នៅព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភាឆ្នាំ២០១៨ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញត្រួតពិនិត្យ និងបិទវគ្គ លំហាត់បាញ់គ្រាប់ពិត ដែលមានឈ្មោះថា ហនុមានមាស ឆ្នាំ២០១៨ ដែលលំហាត់នេះខ.ភ.ម រៀបចំធ្វើដោយខ្លួនឯង ហើយលំហាត់បាញ់គ្រាប់ពិតជាក់ស្តែងនេះ ត្រូវបានប្រើប្រាស់នូវកាំភ្លើងធំអូសសណ្តូងប្រភេទ 152 mm – 122mm និងប្រភេទកាំភ្លើងប្រតិកម្ម BM-21 – RM-70 ហ្វឹកហ្វឺននៅទីលានតេជោសែនជុំគិរី ស្ថិតក្នុងភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។ អញ្ជើញមានវត្តមានក្នុងឱកាសនោះផងដែរមាន៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿនអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ,ព្រមទាំង ឯកឧត្តម នាយឧត្តមសេនីយ៍ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃខ.ភ.ម ព្រមទាំងនាយទាហាន និងពលទាហាន និងតំណាងសេនានុព័ន្ធអមស្ថានទូតនានាប្រចាំនៅកម្ពុជា ជាច្រើនរូបទៀត។
លំហាត់បាញ់គ្រាប់ពិត ហនុមានមាសឆ្នាំ 2018 ដែលខ.ភ.ម បានរៀបចំដោយខ្លួនឯងនេះ បានដោយផ្តោតទៅលើខ្លឹមសារ នៃយុទ្ធនាការគ្រឿងយន្តអន្តរាគមន៍ វាយបកកម្ទេចទីតាំងខ្មាំង។ លំហាត់នេះក្នុងគោលបំណង ដើម្បីពង្រឹងបង្កើនសមត្ថភាព ចំណេះដឹង និងជំនាញនាយទាហាន នាយទាហានរង និងពលទាហាន នៃ ខ.ភ.ម ក្នុងកិច្ចការពារបូរណភាពទឹកដី នាពេលបច្ចុប្បន្ន និងអនាគត។ ម្យ៉ាងទៀតដើម្បីត្រួតពិនិត្យ វាស់ស្ទង់សមត្ថភាពកងទ័ព ក្រោយពីធ្វើការហ្វឹកហ្វឺននៅតាមបណ្តាសាលា និងកងឯកភាពរួច។ ហើយការធ្វើលំហាត់នេះ ក៏ពុំមានការគំរាមកំហែងណាមួយទេ ខណៈការបាញ់នេះក៏បានចំណាយគ្រាប់ធន់ធ្ងន់ជាងមួយពាន់គ្រាប់ ក្នុងនោះកាំភ្លើងប្រតិកម្ម RM-70 មានចំនួន៨០០គ្រាប់។ លំហាត់នេះធ្វើឡើងក្នុងរូបភាពកងពលតូចអន្តរាគម វាយបក ក្នុងរចនាសម្ព័ន្ធ មានដូចជា មួយវរសេនាតូចរថពាសដែក, មួយវរសេនាតូចរថក្រោះ, មួយវរសេនាតូចកាំភ្លើងធំ និងបង្កើនថែមឲ្យកាំភ្លើងយុទ្ធសាស្រ្តអាវុធ BM21 និងRM70 ជាដើម។ ដោយមានការធ្វើលំហាត់នៅទីបញ្ជាការ លើការងារសេនាធិការ, ទីបញ្ជាការកងពលតូច និងដឹកនាំបញ្ជាប្រយុទ្ធ។ លំហាត់ទីលាន មានស៊ើបការណ៍, ការរាវមីន និងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងកាំភ្លើងបាញ់កម្ទេចខ្មាំងជួរមុខ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង ប្រធាន គណៈកម្មាការរៀបចំលំហាត់បាញ់គ្រាប់ពិតហនុមានមាសឆ្នាំ2018 នៃខ.ភ.ម បានឲ្យដឹងថា៖ នៅក្នុងលំហាត់នេះ មានរៀបចំការសម្តែងបាញ់កាំភ្លើងធំ 122មីលីម៉ែត្រ ចំនួន១៨ដើម, កាំភ្លើងធំ152មីលីម៉ែត្រ ចំនួន៤ដើម និងអាវុធប្រតិកម្មBM21 -RM70 ចំនួន ២០គ្រឿង ព្រមទាំងការរៀបចំទីបញ្ជាការរបស់កងពលតូច។ ឯកឧត្តម បានបញ្ជាក់ថា៖ ការបាញ់សម្រាប់កាំភ្លើងធំ១២២ និងកាំភ្លើងធំ១៥២មីលីម៉ែត្រ ចែកជាពីរដំណាក់កាល គឺបាញ់យកគោលដៅ និងបាញ់ផ្តុំ។ ដោយឡែក អាវុធប្រតិកម្មBM21 បាញ់ផ្តុំទាំង ២០គ្រឿង ក្នុង១គ្រឿងមាន៤០គ្រាប់។ ហើយការបាញ់បានប្រព្រឹត្តទៅដោយទទួលលទ្ធផលបានយ៉ាងល្អ និងចំគោលដៅ១០០% ក្នុងរង្វង់ប្រតិបត្តិការ ២០០ម៉ែត្រ បួនជ្រុង ស្ថិតនៅលើគោលដៅតំបន់ភ្នំ៥០៣ នៃប្រជុំខេត្តតាកែវ កំពង់ស្ពឺ និងកំពត។
ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា៖ លំហាត់ហ្វឹកហ្វឺនបាញ់គ្រាប់ពិត ដែលមានឈ្មោះថា ហនុមានមាស ឆ្នាំ២០១៨ របស់ ខ.ភ.ម នេះ គឺជាលំហាត់ដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសមត្ថភាពយោធិន ដែលជាជ្រុងអាទិភាពមួយ នៃការកែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា នាពេលបច្ចុប្បន្ន និងទៅអនាគត។ សម្តេចបានបន្តថា ក្នុងយុទ្ធសាស្ត្ររាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដក់ផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីធានាកិច្ចការពារប្រកបដោយប្រសិទ្ធភាព នូវអធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមនៅកម្ពុជា។ សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ កងយោធពលខេមរភូមិន្ទ បានធ្វើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបង្កើនគុណភាពហ្វឹកហ្វឺន និងបណ្តុះបណ្តាលយោធិនអាជីព ក្នុងគោលដៅកសាងជួរកងកម្លាំងប្រដាប់អាវុធវ័យក្មេង សម្រាប់បន្តវេននាពេលអនាគត ដែលជាកត្តាគន្លឹះ ដ៏សំខាន់មួយ ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ ធានាជោគជ័យ និងនិរន្តភាពក្នុងការកែទម្រង់លើគ្រប់វិស័យ នៅកម្ពុជា។ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា៖ ប្រទេសណាក៏ដូចប្រទេសណាដែរ កងទ័ពត្រូវតែបំពាក់នូវសព្វាវុធទំនើបៗបន្ថែម និងត្រូវតែបង្កើននូវជំនាញរបស់ខ្លួនបន្ថែម ដើម្បីធ្វើយ៉ាងណាពង្រឹងសមត្ថភាពចំណេះដឹង ជំនាញ និងវាស់ ស្ទង់សមត្ថភាពរបស់ខ.ភ.ម ជាពិសេសដើម្បីធ្វើជារបងដ៏រឹងមាំ នៃកិច្ចការពារជាតិ ថែរក្សាសន្តិភាព ការពារបូរណភាពទឹកដី ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមិនឈ្លានពានគេ ហើយក៏មិនអនុញ្ញាត ឱ្យគេឈ្លានពានសូម្បីតែមួយមីល្លីម៉ែត្របានឡើយនោះ។ ជាមួយគ្នានោះ សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ ពេលប្រទេសមានសុខសន្តិភាពកងទ័ព ត្រូវមានភារកិច្ចហ្វឹកហ្វឺនបន្ថែម ហើយពេលមាន សកម្មភាពបែបនេះ គឺនឹងធ្វើឲ្យកងទ័ពកាន់តែមានគុណភាព និងសមត្ថភាពបន្ថែមទៀត ស្របពេលដែល កងទ័ពកម្ពុជាយើង បានចូលដល់កម្រិតមួយ គេហៅថាកងទ័ពមានលក្ខណៈអនុ្តរជាតិ ទាំងនៅក្នុងតំបន់ និងពិភពលោក ខណៈដែលកងទ័ពកម្ពុជារាប់ពាន់នាក់ បានទៅចូលរួមបំពេញបេសកកម្មនៅបរទេស ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិនោះ។ នៅក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានផ្តល់លើកទឹកចិត្តជូនប័ណ្ឌសរសើរ ព្រមទាំង ថវិការមួយចំនួនដល់បណ្តាកងឯកភាព អង្គភាពទ័ពជំនាញនៃខ.ភ.ម ដែលចូលរួមក្នុងលំហាត់សមយុទ្ឋបាញ់គ្រាប់ពិត ហនុមានមាស ឆ្នាំ២០១៨នេះផងដែរ។
សូមបញ្ជាក់ថា៖ លំហាត់សមយុទ្ឋបាញ់គ្រាប់ពិត ដែលមានលក្ខណៈទ្រង់ទ្រាយធំ ដែលបានធ្វើនាពេលនេះ គឺជាលើកទី៣ហើយ ដោយលើកទី១ បានប្រព្រឹត្តទៅកាលពីឆ្នាំ២០១០ នៅខេត្តកំពង់ឆ្នាំង និងលើកទី២ នៅ អា.សេ.អូ(ACO) ឆ្នាំ២០១៣ ក្នុងខេត្តកំពង់ស្ពឺ។ ការធ្វើលំហាត់បាញ់គ្រាប់ពិត ដែលមានឈ្មោះថា ហនុមានមាស ឆ្នាំ២០១៨នេះ មានកម្លាំងចូលរួមក្នងលំហាត់ ចំនួន1948នាក់ ក្នុងនោះកម្លាំងអនុវត្តលំហាត់ ចំនួន803នាក់ និង កម្លាំងបំរើការចំនួន1145នាក់ ៕