ថ្ងៃព្រហស្បតិ៍ ១០រោច ខែផល្គុន ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៦ ខែ មីនា ឆ្នាំ២០២៣
(ភ្នំពេញ)៖ មន្រ្តីអាជ្ញាធរជាតិអាវុធគីមី និងមន្រ្តីសហភាពអឺរ៉ុប (EU CBRN CoE) បានធ្វើដំណើរចុះទស្សនៈកិច្ចសិក្សាទៅកាន់វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ ព្រមទាំង សាខាគយនិងរដ្ឋាករ អាកាសយានដ្ឋានអន្តរជាតិ។ ក្នុងដំណើរទស្សនៈកិច្ចនេះដែរមានគោលបំណងសិក្សាស្វែងយល់បន្ថែមពីទិដ្ឋភាពនៃការអនុវត្តការងារនៅក្នុងមន្ទីរពិសោធន៍ និងនីតិវិធីក្នុងកិច្ចការសុវត្ថិភាព និងសន្តិសុខជីវសាស្រ្តនៅប្រទេសកម្ពុជា។
សូមជម្រាបផងដែរថា អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី បានសហការជាមួយមជ្ឈមណ្ឌលឧត្តមភាពកាត់បន្ថយហានិភ័យ ផ្នែកគីមី ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរ របស់សហភាពអ៊ឺរ៉ុប (EU CBRN Risk Mitigation Centres of Excellence Initiative) បានដំណើរការទៅលើគម្រោងលេខ៨១ ស្តីពីការធ្វើឱ្យកាន់តែ ប្រសើរទ្បើងនូវសមត្ថភាពសន្តិសុខជីវសាស្រ្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលនឹងប្រព្រឹត្តទៅមានរយៈពេល ចំនួន ៥ថ្ងៃ ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៣។
គោលបំណងនៃការបង្កើតសិក្ខាសាលានេះទ្បើង គឺជាការធ្វើឱ្យកាន់តែប្រសើរទ្បើងនូវសមត្ថភាពសន្តិសុខជីវសាស្រ្ត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺជាបេសកកម្មស្ទង់មតិទៅលើសន្តិសុខជីវសាស្រ្ត ដើម្បីជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធ (Stakeholder) ទៅនឹងការងារ គីមី ជីវសាស្រ្ត វិទ្យុសកម្ម នុយក្លេអ៊ែរ (CBRN) នៅក្នុងប្រទេសកម្ពុជា ជាពិសេសភ្នាក់ងារពាក់ព័ន្ធក្នុងវិស័យសុខភាពសារធារណៈ និងវិស័យសុខភាពសត្វ ដើម្បីឯកភាពលើចំណុចជាអទិភាព និងផែនការសម្រាប់ការអនុវត្តសកម្មភាព របស់គម្រោងលេខ៨១។ លើសពីនេះទៅទៀតមានគោលបំណងចម្បងគឺការធ្វើឱ្យកាន់តែប្រសើរទ្បើងនូវសមត្ថភាពសន្តិសុខជីវសាស្រ្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ ។