មណ្ឌលគិរីៈ អ្នកបច្ចេកទេស ១ ក្រុមមកពីអង្គការហាមឃាត់អាវុធគីមីរបស់អង្គការសហប្រជាជាតិបានចាប់ផ្តើមចុះពិនិត្យគ្រាប់បែកអាមេរិកចំនួន ១២ គ្រាប់នៅក្នុងខេត្តមណ្ឌលគិរីដើម្បីកំណត់ពីប្រភេទសារធាតុគីមីរបស់វាឲ្យច្បាស់លាស់។
អ្នកជំនាញ ៤ នាក់មកពីអង្គការហាមឃាត់អាវុធគីមី (OPCW) របស់អង្គការសហប្រជាជាតិរួមនឹងមន្ត្រីជំនាញកម្ពុជាបានចាប់ផ្តើមបេសកកម្មរបស់ខ្លួនហើយកាលពីម្សិលមិញក្នុងការពិនិត្យគ្រាប់បែកអាមេរិកនៅក្នុងខេត្តមណ្ឌលគិរី, ត្បូងឃ្មុំ និងខេត្តស្វាយរៀង។ នេះបើយោងតាមលោក ជ័យ សុន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមីរបស់ក្រសួងការពារជាតិ។
ក្រុមជំនាញនេះបានធ្វើដំណើរទៅដល់ខេត្តមណ្ឌលគិរី កាលពីថ្ងៃអង្គារហើយនៅព្រឹកថ្ងៃពុធម្សិលមិញបានចុះទៅពិនិត្យគ្រាប់បែកសរុបចំនួន ១២ គ្រាប់នៅភូមិអណ្តូងក្រឡឹង និងភូមិពូហ្យាមស្ថិតក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង។
លោក ជ័យ សុន ថ្លែងថា៖ «គ្រាប់ ១២ នោះជាគ្រាប់រកឃើញថ្មីៗ។ ក្នុងនោះ ២ ធុងនៅទាំងមូលតែម្តងមិនទាន់ផ្ទុះទេ។ នៅទាំងអាគ្រាប់គីមី និងអាគ្រាប់ផ្ទុះក្នុងហ្នុង»។
លោកបន្តថាក្រុមជំនាញរបស់ OPCW នោះក៏មាននាំយកឧបករណ៍របស់គេមកដែរ ដើម្បីធ្វើការពិនិត្យគ្រាប់បែក និងរាវរកសារធាតុដែលផ្ទុកក្នុងគ្រាប់បែកទាំងនោះឲ្យបានដឹងច្បាស់លាស់។ លោកថ្លែងថា៖ «គេមើលឲ្យដឹងថាជាជាតិ [សារធាតុ] ស្អី។ គេយកសារធាតុបន្តិចៗទៅពិសោធន៍ ហើយនៅចំពោះមុខយើងនឹងពិភាក្សាគ្នាសិន»។
លោកបន្តថា សារធាតុដែលផ្ទុកក្នុងគ្រាប់បែកនោះក៏នឹងអាចយកទៅពិសោធន៍ក្រៅប្រទេសផងដែរ។
តាមគម្រោងក្រុមជំនាញនឹងបន្តពិនិត្យគ្រាប់បែកផ្សេងទៀតនៅក្នុងខេត្តត្បូងឃ្មុំនៅថ្ងៃព្រហស្បតិ៍នេះ និងនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍នឹងបន្តទៅខេត្តស្វាយរៀង។ ដោយឡែក នៅថ្ងៃអាទិត្យទី ១៧ ខែធ្នូក្រុមការងារនឹងធ្វើការបូកសរុបលទ្ធផលការងារនៅក្នុងរាជធានីភ្នំពេញ។
គ្រាប់បែកអាមេរិកដែលជាកាកសំណល់សង្គ្រាមវៀតណាមបានបង្កភាពចម្រូងចម្រាសមួយរវាងរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក។ ក្នុងនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ដទៃទៀតអះអាងថា គ្រាប់បែកដែលរកឃើញនៅក្នុងខេត្តស្វាយរៀងកាលពីដើមឆ្នាំនេះគឺជាគ្រាប់បែកគីមីដែលបានកំពុងតែបង្កបញ្ហាសុខភាពដល់ពលរដ្ឋមូលដ្ឋានដូចជំងឺសើស្បែក និងកូនកើតមកមានភាពមិនប្រក្រតីជាដើម។
