ព្រិត្តិការណ៍

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​វគ្គលំហាត់​ហនុមាន​មាស​ ឆ្នាំ​២០១៨

នៅ​ព្រឹក​​ថ្ងៃ​​ពុធ​ ១រោច ​ខែ​ជេស្ឋ​ ឆ្នាំ​ច ​​​សំរឹទ្ធិ​ស័ក ​ព.ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី៣០​​ ខែ​​ឧសភា​ឆ្នាំ​២០១៨​​ ​សម្តេចពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​​​ក្រសួង​ការពារ​ជាតិ ​បាន​អញ្ជើញ​ត្រួត​ពិនិត្យ​ និង​បិទ​វគ្គ​ ​លំហាត់​​បាញ់​គ្រាប់​​ពិត ​ដែល​មាន​​ឈ្មោះ​ថា ​ហនុ​មាន​មាស ​ឆ្នាំ​២០១៨​ ដែល​លំហាត់​នេះ​ខ.ភ.ម ​រៀប​ចំ​ធ្វើ​ដោយ​ខ្លួន​ឯង ​ហើយ​លំហាត់​​បាញ់​​គ្រាប់​​ពិត​ជាក់​ស្តែង​នេះ​​ ត្រូវ​បាន​​ប្រើ​ប្រាស់​នូវ​កាំ​ភ្លើង​ធំ​​​អូស​សណ្តូង​ប្រភេទ ​152 mm​ – 122mm​ និង​ប្រភេទ​​កាំភ្លើង​ប្រតិកម្ម​ BM-21​ – RM-70​ ហ្វឹក​ហ្វឺន​នៅ​​ទីលាន​តេជោ​សែន​ជុំ​គិរី ​ស្ថិត​ក្នុង​ភូមិ​ត្រពាំង​វែង ​ឃុំ​ត្រពាំង​រាំង ​ស្រុក​ជុំគិរី​ ខេត្ត​កំពត​​។​ អញ្ជើញ​​​មាន​​វត្ត​មាន​ក្នុង​ឱកាស​នោះ​ផង​ដែរ​មាន​៖ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​​ប៉ុល​ ​សារឿន​អគ្គ​​មេ​​បញ្ជា​ការ​ នៃ​​កង​​យោធពល​​ខេមរ​ភូមិន្ទ​,​ព្រម​ទាំង ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ជា​រដ្ឋ​លេខា​ធិការ ​អនុ​រដ្ឋ​លេខា​ធិការ ​ក្រសួង​ការពារ​ជាតិ ​និង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​អគ្គ​មេ​បញ្ជាការ​រង​​ នៃខ.ភ.ម ​ព្រម​​ទាំង​​នាយ​ទាហាន ​និង​ពល​ទាហាន ​និង​តំណាង​សេនានុព័ន្ធ​អម​ស្ថាន​ទូត​នានា​​ប្រចាំ​នៅ​កម្ពុជា ​ជា​ច្រើន​​រូប​​ទៀត​។

