ព័ត៌មាន

ពិធីប្រកាសបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី”CBRN Table top and field Exercises, Simulation, Training (TEST) to mitigate risks” នៃគម្រោងលេខ ១០៦!

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី”CBRN Table top and field Exercises, Simulation, Training (TEST) to mitigate risks” នៃគម្រោងលេខ ១០៦ ព្រមទាំងមានការចូលរួមជាគណៈអធិបតីពី លោក John Jones ប្រធានដឹកនាំគម្រោងលេខ១០៦ មន្ត្រីជំនាញISEMI និងមន្រ្តីអាជ្ញាធរជាតិអាវុធគីមី ផងដែរ។
គោលបំណងចម្បងនៃការរៀបចំសិក្ខាសាលានេះទ្បើង ដើម្បីបណ្តុះបណ្តាលកម្លាំងជំនាញអន្តរស្ថាប័ន ក្នុងការរៀបចំផែនការយកគំរូសំណាក និងវិនិច្ឆ័យសារធាតុគីមីដើម្បីឈានដល់ការអនុវត្តលំហាត់ជាក់ស្តែង។ សិក្ខាសាលានេះនឹងប្រព្រឹត្តទៅរយៈពេលចំនួន៥ថ្ងៃ ពីថ្ងៃពីថ្ងៃទី៧ តុលា ឆ្នំា២០២៤ រហូតដល់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ Hyatt Regency Phnom Penh និងនៅវិទ្យាស្ថានស្រាវជ្រាវ និងពិសោធន៍សារធាតុអាវុធគីមី លង្វែក។
ថ្លែងក្នុងឱកាសនៃការបើកសិក្ខាសាលានេៈដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត អគ្គលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់លោក John Jones ប្រធានដឹកនាំគម្រោងលេខ១០៦ អ្នកជំនាញ ISEMI និងសហការី ដែលបានបង្កើតនូវកម្មវិធីដ៏មានសារៈសំខាន់នេះទ្បើង។ ឯកឧត្តម បណ្ឌិត អគ្គលេខាធិការ បានគូសបញ្ចាក់ថាគម្រោងលេខ១០៦ នេះគឺជាគម្រោងថ្មីរបស់សហភាពអឺរ៉ុបដែលមានសារសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា គម្រោងនេះបើប្រៀបធៀបជាមួយកម្ពុជា បើទោះបីជាយើងមានការហ្វឹកហាត់ ការហ្វឹកហ្វឺនជាច្រើន ហើយមានបទពិសោធន៍ជាច្រើនមកយ៉ាងណាក្តី ប៉ុន្តែយើងគិតឃើញថាសមត្ថភាពយើងនៅមិនទាន់គ្រប់គ្រាន់ទាំងស្រុងនោះទេ គោលបំណងរបស់យើងគឺចង់បានការហ្វឹកហាត់ ការបណ្តុះបណ្តាលជាបន្តបន្ទាប់សម្រាប់មន្រ្តីអនុវត្តភារៈកិច្ច CBRN នៅក្នុងប្រទេសកម្ពុជារបស់យើង ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ គម្រោងនេះយើងបានឯកភាពជាមួយអ្នកជំនាញថាយើងនឹងចូលជ្រៅ មិនមែនទ្រឹស្តីតែមួយមុខនោះទេ តែយើងត្រូវចូលឱ្យជ្រៅទៅកាន់ការអនុវត្តជាក់ស្តែងឱ្យបានច្រើន។ ជាការពិតណាស់សិក្ខាសាលានេះពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើជាមូលដ្ឋានបន្តនៅក្នុងសិក្ខាសាលាខែ១២នាពេលខាងមុខ។ ឯកឧត្តមបានបន្តទៀតថា បន្ទាប់ពីការរៀនសូត្រនេះមន្រ្តីដែលបានចូលរួមត្រូវតែចេះរៀបចំផែនការជាពិសេសមន្រ្តីអាជ្ញាធរជាតិអាវុធគីមី ហេតុដូចនេះមន្រ្តីសិក្ខាកាមត្រូវប្រឹងប្រែងយកចិត្តទុកដាក់ឱ្យបានខ្ពស់ ព្រោះថាសមត្ថភាពទាំងនេះនឹងត្រូវយកទៅអនុវត្តការងារជាក់ស្តែង ដូចជាការចុះយកសារធាតុគីមីនៅតាមព្រំដែន និងទីកន្លែងដែលមានហេតុការណ៍កើតទ្បើងណាមួយពាក់ព័ន្ធCBRN។ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត បានសំដែងការលើកទឹកចិត្ត និងសំណូមពរទៅដល់មន្រ្តីសិក្ខាកាមទាំងអស់ត្រូវខិតខំប្រឹងប្រឹងសិក្សារៀនសូត្រក្នុងវគ្គបណ្តុះបណ្តាលនេះអោយបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ផងដែរ។
ពិធីប្រកាសបើកអង្គសិក្ខាសាលានេះ បានប្រព្រឹត្តទៅនៅ ថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ Hyatt Regency Phnom Penh៕