ព័ត៌មាន

អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី បានសហការជាមួយមជ្ឈមណ្ឌលឧត្តមភាពកាត់បន្ថយហានិភ័យ ផ្នែកគីមី ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរ របស់សហភាពអ៊ឺរ៉ុប (EU CBRN Risk Mitigation Centres of Excellence Initiative) បានដំណើរការទៅលើគម្រោងលេខ៨១ ស្តីពីការធ្វើឱ្យកាន់តែ ប្រសើរទ្បើងនូវសមត្ថភាពសន្តិសុខជីវសាស្រ្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលនឹងប្រព្រឹត្តទៅមានរយៈពេល ចំនួន ៥ថ្ងៃ

ថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០២៣
(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី បានសហការជាមួយមជ្ឈមណ្ឌលឧត្តមភាពកាត់បន្ថយហានិភ័យ ផ្នែកគីមី ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរ របស់សហភាពអ៊ឺរ៉ុប (EU CBRN Risk Mitigation Centres of Excellence Initiative) បានដំណើរការទៅលើគម្រោងលេខ៨១ ស្តីពីការធ្វើឱ្យកាន់តែ ប្រសើរទ្បើងនូវសមត្ថភាពសន្តិសុខជីវសាស្រ្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលនឹងប្រព្រឹត្តទៅមានរយៈពេល ចំនួន ៥ថ្ងៃ ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៣។
សិក្ខាសាលាថ្ងៃទី២ ដែលត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានធ្វើទ្បើងនៅសណ្ឋាគារ Hyatt Regency Phnom Penh ដោយមានការចូលរួមពីមន្រ្តីជំនាញមកពីស្ថាប័ន អន្តរជាតិ មានចំនួន ៣រូបៈ
– លោក John Jones ប្រធានដឹកនាំគម្រោងលេខ ៨១ ព្រមទាំងជាមន្ត្រីជំនាញទី១ នៃស្ថាប័នដំណោះស្រាយយុត្តិធម៌ព្រហ្មទណ្ឌប្រកបដោយនិរន្តរភាពអឺរ៉ុប (SCJS Eurupe) មកពីប្រទេស ប្រ៊ុចសែល
– បណ្ឌិត Jane Shalcross មន្រ្តីជំនាញទី៣ ស្ថាប័នភ្នាក់ងារសន្តិសុខ សុខភាពចក្រភពអង់គ្លេស (UKHSA)
– បណ្ឌិត Joris Sprokholt មន្រ្តីជំនាញ វិទ្យាស្ថានជាតិ សុខភាពសារធារណៈ និងបរិស្ថាន (RIVM) មកពីប្រទេសហូទ្បង់។
សិក្ខាសាលាខាងលើក៏បានអញ្ជើញមន្រ្តីពាក់ព័ន្ធតំណាងឱ្យស្ថាប័នជាតិអញ្ជើញចូលរួមផងដែរ ស្ថាប័នដែលបានអញ្ជើញចូលរួមមាន៖
-មន្រ្តីអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី
– មន្រ្តីក្រសួងសុខាភិបាល
– មន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
– មន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
– មន្រ្តីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា
– អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។
គោលបំណងនៃការបង្កើតសិក្ខាសាលានេះទ្បើង គឺជាការធ្វើឱ្យកាន់តែប្រសើរទ្បើងនូវសមត្ថភាពសន្តិសុខជីវសាស្រ្ត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺជាបេសកកម្មស្ទង់មតិទៅលើសន្តិសុខជីវសាស្រ្ត ដើម្បីជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធ (Stakeholder) ទៅនឹងការងារ គីមី ជីវសាស្រ្ត វិទ្យុសកម្ម នុយក្លេអ៊ែរ (CBRN) នៅក្នុងប្រទេសកម្ពុជា ជាពិសេសភ្នាក់ងារពាក់ព័ន្ធក្នុងវិស័យសុខភាពសារធារណៈ និងវិស័យសុខភាពសត្វ ដើម្បីឯកភាពលើចំណុចជាអទិភាព និងផែនការសម្រាប់ការអនុវត្តសកម្មភាព របស់គម្រោងលេខ៨១។ លើសពីនេះទៅទៀតមានគោលបំណងចម្បងគឺការធ្វើឱ្យកាន់តែប្រសើរទ្បើងនូវសមត្ថភាពសន្តិសុខជីវសាស្រ្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ជាក់ស្តែងសិក្ខាសាលានាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានផ្តោតទៅលើចំណេះដឹងមួយចំនួនដូចជា៖
– ការវាយតំលៃពីហានិភ័យនៃឧបករណ៍ដែលបានប្រើប្រើក្នុងបន្ទប់ពិសោធន៍
-ការសិក្សាពីចំណុចខ្វះខាតក្នុងបន្ទប់ពិសោធន៍
-ប្រភពមេរោគមួយចំនួនដែលត្រូវយល់ដឹង ប្រភេទមេរោគដែលអាចឆ្លងពីសត្វទៅមនុស្ស
– វិធីសាស្រ្តក្នុងការចូលរួមទប់ស្កាត់នូវជំងឺឆ្លង ជាពិសេសការចូលរួមពីស្ថាប័នពាក់ព័ន្ធ
-ការសិក្សាស្វែងយល់ពីប្រភេទជំងឺ Brucella ដែលធ្លាប់កើតមាននៅប្រទេសអង់គ្លេស ។
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ ។