ព័ត៌មាន

ពិធីប្រកាសបិទសិក្ខាសាលាជាតិស្តីពី”CBRN Table top and field Exercises, Simulation, Training (TEST) to mitigate risks” នៃគម្រោងលេខ ១០៦!

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ថ្លែងសន្ទរកថាបិទសិក្ខាសាលា ស្តីពី”CBRN Table top and field Exercises, Simulation, Training (TEST) to mitigate risks” នៃគម្រោងលេខ ១០៦ ព្រមទាំងមានការចូលរួមជាគណៈអធិបតីពី លោក John Jones ប្រធានដឹកនាំគម្រោងលេខ១០៦ មន្ត្រីជំនាញISEMI និងមន្រ្តីអាជ្ញាធរជាតិអាវុធគីមី ផងដែរ។
សិក្ខាសាលារយៈពេលចំនួន៥ថ្ងៃ ពីថ្ងៃទី៧ តុលា ឆ្នំា២០២៤ រហូតដល់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ទទួលបានភាពជោគជ័យយ៉ាងរលូន និងគួរជាទីគាប់ចិត្ត ។ សិក្ខាសាលានេះពិតជាមានសារៈសំខាន់ក្នុងការផ្តល់ចំណេះដឹងទៅដល់មន្រ្តីអាជ្ញាធរជាតិអាវុធគីមី និងមន្រ្តីជំនាញអន្តរស្ថាប័ន ពីព្រោះសិក្ខាសាលានេះបាន ធ្វើការបណ្តុះបណ្តាល ចែករំលែកចំណេះដឹងបទពិសោធន៍ និងធ្វើការពន្យល់បង្ហាញនូវភារៈកិច្ច តួនាទី ឧបករណ៍ សម្ភារៈ និងកិច្ចការចាំបាច់ទៅដល់មន្រ្តីស្ថាប័នពាក់ព័ន្ធក្នុងការសិក្សាស្វែងយល់ ត្រៀមលក្ខណៈការងារពាក់ព័ន្ធជាមុនក្នុងការចូលរួមអនុវត្តលំហាត់នៅលើទីវាលជាក់ស្តែងទៅតាមសេណារីយោដែលនឹងផ្តល់ឱ្យអនុវត្តនាពេលខាងមុខនេះ។
ថ្លែងក្នុងឱកាសនៃការបិទសិក្ខាសាលានេៈដែរ ឯកឧត្តម បណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាផ្លែផ្កា ទៅកាន់លោក John Jones ប្រធានដឹកនាំគម្រោងលេខ១០៦ និងសហការី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្រ្តីអាជ្ញាធរជាតិ មន្រ្តីអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសិក្ខាសាលាបណ្តុះបណ្តាល អស់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ ឯកឧត្តម បណ្ឌិត អគ្គលេខាធិការ បានគូសបញ្ចាក់ថាយើងពិតជាមានមោទនៈភាពខ្លាំង ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជាប្រធានអាជ្ញាធរជាតិអាវុធគីមី បានរៀបចំចាត់ចែងទាំងកម្លាំងទាំងការកសាងសមត្ថភាព និងផ្តល់លទ្ធភាពឲ្យមានការសហការចូលរួមវគ្គបណ្តុះបណ្តាលទាំងកន្លងមកនិងនាពេលបច្ចុប្បន្ន។ ជាការពិតណាស់ ការទទួលបានចំណេះដឹងនៃគម្រោងលេខ១០៦ នេះ វាសមស្រប ទៅនឹងស្ថានភាពនៃប្រទេសកម្ពុជាដែលបានខិតខំប្រឹងប្រែងទប់ស្កាត់ អាវុធគីមី ជីវសាស្រ្ត នុយក្លេអ៊ែរ និងវិទ្យុសកម្ម ឥលូវនេះយើងបានត្រៀមការចូលរួមហ្វឹកហ្វឺនដើម្បីទប់ស្កាត់នូវបញ្ហាទាំងអស់នេះ ដែលឈានទៅគោលដៅ រួមគ្នា ព្រោះកិច្ចការទាំងអស់នេះយើងគិតឃើញថាមិនមែនតែអាជ្ញាធរជាតិអាវុធគីមីតែម្នាក់អាចដោះស្រាយបញ្ហាទាំងអស់នេះបាននោះទេ។ យើងបានដឹងហើយថាអាវុធនិងសារធាតុទាំងអស់នេះពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ព្រោះសារធាតុខ្លះគ្មានខ្លិនគ្មានពណ៌ប៉ុន្តែអាចបង្កឱ្យមានមហន្តរាយធ្ងន់ធ្ងរដល់មនុស្សជាតិទាំងមូលបាន។ ឯកឧត្តម បានបន្តលើកទ្បើងថា នាខែធ្នូឆ្នាំ២០២៤ នាពេលខាងមុខ នឹងមានមន្រ្តីជំនាញបន្ថែមទៀតក្នុងការជួយបណ្តុះបណ្តាល ជាពិសេសការងារពាក់ព័ន្ធសេណារីយោអនុវត្តលំហាត់ជាក់ស្តែង ហេតុនេះមន្រ្តីសិក្ខាកាមតំណាងស្ថាប័នពាក់ព័ន្ធ ព្រមទាំងកម្លាំងរបស់អាជ្ញាធរជាតិត្រូវបន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការសិក្សាហ្វឹកហ្វឺន ក៏ដូចជាការទទួលអនុវត្តភារកិច្ចទាំងនេះឱ្យទទួលបានជោគជ័យខ្ពស់ផងដែរ។
ជាទីបញ្ចប់ ឯកឧត្តម បណ្ឌិត បានជូនលិខិតថ្លែងអំណរគុណទៅដល់លោក លោក John Jones, ប្រធានដឹកនាំគម្រោងលេខ១០៦ លោក Dr. Marian Kolencik, មន្រ្តីជំនាញISEMI លោក Lubos Trudic, មន្រ្តីជំនាញ ISEMI លោក Stanley Cheong, មន្រ្តីមកពី On Site Assistant, EU CBRN Regional Secretariat for SE Asia ព្រមទាំងបានជូនលិខិតបញ្ជាក់ពីការចូលរួមសិក្ខាសាលាទៅដល់មន្ត្រីសិក្ខាកាមទាំងមូលផងដែរ។
ពិធីប្រកាសបិទបញ្ចប់សិក្ខាសាលាបានប្រព្រឹត្តទៅនៅ ថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ Hyatt Regency Phnom Penh៕