(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម (អ.ជ.អ.គ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាថ្នាក់ជាតិស្តីពីអនុសញ្ញាអាវុធជីវសាស្រ្ត (BWC) ដោយមានការចូលរួមជាគណៈអធិបតីពី:
– លោក Alex Lampalzer – អង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអាវុធជីវសាស្រ្ត (BWC-ISU) របស់ការិយាល័យទទួលបន្ទុកកិច្ចការកាត់បន្ថយសព្វាវុធនៃអង្គការសហប្រជាជាតិ (UNODA),
– លោក Tihamer Czika – តំណាងសហភាពអុឺរ៉ុបប្រចាំកម្ពុជា
– ព្រមទាំងមន្ត្រីជំនាញជាតិ និងអន្តរជាតិ នៃក្រសួង ស្ថាប័នពាក់ព័ន្ធជាង២៥ ស្ថាប័នផងដែរ ។
សូមជម្រាបផងដែរថា អគ្គលេខាធិការដ្ឋាន (អ.ជ.អ.គ) កម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្តីពីអនុសញ្ញាអាវុធជីវសាស្រ្ត (National Workshop on the Biological Weapons Convention – BWC) ដោយសហការជាមួយការិយាល័យទទួលបន្ទុកកិច្ចការកាត់បន្ថយសព្វាវុធ នៃអង្គការសហប្រជាជាតិ (UNODA) ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី០៤ – ០៦ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ Hyatt Regency Phnom Penh។
ឯកឧត្តម បណ្ឌិត បានបញ្ជាក់ថា “អាវុធជីវសាស្ត្រ” គឺជាប្រភេទអាវុធមួយដ៏កាចសាហាវ ហើយវាក៏ស្ថិតក្នុងចង្កោមប្រភេទអាវុធមហាប្រល័យផងដែរ (Weapons of Mass Destruction – WMD) ដែលមានសមត្ថភាពអាច បំផ្លាញ សម្លាប់ និងបង្កគ្រោះថ្នាក់ យ៉ាងច្រើន ក្នុងពេលតែមួយ។ អាវុធជីវសាស្រ្ត គឺជាប្រភេទអាវុធ “មេរោគ” ដែលអាចសម្លាប់ មនុស្ស សត្វ រុក្ខជាតិ ជាច្រើន ឬអាចបំផ្លាញធម្មជាតិ បរិស្ថាន សេដ្ឋកិច្ច ក្នុងរយៈពេលខ្លី ឬក្នុងរយៈពេលវែងក៍បាន ។
បើទោះបីជា ប្រទេសកម្ពុជា មិនមែនជាប្រទេសមុខសញ្ញាសម្រាប់អំពើភេវរកម្ម ឬភេវរករធ្វើសកម្មភាព ឬវាយប្រហារក៏ដោយ ក៏កម្ពុជានៅតែត្រូវការសន្តិភាព សន្តិសុខ មិនត្រឹមតែក្នុងប្រទេសខ្លួនឯងនោះទេ ក៏ប៉ុន្តែត្រូវការឲ្យប្រទេសក្នុងតំបន់ និងសកលលោកទាំងមូល រស់នៅប្រកបដោយសុខសន្តិភាព យ៉ាងប្រសើរ ដោយគ្មានការគំរាមគំហែងពីអាវុធមហាប្រល័យ ជាពិសេសអាវុធជីវសាស្ត្រនេះឡើយ ។
ឯកឧត្តម បណ្ឌិត ក៏បានបញ្ជាក់បន្ថែមទៀតថា ក្នុងនាមកម្ពុជាជារដ្ឋភាគីមួយ ក្នុងចំណោម ១៨៥ ប្រទេស នៃអនុសញ្ញាអាវុធជីវសាស្ត្រ តាំងពីឆ្នាំ ១៩៨៣ មកម្លេះ នៅតែត្រូវការ បន្តនូវការអនុវត្តឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ចំពោះបទបញ្ញតិទាំងឡាយដែលបានចែងក្នុងអនុសញ្ញានេះ (BWC) ។ កិច្ចការនេះ មិនមែនស្ថាប័នណាមួយទទួលខុសត្រូវតែឯកឯងនោះទេ ។ ទោះបីអគ្គលេខាធិការដ្ធាន អាជ្ញាធរជាតិអាវុធគីមី ដែលជាស្ថាប័នតែមួយថ្នាក់ជាតិ សម្រាប់តភ្ជាប់រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយអន្តរជាតិពាក់ព័ន្ធ ក៏មិនអាចធ្វើតែម្នាក់ឯងបានជោគជ័យនោះទេ ប្រសិនជាគ្មានការចូលរួមសហការយ៉ាងជិតស្និទ ពីបណ្តាអន្តរក្រសួង ស្ថាប័នជាតិដែលពាក់ព័ន្ធទាំងអស់ ។
ឯកឧត្តម បណ្ឌិត បានថ្លែងអំណរគុណ និងជូនពរដល់អង្គសិក្ខាសាលា ឲ្យទទួលបានលទ្ធផលជោគជ័យ និង ដំណើរការដោយរលូនតាមកម្មវិធីដែលបានគ្រោងទុក ។