ព័ត៌មាន

កិច្ចប្រជុំលើកទី២៦ អាជ្ញាធរជាតិ នៃអង្គការហាមឃាត់អាវុធគីមី !

(ប្រទេសហូឡង់)÷ ឧត្តមសេនីយ៍ទោ វ៉ាន សំរេច នាយករង នាយកដ្ឋានហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលជំនាញ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម រួមជាមួយ វរសេនីយ៍ទោ ដេត ណាឫទ្ធី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី២៦ អាជ្ញាធរជាតិ នៃអង្គការហាមឃាត់អាវុធគីមី (OPCW 26th Annual Meeting of National Authorities) ដែលមានសមាសភាពចូលរួមពីតំណាងអាជ្ញាធរជាតិ នៃរដ្ឋភាគី នៃអនុសញ្ញាអាវុធគីមី ប្រមាណជាង២០០នាក់ មកពី១៤៥ប្រទេស។

តាមរយៈកិច្ចប្រជុំនេះបានផ្តល់ឱ្យរដ្ឋភាគីនូវព័ត៌មានថ្មីៗអំពីសកម្មភាព និងការកសាងសមត្ថភាពរបស់លេខាធិការដ្ឋានបច្ចេកទេស និងពិភាក្សាអំពីអាទិភាព តម្រូវការ និងជម្រុញរដ្ឋភាគីក្នុងការអនុវត្តអនុសញ្ញាអាវុធគីមីឱ្យកាល់តែមានប្រសិទ្ធិភាព។ ហើយក៏មានកិច្ចពិភាក្សាក្នុងការស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអនុតំបន់ដើម្បីជំរុញដល់ ការអនុវត្តអនុសញ្ញា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី ពិភាក្សាអំពីការអនុវត្តទាក់ទងនឹងការប្រកាស និងកាតព្វកិច្ចពាក់ព័ន្ធនឹងអនុសញ្ញា ព្រមទាំងចែករំលែកនូវបទពិសោធន៍ថ្នាក់ជាតិទាក់ទងនឹងការធ្វើក្របខណ្ឌនីតិប្បញ្ញាត្តិ និងច្បាប់ស្តីពីសន្តិសុខ-សុវត្ថិភាពសារធាតុគីមី និងអាវុធគីមីតាមរយៈ ការអនុវត្តថ្នាក់ជាតិ និងការប្រើប្រាស់ក្របខណ្ឌច្បាប់ជាតិ-អន្តរជាតិ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២០-២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាល អង្គការហាមឃាត់អាវុធគីមី (OPCW) ទីក្រុងឡាអេ ប្រទេសហូឡង់៕