ព្រឹកថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩
រាជធានីភ្នំពេញ ៖ គណៈកម្មការជំនាញរដ្ឋសភានឹងដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងកម្ពុជា និងអង្គការហាមឃាត់អាវុធគីមីទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិភាក្សា និងអនុម័តនៅពេលខាងមុខនេះ ។ ការបញ្ជូលសេចក្តីព្រាងច្បាប់នេះបន្ទាប់ពីគណៈកម្មការមហាផ្ទៃការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភាដឹកនាំដោយលោកហ៊ុន ណេង ប្រធានគណៈកម្មការសហការជាមួយគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន និងមានការចូលរួមពីតំណាងគណៈកម្មការជំនាញផ្សេងៗទៀតជួបប្រជុំជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសហការី ដើម្បីពិនិត្យពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី ស្ដីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបបស់អង្គការហាមឃាត់អាវុធគីមី ។ ក្នុងជំនួបពិភាក្សានាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភាសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានលើកឡើងពីគោលបំណងនៃកិច្ចព្រមព្រៀងនេះមានដូចជា ធ្វើកិច្ចសហប្រតិបត្តិការជាមួយ អង្គការហាម ឃាត់អាវុធគីមី ដើម្បីសម្អាតកាកសំណង់សារជាតិអាវុធគីមី ដែលបានបន្សល់ទុកក្នុងប្រទេសកម្ពុជានាសម័យ សង្គ្រាមទសវត្សរ៍៦០ និងទសវត្សរ៍៧០ ។
ហាមឃាត់ និងទប់ស្កាត់ ឧក្រិដ្ឋកម្ម ឆ្លងដែននៃសារធាតុគីមីនៅលើទឹកដីប្រទេសកម្ពុជា ។ ចូលរួមជាមួយសហគមន៍ក្នុងតំបន់សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិក្នុងការធ្វើឱ្យពិភពលោកទាំងមូលមានសុវត្ថិភាពពីការរីកសាយភាយនៃសាធាតុគីមី ស្របតាមមាត្រា ៥៤ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។ សម្តេចពិជ័យសេនាបានបន្តថា កម្ពុជាបានទទួលសារៈប្រយោជន៍ពីកិច្ចព្រមព្រៀងនេះមានដូចជា ទទួលបានកិច្ចសហប្រតិបត្តិការជាមួយអង្គការហាមឃាត់អាវុធគីមី និងទទួលបាន ជំនួយបច្ចេកទេស និងការអភិវឌ្ឍសមត្ថភាព ។
ក្រោយពីបានស្ដាប់ការបកស្រាយ និងពន្យល់របស់សម្តេចពិជ័យសេនា ទៀ បាញ់ រួចមក លោកហ៊ុន ណេង ប្រធានអង្គប្រជុំបានថ្លែងអំណរគុណចំពោះវត្តមានរបស់សម្តេចពិជ័យសេនា និងសហការី ដែលបានអញ្ជើញចូលរួមប្រជុំជាមួយគណៈកម្មការជំនាញរបស់រដ្ឋសភា ក្នុងការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី ស្ដីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបបស់អង្គការហាមឃាត់អាវុធគីមី ។
លោកហ៊ុន ណេង បានបញ្ជាក់ថា បន្ទាប់ពីសម្តេចពិជ័យសេនា និងសហការីបានធ្វើការបកស្រាយទៅលើចំណុចនានាដែលគណៈកម្មការជំនាញនៃរដ្ឋសភាបានសាកសួររួចមកហើ យនេះគណៈកម្មការជំនាញនៃរដ្ឋសភាសម្តែងនូវការគាំទ្រលើសេចក្តីព្រាងច្បាប់នេះ ហើយ សម្រេចថា នឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បី ពិនិត្យទៅតាមនីតិវិធីបន្តទៀតរបស់រដ្ឋសភា ។
សូមជម្រាបថា កម្ពុជាជាសមាជិកអង្កការហាមឃាត់អាវុធគីមីដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៣ ដោយបានផ្ដល់សច្ចាប័ន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០០៥ និងបានចូលជាធរមាន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៥ ។ ចំពោះកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមីស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការហាមឃាត់អាវុធគីមី កម្ពុជាបានចុះហត្ថលេខារួច ហើយកាលពីថ្ងៃទី១២ ខែតុលាឆ្នាំ២០១៧ ។
ចំពោះនីតិវិធីបន្ត គឺការផ្ដល់សច្ចាប័ន ដើម្បីឲ្យកិច្ចព្រមព្រៀងនេះនឹងចូលជាធរមាននៅពេលដែលកម្ពុជាបានតម្កល់ទុកលិខិតូបករណ៍នៃការផ្ដល់សច្ចាប័នជាមួយអង្គការហាមឃាត់អាវុធគីមី ។ អាជ្ញាធរជាតិអាវុធគីមីកម្ពុជាបានធ្វើទំនាក់ទំនងល្អមានកិច្ចសហប្រតិបត្តិការយ៉ាង រលូន និងមានប្រសិទ្ធភាពជាមួយអង្គការហាមឃាត់អាវុធគីមី ក្នុងការសិក្សាវិភាគ និងលើគោលបំណងនៃមាត្រានីមួយៗដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះដោយមិនមានផលប៉ះ ពាល់ដល់ច្បាប់គោលនយោបាយ និងសារៈប្រយោជន៍របស់ប្រទេសជាតិឡើយ ។ កន្លងមក ប្រទេសដែលជារដ្ឋភាគីជាមួយអង្គការហាមឃាត់អាវុធគីមីមានចំនួន១៩៣ប្រទេស ។ ប្រទេសដែលបានចុះកិច្ចព្រមព្រៀងមានចំនួន៥៦ក្នុងនោះប្រទេសចំនួន៥៥បានចុះហត្ថលេខា ប៉ុន្តែបានផ្ដល់សច្ចាប័នមានចំនួ ៤១ប្រទេស ។
ដោយឡែកនៅក្នុងអាស៊ានប្រទេសដែលបានចុះកិច្ចព្រមព្រៀងមានចំនួន៥ គឺកម្ពុជា ឡាវ ហ្វីលីពីន ថៃ វៀតណាម ។ សេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមីស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការហាមឃាត់អាវុធគីមីត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ហើយបញ្ជូនទៅសុំការអនុញ្ញាតពីស្ថាប័ននីតិប្បញ្ញត្តិដែលរួមមាន៣មាត្រា ៕