ព័ត៌មាន

កម្ពុជា​ នឹង​ដោះ​គ្រាប់បែក​គីមី​ដោយ​ខ្លួនឯង បើ​អាមេរិក​ មិន​មក​យក​តាម​ការ​ស្នើ

ភ្នំពេញ/ស្វាយរៀងៈ អង្គការ​ស៊ីម៉ាក់ និង​អាជ្ញាធរ​ជាតិ​ទប់ស្កាត់​អាវុធ​គីមី គ្រោង​នឹង​ចាប់​ផ្តើម​ប្រតិបត្តិការ​ដោះ​គ្រាប់បែក​គីមី​ ២ ​គ្រាប់​នៅ​ខេត្ត​ស្វាយរៀង​នៅ​សប្តាហ៍​ក្រោយ បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​មិន​រំពឹង​ថា សហរដ្ឋ​អាមេរិក​នឹង​មក​យក​គ្រាប់បែក​របស់​ខ្លួន​ដែល​បាន​ទម្លាក់​ក្នុង​សម័យ​សង្គ្រាម​ជាមួយ​នឹង​វៀតណាម​ទៅ​វិញ​នោះ​ទេ​។

មួយ​ថ្ងៃ​ក្រោយ​ពេល​ប្រកាស​ឲ្យ​រដ្ឋាភិបាល​អាមេរិក​យក​គ្រាប់បែក​ដែល​ប្រទេស​មហាអំណាច​មួយ​នេះ​បាន​ទម្លាក់​ក្នុង​ខេត្ត​ស្វាយរៀង​ទៅ​វិញ​នោះ លោក​ ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​កាលពី​ម្សិលមិញ​ថា​លោក​មិន​សង្ឃឹម​ថា​សហរដ្ឋអាមេរិក​នឹង​ធ្វើ​តាម​ការ​ស្នើសុំ​របស់​លោក​នោះ​ឡើយ​។ ហេតុ​នេះ​កម្ពុជា​នឹង​ដោះស្រាយ​បញ្ហា​គ្រាប់បែក​នោះ​ដោយ​ខ្លួនឯង​ដោយ​ប្រើប្រាស់​ថវិកា​ពិសេស​របស់​ជាតិ​តាមរយៈ​អង្គការ​ស៊ីម៉ាក់​ និង​អាជ្ញាធរ​ជាតិ​ទប់ស្កាត់​អាវុធ​គីមី​ដែល​ស្ថិត​ក្រោម​ក្រសួង​ការពារ​ជាតិ​។

លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​​ថា​៖ «​ខ្ញុំ​បាន​និយាយ​ថា​សុំ​ឲ្យ​អាមេរិក​មក​យក ប៉ុន្តែ​ចាំ​ទៅ​។ ដេក​ទាល់​តែ​ថ្ងៃ​ងាប់​ទៀត​ក៏​អាមេរិក​មិន​ទាន់​មក​យក​ទេ​គ្រាប់​ហ្នឹង​។ អ៊ីចឹង​ទេ យើង​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​តាមរយៈ​គណៈកម្មការ​ជាតិ​អាវុធ​គីមី​ [​អាជ្ញាធរ​ជាតិ​ទប់ស្កាត់​] ​របស់​យើង​»​។

