហា​គ្រាប់បែក​គីមី​នៅ​ថ្ងៃ​ស្អែក (​ថ្ងៃ​នេះ​) នៅ​ខេត្ត​មណ្ឌលគិរី​ហើយ​ថា​វា​គឺជា​ជោគជ័យ​ជំហាន​ដំបូង​ដែល​កម្ពុជា​ត្រូវ​បាន​អង្គការ​មួយ​នេះ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ស្រាវជ្រាវ ខណៈ​ពេល​អាមេរិក​បាន​ធ្វើ​ព្រងើយ​កន្តើយ​ និង​មិន​បាន​គិតគូរ​ពី​សុខទុក្ខ​របស់​កម្ពុជា​ដោយ​តែ​សារធាតុ​គីមី​ដែល​កម្ពុជា​បាន​រកឃើញ​គឺ​មាន​អត្តសញ្ញាណ​ជាក់លាក់​ដែល​បាន​ផលិត និង​ប្រើប្រាស់​នាំ​មក​ទម្លាក់​នៅ​ក្នុង​​សម័យ​សង្គ្រាម​ពី​កងទ័ព​សហរដ្ឋ​អាមេរិក​»​។

លោក​ ទៀ បាញ់ បាន​ថ្លែង​ថា​៖ «​យើង​មាន​អង្គការ​នេះ​ហាក់​មាន​ការ​ចាប់​អារម្មណ៍​ហើយ​បាន​មក​គិតគូរ​ហើយ​ជួយ​រក​វិធី​ដើម្បី​នឹង​បន្សាប​ ឬ​ដោះស្រាយ​បញ្ហា​ដែល​បាន​កើតឡើង​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​របស់​យើង​នេះ​។ យើង​គ្រោង​ចុះ​ទៅ​ខេត្ត​មណ្ឌលគិរី ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​ស្វាយរៀង​ហើយ​ស្វាយរៀង​គឺជា​កន្លែង​ក្តៅ​បំផុត​ដែល​យើង​បាន​រកឃើញ​កាន់តែ​ច្រើន​ចំណុច​។ ​ពួកយើង​នឹង​ចុះ​ទៅ​ធ្វើ​សហប្រតិបត្តិការ​នៅ​កន្លែង​នោះ​ហើយ​វា​ទៅ​តាម​សភាពការណ៍​ជាក់ស្តែង​ដែល​គេ​នឹង​ចាប់ផ្តើម​ដំណើរការ​ហើយ​យើង​ក៏​មាន​ក្រុម​ការងារ​របស់​យើង​អម​ និង​ធ្វើការ​ជាមួយ​គ្នា​»​។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​លោក ទៀ បាញ់ បាន​អះអាង​សាជាថ្មី​ថា សហរដ្ឋ​អាមេរិក​មិន​បាន​គិតគូរ​មក​ជួយ​ដោះស្រាយ​បញ្ហា​ដែល​បាន​ទម្លាក់​គ្រាប់បែក​នៅ​កម្ពុជា​ទេ​ ប៉ុន្តែ​នៅ​តែ​បន្ត​បង្ខំ​ឲ្យ​កម្ពុជា​សង​បំណុល​ហើយ​នៅ​ចុង​ក្រោយ​នេះ​បាន​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​មក​លើ​កម្ពុជា​ដោយ​ចោទ​ថា​បាន​រំលោភ​សិទ្ធិ​មនុស្ស​ និង​ថា​បាន​ធ្វើឲ្យ​ប្រជាធិបតេយ្យ​ធ្លាក់​ចុះ​នៅ​ពេល​កម្ពុជា​គ្រាន់តែ​ធ្វើ​កិច្ចការ​ដើម្បី​ពង្រឹង​សន្តិភាព​ និង​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​កាន់​តែ​រឹងមាំ ហើយ​ថា​រដ្ឋាភិបាល​កម្ពុជា​នៅ​ស្ងប់ស្ងៀម​បន្ទាប់ពី​សហរដ្ឋ​អាមេរិច​ដាក់​កម្រិត​។