     លំហាត់​បាញ់​គ្រា​ប់​ពិត ​ហនុ​មាន​មាស​ឆ្នាំ​ 2018 ​ដែល​ខ.ភ.ម បាន​រៀប​ចំ​ដោយ​ខ្លួន​ឯង​នេះ ​បាន​​ដោយ​ផ្តោត​ទៅ​​លើ​ខ្លឹម​សារ​ នៃ​​យុទ្ធនាការ​គ្រឿង​យន្ត​អន្តរាគមន៍ ​វាយ​បក​​កម្ទេច​​ទីតាំង​​ខ្មាំង​។​​ លំហាត់​​នេះ​ក្នុង​​គោល​បំណង​ ដើម្បី​​ពង្រឹង​​​​​បង្កើន​​សមត្ថភាព ​​ចំណេះ​ដឹង ​និង​ជំនាញ​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​​ពលទាហាន ​នៃ​ ខ.ភ.ម ​ក្នុង​កិច្ច​​ការពារ​បូរណភាព​ទឹក​ដី ​នា​ពេល​បច្ចុប្បន្ន​ និង​អនាគត។​ ម្យ៉ាង​ទៀត​ដើម្បី​ត្រួត​​ពិនិត្យ​​ វាស់​ស្ទង់​​សមត្ថភាព​​កង​​ទ័ព​​ ក្រោយ​ពី​ធ្វើ​ការ​ហ្វឹក​ហ្វឺន​នៅ​តាម​បណ្តា​សាលា ​និង​​កង​ឯក​ភាព​រួច​។ ​ហើយ​ការ​ធ្វើ​លំហាត់​នេះ​ ក៏​ពុំ​មាន​​ការ​​គំរាម​​កំហែង​​ណា​​មួយ​​ទេ​ ​ខណៈ​​ការ​​បាញ់​​នេះ​​ក៏​​បាន​​ចំណាយ​​គ្រាប់​​ធន់​​ធ្ងន់​​ជាង​​មួយ​​ពាន់​គ្រាប់​ ក្នុង​​នោះ​កាំភ្លើង​ប្រតិកម្ម​ RM-70 ​មាន​ចំនួន​៨០០​គ្រាប់​​។ លំហាត់​​នេះ​​ធ្វើ​​ឡើង​​ក្នុង​​រូប​​ភាព​​កង​​ពល​​តូចអន្តរាគម វាយ​បក ​​ក្នុង​​រចនា​​សម្ព័ន្ធ​​ មាន​​ដូច​​ជា ​​មួយ​វរសេនា​​តូច​​រថពាស​​ដែក,​ ​មួយ​​វរសេនា​​តូច​​រថ​ក្រោះ​, ​ មួយ​​វរសេនា​​តូច​​កាំភ្លើង​ធំ​ ​និង​​បង្កើន​​ថែម​​ឲ្យ​​កាំ​ភ្លើង​​យុទ្ធសា​ស្រ្ត​អាវុធ ​​BM21 ​និង​RM70 ​​ជា​ដើម។​ ដោយ​មាន​ការ​ធ្វើ​លំហាត់​​​នៅ​ទីបញ្ជាការ​ លើ​ការងារ​សេនា​ធិការ​, ទី​បញ្ជាការ​កង​ពល​តូច ​និង​ដឹក​នាំ​បញ្ជា​ប្រយុទ្ធ​។ លំហាត់​ទីលាន ​មាន​ស៊ើបការណ៍​, ​ការ​រាវ​មីន​ និង​កម្ទេច​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ និង​កាំភ្លើង​បាញ់​​កម្ទេច​ខ្មាំង​ជួរ​មុខ​។

     ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ឥត​ សារ៉ាត់ ​អគ្គ​មេ​បញ្ជាការ​រង ​ប្រធាន ​គណៈកម្មាការ​រៀប​ចំ​​លំហាត់​បាញ់​គ្រាប់​ពិត​ហនុ​មាន​មាស​ឆ្នាំ2018 ​នៃ​ខ.ភ.ម ​បាន​ឲ្យ​ដឹង​ថា៖ ​នៅ​ក្នុង​លំហាត់​នេះ ​មាន​រៀប​ចំ​ការ​សម្តែង​បាញ់​កាំភ្លើង​ធំ ​122​មីលីម៉ែត្រ​ ចំនួន​១៨ដើម,​ កាំភ្លើង​ធំ​152​មីលីម៉ែត្រ​ ចំនួន​៤ដើម ​និង​អាវុធ​ប្រតិកម្ម​BM21​ -RM70 ​ចំនួន ​២០​គ្រឿង​ ព្រម​ទាំង​ការ​រៀប​ចំ​​​ទី​បញ្ជាការ​​របស់​កង​ពល​តូច​។​ ឯកឧត្តម ​បាន​បញ្ជាក់​ថា​៖ ការ​បាញ់​សម្រាប់​កាំភ្លើង​ធំ​១២២ ​និង​កាំភ្លើង​ធំ​​១៥២​មីលីម៉ែត្រ​ ចែក​ជា​ពីរ​ដំណាក់​កាល ​គឺ​បាញ់​​យក​​គោល​ដៅ ​និង​បាញ់​​​ផ្តុំ​។ ​ដោយ​ឡែក ​អាវុធ​ប្រតិកម្ម​BM21 ​បាញ់​ផ្តុំ​ទាំង ​២០​គ្រឿង​ ក្នុង​១​គ្រឿង​មាន​៤០​គ្រាប់​។​ ហើយ​ការ​​បាញ់​​បាន​​ប្រព្រឹត្ត​​ទៅ​ដោយ​ទទួល​​លទ្ធផល​​បាន​យ៉ាង​ល្អ​ និង​ចំ​​គោល​ដៅ​​​១០០% ​ក្នុង​រង្វង់​ប្រតិបត្តិការ​ ២០០​ម៉ែត្រ​ បួន​ជ្រុង​ ស្ថិត​នៅ​លើ​គោល​ដៅ​តំបន់​ភ្នំ​៥០៣ ​នៃ​ប្រជុំ​ខេត្ត​តាកែវ ​កំពង់​ស្ពឺ​ និង​កំពត​​​។​