គ្រាប់បែក​ទាំង ២ ត្រូវ​បាន​អង្គការ​ស៊ីម៉ាក់​រកឃើញ​កាលពី​ខែ​មករា​ដើម​ឆ្នាំ​ ២០១៧ ​នេះ​នៅ​ក្បែរ​វត្ត និង​នៅ​ក្នុង​បរិវេណ​សាលារៀន​ស្ថិត​ក្នុង​ឃុំ​គគីរ​ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង​។ ក្នុង​ការ​ជីក​យក​គ្រាប់​ទាំង​ ២ ​ដែល​ជា​ប្រភេទ CS គឺ​តម្រូវ​ឲ្យ​ជម្លៀស​ពលរដ្ឋ​មូលដ្ឋាន​ហើយ​សិស្សានុសិស្ស​ត្រូវ​ផ្អាក​ការ​សិក្សា​ផង​ដែរ​។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​បាន​ចង្អុល​បង្ហាញ​ឲ្យ​ប្រើ​ថវិកា​ពិសេស​របស់​រដ្ឋាភិបាល…​អាវុធ​គីមី​តែ​ម្តង​ដែល​ជា​អាវុធ​ប្រល័យ​លោក​ដ៏​គ្រោះថ្នាក់ ហើយ​អាវុធ​គីមី​នេះ​ហើយ​ដែល​ត្រូវ​អាមេរិក​ចោទ​សាដាម ហ៊ូសេន ហើយ​នាំ​កងទ័ព​ទៅ​ផ្តួលរំលំ​សាដាមហ៊ូសេន​ដោយ​ចោទ​ថា​មាន​អាវុធ​ប្រល័យ​លោក​»​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​បន្ត​ថា​៖ «​ត្រូវ​ធ្វើ បើ​ទោះបី​យ៉ាង​ម៉េច​ក៏ដោយ វា​ជា​បញ្ហា​របស់​យើង​។ អ្នក​ជំនាញ​អាវុធ​គីមី​ផ្តល់​យោបល់​ថា បើ​ចង់​ធ្វើ​ត្រូវ​ធ្វើ​មុន​ក្មេង​ចូល​កង ព្រោះ​​ទីតាំង​ហ្នឹង​ក្បែរ​សាលារៀន​… តែ​បើ​ទោះ​ក្មេង​ចូល​កង​ក៏​ត្រូវ​ជម្លៀស​ចេញ​ដែរ​។ នេះ​ជា​លទ្ធផល​សង្គ្រាម​ពី​អតីតកាល​ដែល​បន្សល់​ទុក​ឲ្យ​យើង​ត្រូវ​ដោះស្រាយ​»​។

លោក​ ហេង រតនា អគ្គនាយក​អង្គការ​ស៊ីម៉ាក់​បាន​មាន​ប្រសាសន៍​ថា​អង្គការ​ស៊ីម៉ាក់ និង​អាជ្ញាធរ​ជាតិ​ទប់ស្កាត់​អាវុធ​គីមី​នឹង​រួម​សហការ​គ្នា ដើម្បី​ដោះ​គ្រាប់បែក​នោះ​ដោយសារ​តែ​គ្រាប់​នោះ​មាន​ផ្ទុក​សារធាតុ​គីមី​ដ៏គ្រោះថ្នាក់​។

លោក​បន្ត​ថា​នៅ​ថ្ងៃ​សុក្រ​នេះ ​ក្រុម​ការងារ​នឹង​ចុះ​ធ្វើការ​វាយតម្លៃ​សភាពការណ៍​ប្រតិបត្តិការ ហើយ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ ប្រតិបត្តិការ​ក្នុង​ការ​ដោះ​គ្រាប់បែក​នោះ​នឹង​ចាប់ផ្តើម​។

លោក​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​សកម្មភាព​ដោះ​គ្រាប់បែក​នោះ​មិន​ត្រូវ​បាន​ធ្វើ​ក្រោយ​ពេល​រកឃើញ​នោះ​ទេ​គឺ​ដោយសារ​តែ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្ស​។

លោក​ រតនា ​បញ្ជាក់​ថា​៖ «​បើ​ធ្វើ​ទៅ​ត្រូវការ​ពេលវេលា ១០-២០ ថ្ងៃ ឲ្យ​សិស្ស​ទៅ​រៀន​ឯណា​? បញ្ហា​បច្ចេកទេស​គឺ​យើង​អាច​ធ្វើ​រួច តែ​បញ្ហា​ពេលវេលា​នោះ​គឺ​សិស្ស​កំពុង​តែ​រៀន​។ យើង​មិន​អាច​សន្និដ្ឋាន​សភាពការណ៍​ថា​ប្រើ​រយៈពេល​ប៉ុន្មាន​ច្បាស់លាស់​ទេ​»​។