លោក​បាន​ថ្លែង​ថា​៖ «​ប្រសិន​បើ​យើង​និយាយ​តែ​ឯង​ពេក​គេ​អាច​ចោទ​យើង​ថា យើង​មាន​ចេតនា​អាក្រក់​ណា​មួយ​ចំពោះ​សហរដ្ឋ​អាមេរិក​ហើយ​អ្វី​ដែល​យើង​បាន​និយាយ​ក្នុង​រយៈពេល​កន្លង​មក វា​អាច​នឹង​ទទួល​បាន​ផល​ច្រើន​ដូច​ដែល​យើង​បាន​និយាយ​ថា​ទម្លាក់​គ្រាប់បែក​មក​លើ​យើង​ហើយ​នៅ​តែ​បង្ខំ​ឲ្យ​យើង​សង​បំណុល​បន្តបន្ទាប់​។ ​ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ​បន្ទាប់​មក​ទៀត​មាន​ការ​កម្រិត​ (​ទិដ្ឋាការ​) ​ថ្មី​ដែល​យើង​បាន​ឃើញ​ហើយ​ និង​ទណ្ឌកម្ម​ដូច្នេះ​បើ​សិន​ជា​យើង​និយាយ​ខ្លាំង​ពេក​គឺ​ក្រែងលោ​គេ​ថា​យើង​អី​ក៏​ចេះ​ដឹង​ម្ល៉េះ​។ ដូច្នេះ​យើង​ឲ្យ​មិត្តភក្តិ​ដែល​មាន​ការ​គិតគូរ​ជា​​ពិសេស​អ្នក​ដែល​ស្រឡាញ់​សន្តិភាព​ និង​យុត្តិធម៌​ទាំង​ឡាយ​ជួយ​មើល​ផង​ដែល​រង​ផលប៉ះពាល់​នា​ពេល​កន្លង​មក​នេះ​»​។

លោក​បាន​បន្ត​ថា​៖ «​គេ​បាន​ចោទ​អ៊ី​ចេះ ចោទ​អ៊ី​ចុះ​ហើយ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ធ្វើឲ្យ​ប្រជាធិបតេយ្យ​ធ្លាក់​ចុះ ឬ​ដល់​ថ្ងៃ​អវសាន ឬ​ដល់​ថ្លៃ​ស្លាប់​ ឫ​មិន​គោរព​សិទិ្ធ​មនុស្ស​តែ​តាម​ការពិត​ជាក់​ស្តែង​មិន​ធ្វើ​បាន​ទាល់តែ​សោះ តែ​យើង​ធ្វើ​កិច្ចការ​ទាំងអស់​នេះ​គឺ​យើង​ធ្វើ​ដើម្បី​ពង្រឹង​សន្តិភាព និង​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​កាន់តែ​រឹងមាំ​»​។

លោក​បាន​បន្ត​ថា​៖ «​គោលបំណង​សំខាន់​របស់​រាជរដ្ឋាភិបាល​គឺ​ខិតខំ​គ្រប់​បែប​យ៉ាង​ដើម្បី​ទាក់ទាញ​ប្រទេស​ និង​អង្គការ​ជា​មិត្ត​ និង​អ្នក​ដែល​មាន​សន្តាន​ចិត្ត​​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​»​។

នៅ​ពេល​ដែល​សួរ​អំពី​ការ​ពាក់ព័ន្ធ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ដំណើរការ​ស៊ើបអង្កេត​នេះ​លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​បាន​ថ្លែង​ថា​៖ «​មាន​ការ​ពិភាក្សា​ខ្លះ​ហើយ​។ យើង​នឹង​​បន្ត​កិច្ច​សហប្រតិបតិ្តការ​ទ្វេភាគី​បន្ត​ទៀត​»៕