     ក្នុង​នាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បា​ន​ថ្លែង​ថា៖ ​លំហាត់​​ហ្វឹ​ក​ហ្វឺន​បាញ់​គ្រាប់​​ពិត​ ដែល​​មាន​ឈ្មោះ​ថា ​ហនុ​មាន​មាស ​ឆ្នាំ​២០១៨ ​​របស់ ​ខ.ភ.ម ​នេះ ​គឺ​ជា​លំហាត់​ដ៏​មាន​​សារៈ​​សំខាន់​​សម្រាប់​ការ​អភិវឌ្ឍ​សមត្ថភាព​យោធិន ​ដែល​ជា​​ជ្រុង​​អាទិភាព​​មួយ ​នៃ​ការ​កែ​​​ទម្រង់​​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​កម្ពុជា ​នា​ពេល​បច្ចុប្បន្ន​ និង​​ទៅ​​អនាគត​។​ សម្តេច​បាន​បន្ត​ថា​​ ក្នុង​យុទ្ធសាស្ត្រ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​​ សម្តេច​​តេជោ ​ហ៊ុន ​សែន​ ជា​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​បាន​ដ​ក់​ផែន​ការ​កែ​ទម្រង់​​កង​យោធ​ពល​​​ខេមរភូមិន្ទ​ សំដៅ​ធ្វើ​ទំនើប​កម្ម​ និង​បង្កើន​​សមត្ថភាព​វិជ្ជា​ជីវៈ​ដល់​​កង​កម្លាំង​ប្រដាប់​អាវុធ​​គ្រប់​ប្រភេទ​ ដើម្បី​ធានា​កិច្ចការ​ពារ​ប្រកប​ដោយ​​ប្រសិទ្ធ​ភាព​ នូវ​អធិបតេយ្យ​ភាព​ជាតិ ​បូរណ​ភាព​​ទឹក​ដី ​សន្តិភាព​ សន្តិសុខ ​សុវត្ថិភាព ​និង​​សណ្តាប់​ធ្នាប់​សង្គម​នៅ​កម្ពុជា​។​ សម្តេច​ពិជ័យ​សេនា ​បាន​បញ្ជាក់​ថា​៖ កង​យោធពល​ខេមរ​ភូមិន្ទ​ បាន​ធ្វើ​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ តាម​រយៈ​ការ​បង្កើន​គុណ​ភាព​ហ្វឹក​ហ្វឺន​ និង​បណ្តុះ​បណ្តាល​​យោធិន​អាជីព ​ក្នុង​គោល​ដៅ​​កសាង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ​វ័យ​ក្មេង ​សម្រាប់​បន្ត​វេន​​នា​ពេល​អនាគត​ ដែល​ជា​កត្តា​គន្លឹះ​ ដ៏​សំខាន់​មួយ ​ដើម្បី​បង្កើន​ផលិត​ភាព​ និង​​ប្រសិទ្ធ​ភាព​​ការ​ងារ ​ធា​នា​ជោគ​ជ័យ ​និង​និរន្​តភាព​​ក្នុង​ការ​កែ​ទម្រង់​លើ​គ្រប់​វិស័យ​ នៅ​កម្ពុជា​។ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ បា​ន​លើក​ឡើង​ថា៖​ ប្រទេស​ណា​​​ក៏​ដូច​ប្រទេស​ណា​​ដែរ​ កង​ទ័ព​ត្រូវ​​តែ​​បំពាក់​នូវ​សព្វាវុធ​ទំនើប​ៗ​បន្ថែម​ និង​ត្រូវ​តែ​បង្កើន​​នូវ​​ជំនាញ​​របស់​ខ្លួន​បន្ថែម​ ដើម្បី​ធ្វើ​យ៉ាង​​ណា​ពង្រឹង​សមត្ថភាព​ចំណេះ​ដឹង​ ជំនាញ ​និង​វាស់ ​ស្ទង់​​សមត្ថភាព​របស់​​ខ.ភ.ម​ ជា​ពិសេស​ដើម្បី​ធ្វើ​ជា​របង​ដ៏​រឹង​មាំ​ នៃ​កិច្ចការ​ពារ​ជាតិ​ ថែ​រក្សា​​សន្តិភាព​ ការពារ​បូរណភាព​ទឹក​ដី ​ស្រប​​តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ គឺ​មិនឈ្លាន​ពាន​គេ ​ហើយ​ក៏​មិន​អនុញ្ញាត​ ឱ្យ​​គេ​ឈ្លា​ន​ពាន​សូម្បី​តែ​មួយ​មីល្លីម៉ែត្រ​បាន​ឡើយ​នោះ​។​ ជា​មួយ​គ្នា​នោះ ​សម្តេច​ពិជ័យ​សេនា ​បាន​បញ្ជាក់​ថា​៖ ​ពេល​​ប្រទេស​​មាន​សុខ​សន្តិភាព​កង​ទ័ព​ ត្រូ​វ​មាន​​​​ភារ​កិច្ច​​ហ្វឹក​ហ្វឺន​បន្ថែម ​ហើយ​ពេល​មាន ​សកម្មភាព​បែប​នេះ​​ គឺ​នឹង​ធ្វើ​ឲ្យ​កង​ទ័ព​កាន់​តែ​​​មាន​​គុណ​ភាព ​និង​សមត្ថភាព​បន្ថែម​ទៀត ​ស្រ​ប​ពេល​ដែល ​កង​ទ័ព​កម្ពុជា​យើង ​បាន​ចូល​ដល់​​កម្រិត​មួយ​​ គេ​ហៅ​ថា​កង​ទ័ព​មាន​លក្ខណៈ​អនុ្តរ​ជាតិ​ ទាំង​នៅ​ក្នុង​តំបន់ ​និង​ពិភព​លោក ​ខណៈ​​ដែល​​កង​ទ័ព​​កម្ពុជា​រាប់​ពាន់​នាក់​ បាន​ទៅ​ចូល​រួម​បំពេញ​បេសកកម្ម​​នៅ​​បរទេស​ ក្រោម​​ឆ័ត្រ​​របស់​អង្គការ​​សហប្រជាជាតិ​នោះ​។​  នៅ​ក្នុង​ឱកាស​នោះ​ដែរ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ ក៏​បាន​ផ្តល់​​លើក​ទឹក​ចិត្ត​​ជូន​​ប័ណ្ឌ​​សរសើរ ​ព្រម​ទាំង​ ថវិការ​មួយ​ចំនួន​ដល់​បណ្តា​កងឯ​កភាព ​អង្គភាព​ទ័ព​ជំនាញ​នៃ​ខ.ភ.ម ​ដែល​ចូល​រួម​ក្នុង​លំហាត់​សម​​យុទ្ឋ​​បាញ់​​គ្រាប់​ពិត​​ ហនុមា​នមាស​ ឆ្នាំ​២០១៨​នេះ​ផង​ដែរ​។​

