ព័ត៌មាន

សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាង ព្រះរាជាណាចក្រកម្ពុជា និង អង្គការហាមឃាត់អាវុធគីមី ហៅកាត់ OPCW ស្តីពីបុព្វសិទ្ធ និងអភ័យឯកសិទ្ធ របស់អង្គការហាមឃាត់អាវុធគីមី OPCW នៅសាលប្រជុំរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា!

ព្រឹកថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣

ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​ជំនាញ​រដ្ឋសភា​នឹង​ដាក់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​កម្ពុជា និង​អង្គការ​ហាមឃាត់​អាវុធ​គីមី​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ពិភាក្សា និង​អនុម័ត​នៅ​ពេល​ខាង​មុខ​នេះ ។ កា​រប​ញ្ជូ​ល​សេចក្តីព្រាងច្បាប់​នេះ​បន្ទាប់​ពី​គណៈកម្មការ​មហាផ្ទៃ​ការពារ​ជាតិ និង​មុខងារសាធារណៈ​នៃ​រដ្ឋសភា​ដឹកនាំ​ដោយ​លោក​ហ៊ុន ណេ​ង ប្រធាន​គណៈកម្មការ​សហការ​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស​សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន និង​មានការ​ចូលរួម​ពី​តំណាង​គណៈកម្មការ​ជំនាញ​ផ្សេង​ៗ​ទៀត​ជួប​ប្រជុំ​ជាមួយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​សហការី ដើម្បី​ពិនិត្យ​ពិភាក្សា​ទៅ​លើ​សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​អង្គការ​ហាមឃាត់​អាវុធ​គីមី ស្ដី​ពី​បុព្វសិទ្ធិ និង​អភ័យឯកសិទ្ធិ​របប​ស់​អង្គការ​ហាមឃាត់​អាវុធ​គីមី ។​ ក្នុង​ជំនួប​ពិភាក្សា​នា​ព្រឹក​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋសភា​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​លើក​ឡើង​ពី​គោលបំណង​នៃ​កិច្ចព្រមព្រៀង​នេះ​មាន​ដូច​ជា ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ អង្គការ​ហាម ឃាត់​អាវុធ​គីមី ដើម្បី​សម្អាត​កាក​សំណង់​សារជាតិ​អាវុធ​គីមី ដែល​បាន​បន្សល់​ទុក​ក្នុង​ប្រទេស​កម្ពុ​ជានា​សម័យ សង្គ្រាម​ទសវត្សរ៍​៦០ និង​ទសវត្សរ៍​៧០ ។

ហាមឃាត់ និង​ទប់ស្កាត់ ឧក្រិដ្ឋកម្ម ឆ្លង​ដែន​នៃ​សារធាតុ​គីមី​នៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា ។ ចូលរួម​ជាមួយ​សហគមន៍​ក្នុង​តំបន់​សហគមន៍​អន្តរជាតិ និង​អង្គការសហប្រជាជាតិ​ក្នុង​ការ​ធ្វើ​ឱ្យ​ពិភពលោក​ទាំងមូល​មាន​សុវត្ថិភាព​ពី​ការ​រីកសាយ​ភាយ​នៃ​សា​ធាតុគីមី ស្រប​តាម​មាត្រា ៥៤ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ សម្តេច​ពិជ័យ​សេនា​បាន​បន្ត​ថា កម្ពុជា​បាន​ទទួល​សារៈ​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​នេះ​មាន​ដូច​ជា ទទួល​បាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការ​ហាមឃាត់​អាវុធ​គីមី និង​ទទួល​បាន ជំនួយ​បច្ចេកទេស និង​ការ​អភិវឌ្ឍ​សមត្ថភាព ។

ក្រោយ​ពី​បាន​ស្ដាប់​ការ​បកស្រាយ និង​ពន្យល់​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ រួច​មក លោក​ហ៊ុន ណេ​ង ប្រធាន​អង្គប្រជុំ​បាន​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន​របស់​សម្តេច​ពិជ័យ​សេនា និង​សហការី ដែល​បាន​អញ្ជើញ​ចូលរួម​ប្រជុំ​ជាមួយ​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា ក្នុង​ការ​ពិនិត្យ​សិក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​អង្គការ​ហាមឃាត់​អាវុធ​គីមី ស្ដី​ពី​បុព្វសិទ្ធិ និង​អភ័យឯកសិទ្ធិ​របប​ស់​អង្គការ​ហាមឃាត់​អាវុធ​គីមី ។