ទោះយ៉ាងណា ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានអះអាងផ្ទុយពីនោះថាគ្រាប់បែកនោះមានឧស្ម័នបង្ហូរទឹកភ្នែកធម្មតាប៉ុណ្ណោះដែលមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ។
ជនជាតិដើមភាគតិចព្នងក្នុងភូមិពូហ្យាមម្នាក់លោក យ៉ូត ចាន់ថន អាយុ ៥៦ ឆ្នាំដែលជាជំទប់ទី ២ ឃុំសែនមនោរម្យបានឲ្យដឹងថានៅក្នុងចម្ការរបស់លោក មានធុងគ្រាប់បែកពី ៤ ទៅ ៥ គ្រាប់ដែលលោកបានប្រទះឃើញពេលកាប់ឆ្ការព្រៃធ្វើចម្ការនៅចម្ងាយប្រហែលជា ៦ គីឡូម៉ែត្រពីព្រំដែនកាលពីចុងទស្សវត្សន៍ ៨០ ។ ប៉ុន្តែនៅពេលនេះធុងទាំងនោះត្រូវបានស្មៅដុះលុបបាត់អស់ទៅហើយ។
លោក ចាន់ថន ដែលត្រូវគេបាញ់ពិការជើងស្តាំកាលពីឆ្នាំ ១៩៧៤ បានអះអាងថានៅពេលឃើញដំបូងលោកមិនបានដឹងថានោះជាធុងគ្រាប់បែកនោះទេ។ លោកបានយកឈើឆ្កឹះហើយក៏ឃើញមានម្សៅពណ៌រាងលឿង ដែលធ្វើឲ្យលោកក្តៅក្រហល់ក្រហាយពេញមុខ។ ប៉ុន្តែវាមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។
លោក ចាន់ថន បញ្ជាក់ថា៖ «ខ្ញុំឆ្ងល់ថាធុងស្អីគេហ្នឹង? ខ្ញុំចូលយកឈើឆ្កឹះៗវាហ្នឹងឃើញមានម្សៅ។ ស្រាប់តែចំហាយវាភាយមកផ្សាភ្នែក ក្រហាយពេញមុខពេញមាត់តែម្តងតែមិនបណ្តាលឲ្យស្លាប់ទេ។ ខ្ញុំកាលហ្នុងអត់ដឹងទេ»។
លោកបន្តថាប្រហែលជា ២ ទៅ ៣ ថ្ងៃក្រោយមកទើបលោកបាត់ផ្សាមុខហើយចាប់តាំងពីពេលនោះមកលោកលែងហ៊ានទៅជិតធុងនោះទៀត។
លោក ចាន់ថន បានដឹងថា គ្រាប់បែកនោះគឺអាមេរិកជាអ្នកទម្លាក់ហើយម្សៅនោះមានផ្ទុកសារធាតុគីមីទើបធ្វើឲ្យលោកផ្សាភ្នែក និងមុខបែបនោះ។ ប៉ុន្តែលោកមិនបានដឹងថាវាជាសារធាតុគីមីប្រភេទអ្វីនោះទេ។
លោកអះអាងថាក្រៅពីរូបលោកគឺលោកមិនដែលឮថាមានអ្នកភូមិណាផ្សេងទៀតបានជួបប្រទះបញ្ហាដូចលោកនោះទេ។
លោកស្រី ក្វាន់ ត្រែល មេឃុំ សែនមនោរម្យក៏បានឲ្យដឹងផងដែរថា កាលពីពេលកន្លងមកអ្នកភូមិម្នាក់បានយកយុទ្ធភណ្ឌមិនទាន់ផ្ទុះទៅអារដែលបណ្តាលឲ្យផ្ទុះស្លាប់ និងរបួសបងប្រុសគេម្នាក់។ ចាប់តាំងពីពេលនោះមក ពលរដ្ឋមូលដ្ឋានលែងហ៊ានរើសយកគ្រាប់ទៀតហើយពួកគេបានរាយការណ៍ប្រាប់អាជ្ញាធរនៅពេលប្រទះឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះណាមួយ៕