(ប្រទេសម៉ាឡេស៊ី)÷ឧត្តមសេនីយ៍ទោ នឿន វិទ្យា អគ្គលេខាធិការរង នៃអគ្គលេខាដ្ឋាន អាជ្ញាធរជាតិទប់ស្ការអាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម រួមជាមួយឧត្តមសេនីយ៍ត្រីសួន ដុស និងឧត្តមសេនីយ៍ត្រី សាត ច័ន្ទសុវណ្ណារី បានអញ្ជើញចូលរួមសិក្ខាសាលាថ្នាក់តំបន់របស់គម្រោង EU CBRNCoEលេខ៩៨ ស្តីពី«ការពង្រឹង ការត្រៀមលក្ខណៈ និងការឆ្លើយតបលើការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្ត CBRNនៅអាស៊ីអាគ្នេយ៍» ( EU CBRN CoE Project 98 : strengthening CBRN Medical Emergency Preparedness and Response in Southeast Asia(EMED)). ដែលបានរៀបចំដោយ ISTC ក្រោមជំនួយរបស់ សហភាពអឺរ៉ុប ដែលមានសមាសភាពចូលរួមសរុប៨០រូប អញ្ជើញមកពីប្រទេសចំនួន០៨រួមមានៈ កម្ពុជា ព្រុយណេ ថៃ ឡាវ វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន ។
សិក្ខាសាលានេះមានគោលបំណងបណ្តុះបណ្តាលនិតីវិធី និងការកំណត់ស្ថាប័នពាក់ព័ន្ធក្នុងការឆ្លើយតបការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្តលើឧប្បត្តិហេតុគីមី ជីវសាស្ត្រ នុយក្លេអ៊ែរនិងវិទ្យុសកម្ម ព្រមទាំងមានការពិភាក្សា លំហាត់លើតុក្នុងការសិក្សាស្វែងយល់ពីនីតិវិធីឆ្លើយតបឧប្បត្តិហេតុគីមី ជីវសាស្ត្រ នុយក្លេអ៊ែរនិងវិទ្យុសកម្ម ការចូលរួមទស្សនកិច្ចសិក្សា ដើម្បីបង្ហាញពីនីតិវិធីនៃការរៀបចំប្រតិបត្តិការក្រុមកម្លាំងឆ្លើយតបឧប្បត្តិហេតុគីមី នៅស្ថានីយ៍ពន្លត់អគ្គីភ័យ របស់ប្រទេសម៉ាឡេស៊ី និងការពិភាក្សា វាយតម្លៃលំហាត់លើតុក្នុងការសិក្សាស្វែងយល់ពីនីតិវិធីឆ្លើយពីបណ្តាប្រទេស ដែលទាក់ទងទៅនឹងការសង្គ្រេាះផ្នែកវេជ្ជសាស្រ្ត ក្នុងការឆ្លើយតបឧប្បត្តិហេតុគីមី ជីវសាស្ត្រ នុយក្លេអ៊ែរ និងវិទ្យុសកម្ម។
សិក្ខាសាលានេះបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពី ថ្ងៃទី២២ ដល់២៤ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៕