លោក​ហ៊ុន ណេ​ង បាន​បញ្ជាក់​ថា បន្ទាប់​ពី​សម្តេច​ពិជ័យ​សេនា និង​សហការី​បាន​ធ្វើការ​បកស្រាយ​ទៅ​លើ​ចំណុច​នានា​ដែល​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​បាន​សាកសួរ​រួច​មក​ហើ យ​នេះ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​សម្តែង​នូវ​ការ​គាំទ្រ​លើ​សេចក្តីព្រាងច្បាប់​នេះ ហើយ សម្រេច​ថា នឹង​បញ្ជូន​សេចក្តីព្រាងច្បាប់​នេះ​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី ពិនិត្យ​ទៅ​តាម​នីតិវិធី​បន្ត​ទៀត​របស់​រដ្ឋសភា ។

សូម​ជម្រាប​ថា កម្ពុជា​ជា​សមាជិក​អង្ក​ការ​ហាមឃាត់​អាវុធ​គីមី​ដែល​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​១៩៩៣ ដោយ​បាន​ផ្ដល់​សច្ចាប័ន នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០០៥ និង​បាន​ចូល​ជា​ធរមាន នៅ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០០៥ ។ ចំពោះ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​អង្គការ​ហាមឃាត់​អាវុធ​គីមី​ស្តី​ពី​បុព្វសិទ្ធិ និង​អភ័យឯកសិទ្ធិ​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី កម្ពុជា​បាន​ចុះហត្ថលេខា​រួច ហើយ​កាលពី​ថ្ងៃ​ទី​១២ ខែតុលា​ឆ្នាំ​២០១៧ ។

ចំពោះ​នីតិវិធី​បន្ត គឺ​ការ​ផ្ដល់​សច្ចាប័ន ដើម្បី​ឲ្យ​កិច្ចព្រមព្រៀង​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ពេល​ដែល​កម្ពុជា​បាន​តម្កល់​ទុក​លិ​ខិ​តូប​ករ​ណ៍​នៃ​ការ​ផ្ដល់​សច្ចាប័ន​ជាមួយ​អង្គការ​ហាមឃាត់​អាវុធ​គីមី ។ អាជ្ញាធរ​ជាតិ​អាវុធ​គីមី​កម្ពុជា​បាន​ធ្វើ​ទំនាក់ទំនង​ល្អ​មាន​កិច្ច​សហប្រតិបត្តិការ​យ៉ាង រលូន និង​មាន​ប្រសិទ្ធភាព​ជាមួយ​អង្គការ​ហាមឃាត់​អាវុធ​គីមី ក្នុង​ការ​សិក្សា​វិភាគ និង​លើ​គោលបំណង​នៃ​មាត្រា​នីមួយ​ៗ​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ​ដោយ​មិន​មាន​ផល​ប៉ះ ពាល់​ដល់​ច្បាប់​គោលនយោបាយ និង​សារៈ​ប្រយោជន៍​របស់​ប្រទេស​ជាតិ​ឡើយ ។ កន្លង​មក ប្រទេស​ដែល​ជា​រដ្ឋ​ភាគី​ជាមួយ​អង្គការ​ហាមឃាត់​អាវុធ​គីមី​មាន​ចំនួន​១៩៣​ប្រទេស ។ ប្រទេស​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​មាន​ចំនួន​៥៦​ក្នុង​នោះ​ប្រទេស​ចំនួន​៥៥​បាន​ចុះហត្ថលេខា ប៉ុន្តែ​បាន​ផ្ដល់​សច្ចាប័ន​មាន​ចំ​នួ ៤១​ប្រទេស ។

ដោយឡែក​នៅ​ក្នុង​អាស៊ាន​ប្រទេស​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​មាន​ចំនួន​៥ គឺ​កម្ពុជា ឡាវ ហ្វី​លី​ពី​ន ថៃ វៀតណាម ។ សេចក្តីព្រាងច្បាប់​ស្ដី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​អង្គការ​ហាមឃាត់​អាវុធ​គីមី​ស្តី​ពី​បុព្វសិទ្ធិ និង​អភ័យឯកសិទ្ធិ​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី​ត្រូវ​បាន​គណៈរដ្ឋមន្ត្រី​សម្រេច​យល់ព្រម​ក្នុង​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៩ ហើយ​បញ្ជូន​ទៅ​សុំ​ការ​អនុញ្ញាត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​ដែល​រួម​មាន​៣​មាត្រា ៕