លោក​ កេ ដា អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ទប់ស្កាត់​អាវុធ​គីមី​នៃ​ក្រសួង​ការពារ​ជាតិ​បាន​មាន​ប្រសាសន៍​ថា​ក្រុម​ការងារ​បាន​ត្រៀម​លក្ខណៈ​រួចរាល់​អស់​ហើយ​។ ទោះ​យ៉ាង​ណា​លោក​ថា​មិន​អាច​ដឹង​បាន​ពី​ការងារ​ដោះ​គ្រាប់​នោះ​នឹង​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​នោះ​ទេ​។

លោក កេ ដា ថ្លែង​ថា​៖ «​រឿង​ហ្នឹង​មិនមែន​ធ្វើ​មួយ​ថ្ងៃ​បាន​ទេ​។ គឺ​យើង​ជីក​ហើយ​មិនមែន​ប្រើ​អេស្កាវ៉ាទ័រ​បាន​ទេ​។ ខ្ញុំ​មិន​អាច​សន្និដ្ឋាន​បាន​ទេ​។ វា​ផ្អែក​ទៅ​លើ​ទីតាំង​ភូមិសាស្ត្រ​»​។ លោក​បន្ថែម​ថា​រឿង​នេះ​វា​ពាក់ព័ន្ធ​នឹង​បញ្ហា​អាវុធ​គីមី ដែល​ជា​ការ​សម្ងាត់​ហេតុនេះ​លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​លម្អិត​បាន​នោះ​ទេ​។

យោង​តាម​ហ្វេសប៊ុក​របស់​លោក​ ហេង រតនា អគ្គនាយក​អង្គការ​ស៊ីម៉ាក់​បាន​ឲ្យ​ដឹង​ថា​អនុសញ្ញា​អន្តរជាតិ​មាន ២៤ ​មាត្រា និង​មាន​ឧបសម្ព័ន្ធ​ចំនួន​ ៣ បាន​បង្កើត​អង្គការ​មួយ​ជា​សេនាធិការ​ក្នុង​ការ​តាមដាន​ និង​អនុវត្ត​អនុសញ្ញា​នេះ ដែល​មាន​ឈ្មោះ​ថា​អង្គការ​សម្រាប់​ហាមឃាត់​ការ​ប្រើប្រាស់​អាវុធ​គីមី (OPCW) មាន​ស្នាក់ការ​នៅ​ប្រទេស​ហូឡង់​។

អនុសញ្ញា​នេះ​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​ ២៩ មេសា ឆ្នាំ​ ១៩៩៧ ដែល​មាន​រដ្ឋ​ភាគី​ចំនួន ១៩២ ស្មើ​នឹង ៩៨% ​នៃ​រដ្ឋ​ទាំងអស់​លើ​សកលលោក​ និង​មាន​រដ្ឋ​ចំនួន ១៦៥ បាន​ក្លាយ​ជា​រដ្ឋ​ហត្ថលេខី​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា និង​អាមេរិក​ដែល​ជា​រដ្ឋភាគី និង​រដ្ឋហត្ថលេខី​ផង​ដែរ​។ ទាំង​អាមេរិក និង​កម្ពុជា​សុទ្ធតែ​ជា​សមាជិក​នៃ​រដ្ឋ​អនុសញ្ញា​មាន​ភារកិច្ច​ជួយ​គ្នា​ជាពិសេស​គ្រាប់បែក​គីមី​ប្រភេទ CS នេះ​។

អាជ្ញាធរ​ជាតិ​ទប់ស្កាត់​អាវុធ​គីមី និង​ស៊ីម៉ាក់​បាន​សហការ​ជាមួយ​សេនាធិការ​អនុសញ្ញា​គឺ OPCW ​បាន​ចុះ​វាយតម្លៃ និង​កំណត់​ច្បាស់​ថា CS នេះ​ជា​ប្រភេទ​អាវុធ​គីមី​ស្រប​តាម​និយមន័យ​មាន​ចែង​ក្នុង​អនុសញ្ញា​៕