     សូម​​បញ្ជាក់​​ថា​៖​ លំហាត់​សម​​យុទ្ឋ​​បាញ់​​គ្រាប់​ពិត​ ​ដែល​​មាន​​លក្ខ​ណៈ​ទ្រង់​​ទ្រាយ​ធំ​ ដែល​បាន​ធ្វើ​នា​ពេល​នេះ ​គឺ​​ជា​​​លើក​​​ទី៣​​ហើយ​​ ដោយលើ​ក​ទី១ ​បាន​ប្រ​ព្រឹត្ត​ទៅ​កា​ល​ពី​ឆ្នាំ​២០១០​​ នៅ​ខេត្ត​កំពង់​ឆ្នាំង ​និង​​លើក​​ទី២ ​នៅ ​អា.សេ.អូ​​(ACO)​ ​ឆ្នាំ​​២០១៣ ​ក្នុង​ខេត្ត​កំពង់​ស្ពឺ។​ ការ​ធ្វើ​លំហាត់​​បាញ់​គ្រា​ប់​​ពិត ​ដែល​មាន​​ឈ្មោះ​ថា​ ​ហនុ​មាន​មាស ​ឆ្នាំ​២០១៨​នេះ ​មាន​​កម្លាំង​ចូល​រួម​ក្នង​លំហាត់ ​ចំនួន​1948​នាក់ ​ក្នុង​នោះ​កម្លាំង​អនុវត្ត​​លំហាត់ ​ចំនួន​803​នាក់ ​និង​ កម្លាំង​បំរើការ​ចំនួន​​1145​នាក់​ ៕

រូបថត

វីឌីអូ